សាក្សី នី កន គឺជាអតីត កម្មាភិបាលឃោសនា អប់រំគោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានពិធីការនៅក្រសួងការបរទេស ដែលធ្លាប់នាំភ្ញៀវអន្តរជាតិនានា មកធ្វើទស្សនកិច្ចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងការផ្ដល់សក្ខីកម្មរយៈពេល ៣ថ្ងៃកន្លងមក សាក្សី នី កន តែងតែរក្សាចម្លើយរបស់គាត់ថា មិនបានដឹងអំពីកិច្ចការរបស់អ្នកដឹកនាំពេលនោះទេ ព្រោះគាត់ជាអ្នកនៅថ្នាក់ក្រោម និងម្យ៉ាងទៀត កិច្ចការទាំងនោះជាការលាក់ការណ៍សម្ងាត់។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា បានសួរដេញដោលសាក្សី អំពីការងារ និងតួនាទីរបស់លោក ហោ ណាំហុង នៅមន្ទីរ ប ៣២ ក៏ប៉ុន្តែ សាក្សីបានឆ្លើយថា មិនដឹង។ ចំណែកឯលោក គាត ឈន់ មានឈ្មោះបដិវត្តហៅថា មុត វិញ សាក្សីថ្លែងថា លោកធ្លាប់ជាអ្នកប្រែភាសា និងទទួលភ្ញៀវអន្តរជាតិ នៅក្រសួងការបរទេស ព្រោះលោកចេះភាសាបរទេស។
ក្រោយសាក្សី នី កន អង្គជំនុំជម្រះបានចាប់ផ្ដើមស្ដាប់សាក្សីមួយរូបទៀត ឈ្មោះ ស គឹម ល្មុត ដែលមានឈ្មោះបដិវត្តហៅថា មី។ ការស្ដាប់សាក្សីរូបនេះ នឹងបន្តទៅថ្ងៃទី៣១ ឧសភាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។