លោកចៅក្រម និល ណុន៖ «អង្គជំនុំជម្រះប្រកាសផ្អាកសវនាការថ្ងៃនេះ ត្រឹមនេះ ហើយសវនាការលើកទៅធ្វើនៅថ្ងៃពុធ ទី ២៣ ខែឧសភា ឆ្នាំ ២០១២ ដូចបានជម្រាបរួចហើយ»។
ក្រឡាបញ្ជីតុលាការ លោក ឌុច ផារី បានអានរបាយការណ៍របស់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ថា ជនជាប់ចោទ អៀង សារី មានបញ្ហារលាកសួត ចាប់តាំងពីថ្ងៃទី ១៧ មក។
លោក ឌុច ផារី៖ «លោក អៀង សារី ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត ក្រោមរោគសញ្ញាក្អកជាប់ ពិបាកដកដង្ហើម និងវិលមុខ។ រយៈពេលនៃការព្យាបាល និងតាមដាន បញ្ជាក់ថា លោក អៀង សារី មានរោគវិនិច្ឆ័យរលាកទងសួតស្រួចស្រាវ បន្ថែមលើរោគ ដែលលោកមានស្រាប់ពីពេលមុន ជំងឺបេះដូង និងសរសៃឈាម»។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានជម្រាបមកសាលាក្ដីខ្មែរក្រហមថា ជនជាប់ចោទ អៀង សារី ត្រូវសម្រាកព្យាបាលរហូតដល់ព្រឹកថ្ងៃអង្គារ ទី ២២ ទើបចេញបាន។ មេធាវីការពារក្ដីឱ្យជនជាប់ចោទ គឺលោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) ថ្លែងថា អវត្តមានរបស់កូនក្ដីរបស់លោក មិនអាចធ្វើឱ្យលោកមានអ្នកប្រឹក្សាសម្រាប់រឿងក្ដីនេះទេ។
លោក ម៉ៃឃើល ខាណាវ៉ាស៖ «ជំហររបស់មេធាវីគឺថា កិច្ចដំណើរការនីតិវិធីមិនគួរបន្តទៅមុខឡើយ រហូតដល់គាត់ជាសះស្បើយពីជំងឺ ឬមួយនៅពេលដែលគាត់បានលះបង់សិទ្ធិចូលរួម។ នេះជាគោលជំហរ ជាបទដ្ឋានអន្តរជាតិ»។
ប្រធានអង្គជំនុំជម្រះ លោកចៅក្រម និល ណុន ប្រកាសសម្អាងហេតុថា ដោយយោងតាមរបាយការណ៍ពេទ្យ និងការស្នើសុំពីមេធាវីជនជាប់ចោទ គឺលោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) ដែលសុំឱ្យផ្អាកសវនាការ ដោយគ្មានការជំទាស់ពីភាគីផ្សេង ហើយស្របតាមច្បាប់អន្តរជាតិ ដែលតម្រូវឱ្យការជំនុំជម្រះត្រូវតែមានជនជាប់ចោទនៅចំពោះមុខ លោកសម្រេចផ្អាកសវនាការនេះ។ លោកចៅក្រម និល ណុន ប្រកាសថា សវនាការនេះ នឹងលើកធ្វើនៅថ្ងៃពុធ ទី ២៣ ឧសភាជាបន្តទៀត។
សវនាការកន្លងមក ដែលធ្វើតែត្រឹមថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ អង្គជំនុំជម្រះនឹងបន្តធ្វើរហូតដល់ថ្ងៃសុក្រ ទី ២៥ ឧសភា ក្រោមហេតុផលថា ដើម្បីពន្លឿននីតិវិធីនៃរឿងក្ដីនេះ។ សវនាការ ដែលនឹងធ្វើបន្ត នៅថ្ងៃពុធ ទី ២៣ ឧសភា គឺជាសវនាការស្ដាប់សាក្សីមួយរូប មានរហស្សនាម ឬឈ្មោះសម្ងាត់ថា TCW 487 ដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ថ្លែងថា សាក្សីរូបនេះ មានការពាក់ព័ន្ធខ្លាំងនឹងជនជាប់ចោទ អៀង សារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
