សាក្សី​មិន​និយាយ​ពី​ការ​ពាក់ព័ន្ធ​របស់​បរទេស​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

នៅ​ថ្ងៃ​ទី ៥ កញ្ញា នេះ អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម បន្ត​ស្ដាប់​សាក្សី នង សុផង់ អតីត​ប្រធាន​ក្រុម​អ្នក​បកប្រែ​សារ​ទូរលេខ នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

សវនាការ​នៅ​ថ្ងៃ​នេះ សាក្សី នង សុផង់ ថ្លែង​បញ្ជាក់​ជូន​ចៅក្រម​អង្គ​ជម្រះ​ថា លោក​មិន​ធ្លាប់​បាន​ទទួល​សារទូរលេខ​ឆ្លើយឆ្លង​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​អន្តរជាតិ មក​បក​ប្រែ​ទេ។ លោក​បន្ត​ថា សាលាក្ដី​ខ្មែរ​ក្រហម​នេះ មិន​មាន​អំណាច​ជំនុំជម្រះ​ចាប់​កំហុស​ជន​បរទេស ឬ​ប្រទេស​ដទៃ​ទេ ដូច្នេះ លោក​មិន​និយាយ​ទេ បើ​ទោះ​ជា​លោក​ដឹង​ក៏​ដោយ។

សាក្សី នង សុផង់៖ «អ៊ីចឹង​ហើយ ការ​ដែល​ខ្ញុំ​លើក គឺ​វា​អត់​មាន​ន័យ​ខ្លឹមសារ​អី​ទេ។ ទោះ​បី​ខ្ញុំ​ដឹង​ក៏​ដោយ ក៏​ខ្ញុំ​មិន​និយាយ កុំ​ឱ្យ​ខុស​វិធាន​របស់​តុលាការ។ សុំ​អធ្យាស្រ័យ។ តែ​ប្រសិន​បើ​អង្គការ​នេះ មាន​សមត្ថភាព​កាត់​ទោស​ពួក​បរទេស ដែល​មាន​លូក​ដៃ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា ខ្ញុំ​នឹង​រីករាយ​មក​ធ្វើ​សក្ខីកម្ម​ទៀត ហើយ​ក៏​សុំ​អស់​លោក​ប្រមូល​ឯកសារ​ឱ្យ​បាន​ច្បាស់លាស់»

ការ​ថ្លែង​បញ្ជាក់​របស់​សាក្សី នង សុផង់ បែប​នេះ គឺ​បន្ទាប់​ពី​សហ​ចៅក្រម​អន្តរជាតិ សួរ​លោក​ថា តើ​មាន​ទូរលេខ​ពី​ភ្នំពេញ ចេញ​ទៅ​បរទេស និង​ពី​បរទេស​មក​ភ្នំពេញ វិញ​ដែរ​ឬ​ទេ? សាក្សី​បញ្ហា​នេះ គឺ​ទាក់ទង​នឹង​ក្រសួង​ការ​បរទេស។

ការ​ស្ដាប់​សាក្សី នង សុផង់ នឹង​អាច​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បន្ទាប់​ពី​ការ​សាក​សួរ​របស់​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ អៀង សារី។ បន្ទាប់​ពី​សាក្សី នង សុផង់ អង្គ​ជំនុំជម្រះ​គ្រោង​ស្ដាប់​សាក្សី​ថ្មី មិន​ទាន់​បញ្ចេញ​ឈ្មោះ​មួយ​រូប​ទៀត ដែល​មាន​រហស្សនាម ឬ​ឈ្មោះ​សម្ងាត់​ថា TCW 307៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។