សាក្សី​សាលាក្ដី​ខ្មែរ​ក្រហម អង្វរករ​កុំ​ឲ្យ​រក​រឿង គាត ឈន់ និង​ហោ ណាំហុង

អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី សួង ស៊ីគឿន នៅ​ថ្ងៃ​ពុធ ទី​១៥ សីហា នេះ។ សាក្សី សួង ស៊ីគឿន បាន​អង្វរករ​កុំ​ឱ្យ​រក​រឿង​លោក គាត ឈន់ និង​លោក ហោ ណាំហុង ត​ទៅ​ទៀត។

ការ​អង្វរ​ករ​របស់​សាក្សី សួង ស៊ីគឿន គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​សក្ខីកម្ម​របស់​គាត់ ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ អៀង សារី គឺ​លោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) ដែល​បាន​ឈ្លេច​សួរ​អំពី​គោល​បំណង​ណាត់​ជួប​របស់​គាត់​ជាមួយ​សាក្សី រចឹម ទន់ មុន​ពេល​ឡើង​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ។

សាក្សី សួង ស៊ីគឿន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា គាត់​មិន​បាន​ជួប​លោក ហោ ណាំហុង ទេ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ហើយ​ក៏​មិន​បាន​ដឹង​អំពី​តួនាទី​របស់​លោក​នៅ​ជំរំ​បឹង​ត្របែក​ដែរ។

លោក​បន្ត​ថា លោក គាត ឈន់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សព្វថ្ងៃ មិន​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ទេ។

សវនាការ​នឹង​នៅ​ថ្ងៃ​ទី​១៦ សីហា ទៀត ដោយ​ស្ដាប់​សាក្សី​មួយ​រូប​ឈ្មោះ ស សៀក ហៅ ស៊ីម ដែល​ជា​អតីត​អ្នក​សិល្បៈ​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។