ទំនាស់​ដី​នៅ​ស្រុក​ឈូក ខេត្ត​កំពត មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ

ទំនាស់​ដីធ្លី​នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត រវាង​អតីត​ទាហាន​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន ជាមួយ​ស្ត្រី​ឈ្មោះ ហៀវ លន់ ដែល​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា និង​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​មនុស្ស ១៩​នាក់​ពី​សំណាក់​តុលាការ​ខេត្ត​កំពត នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

0:00 / 0:00

បុរស ៥​នាក់​ដែល​ជា​អតីត​ខ្មែរ​ក្រហម​ផ្តាច់​ខ្លួន​នៅ​តំបន់​ភ្នំ​វល្លិ នៃ​ឃុំ​កូន​សត្វ ស្រុក​ឈូក ខេត្ត​កំពត និង​ជា​តំណាង​ក្រុម​គ្រួសារ​អតីត​ខ្មែរ​ក្រហម​នៅ​តំបន់​នោះ​ចំនួន ២៦​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កក្កដា​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ក្រោយ​ពី​ដី​ដែល​មាន​ទំហំ ៥៨​ហិកតា កំពុង​មាន​ជម្លោះ​ចម្រូង​ចម្រាស់​ជាមួយ​អ្នកស្រី ហៀវ លន់ អស់​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ ហើយ​ផល​ដំណាំ​ទាំង​ឡាយ​របស់​អ្នក​ភូមិ កំពុង​តែ​ត្រូវ​បាន​គេ​កម្ទេច​ចោល។

តំណាង​ប្រជាពលរដ្ឋ​ដែល​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ស្វះ​ស្វែង​រក​ជំនួយ​ពី​អ្នក​កាន់​អំណាច បាន​រៀប​រាប់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ដីធ្លី​នោះ​ជា​របស់​ពួកគេ​ដែល​បាន​កាន់​កាប់​ស្រប​ច្បាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក ក្រោយ​ពី​សមាហរណកម្ម។

លោក ឃុត ឃាន មាន​ប្រសាសន៍​បណ្តើរ លើក​រូប​ថត​ដីធ្លី និង​ដំណាំ​ដែល​ត្រូវ​បាន​ឈូស​បំផ្លាញ​បណ្ដើរ បាន​សម្ដែង​ដូច្នេះ ៖ «នេះ​ទំនាស់​កើត​ឡើង​តាំង​ពី​ការ​បាញ់​បោះ ឆ្នាំ​២០០៥ រហូត​មក​ដល់​ឆ្នាំ​នេះ។ នៅ​ក្នុង​ចិត្ត វា​ដូច​ជា​ណែន​ទ្រូង​ពេក យើង​កំពុង​ធ្វើ ដូច​រូប​ភាព​ជាក់​ស្ដែង​អ៊ីចឹង គេ​ចូល​ទៅ​កម្ទេច​អស់​អ៊ីចឹង​ទៅ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ក្រោយ​ពី​សមាហរណកម្ម អាជ្ញាធរ​មូលដ្ឋាន​បាន​ចែក​ដី​នោះ​ឲ្យ​អតីត​ក្រុម​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ក្នុង​ការ​ធ្វើ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត ប៉ុន្តែ​នៅ​ឆ្នាំ​២០០៥ ស្រាប់​តែ​មាន​ទាហាន​មួយ​ក្រុម​បាន​មក​រារាំង​មិន​ឲ្យ​ប្រជាជន​ធ្វើ​ចម្ការ។ ក្រោយ​មក​ជម្លោះ​នោះ​បាន​ស្ងប់​ទៅ​វិញ ហើយ​ក៏​បាន​លេច​មុខ​អ្នកស្រី ហៀវ លន់ ចេញ​មក​អះអាង​ថា ជា​ដី​របស់​អ្នកស្រី​ទៅ​វិញ។

ការ​ប៉ះ​ទង្គិច​ជា​ថ្មី​បាន​កើត​ឡើង ហើយ​ការ​ប្ដឹង​ផ្ដល់​គ្នា​បាន​ចាប់​ផ្ដើម​ឡើង​ដែរ។ អ្នក​ភូមិ​ចំនួន ១៩​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កំពត កោះ​ហៅ​បំភ្លឺ តែ​មក​ដល់​ពេល​នេះ​គ្មាន​នរណា​ម្នាក់​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នោះ​ឡើយ។ អ្នក​ស្រុក​បដិសេធ​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ ដោយ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន។

អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ​ដដែល​នេះ ប៉ុន្តែ​មេធាវី​របស់​អ្នកស្រី ហៀវ លន់ បាន​អះអាង​ថា អ្នកស្រី ហៀវ លន់ បាន​ទិញ​ដី​នោះ​ពី​ទាហាន​ស្រប​ច្បាប់។ លោក​មេធាវី ឈីវ ថេង បាន​ចោទ​ថា អ្នកស្រុក​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឡើយ ហើយ​អ្នក​ស្រុក​មាន​ដីធ្លី​នៅ​ក្នុង​ឃុំ​កូន​សត្វ ប៉ុន្តែ​មក​ដណ្ដើម​យក​ដី​នៅ​ក្នុង​ឃុំ​ត្រពាំងព្រីង​ទៅ​វិញ ដែល​ជា​ដី​កូន​ក្តី​របស់​លោក​បាន​ទិញ និង​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

លោក​មេធាវី ឈីវ ថេង បញ្ជាក់​បន្ត​ទៀត​ដូច្នេះ ៖ «​ទៅ​ប្លន់​គេ​កើត​អី? ពួក​ហ្នឹង​កាប់​ងាប់។ អ៊ីចឹង​យើង​ធ្វើ​តាម​ផ្លូវ​ច្បាប់។ គាត់​បង្ហាញ​ប័ណ្ណ​គាត់​មក​អ៊ីចឹង​ទៅ គាត់​នៅ​ក្នុង​ឃុំ​កូន​សត្វ ហើយ​អា​ដី​ទំនាស់​នៅ​ក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាង​ជើង»

ក្នុង​គ្រា​ដែល​មាន​ជម្លោះ​ចម្រូងចម្រាស​នេះ តុលាការ​ខេត្ត​កំពត ចេញ​ដីកា​ការពារ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ផ្ដល់​ភាគី​អ្នកស្រី ហៀវ លន់ កាន់​កាប់​ដី​នោះ​ជា​បណ្ដោះអាសន្ន​ទម្រាំ​មាន​ការ​ដោះស្រាយ។ ប៉ុន្តែ​មន្ត្រី​អ្នក​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោកស្រី ង៉ែត សូរ្យសែង វិញ​បាន​បញ្ជាក់​ថា ដីកា​ការពារ​នោះ​មិន​យុត្តិធម៌​ទេ​សម្រាប់​ប្រជាពលរដ្ឋ។

លោកស្រី ង៉ែត សូរ្យសែង មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​គាត់​មាន​ភាព​ស្រប​ច្បាប់​ច្រើន ហើយ​ដោយ​ឡែក​ទៀត​គឺ​ថា គាត់​ជា​អ្នក​អាស្រ័យ​ផល​ផ្ទាល់​នៅ​លើ​ដី​ហ្នឹង»

ក្រោយ​ពេល​តុលាការ​ខេត្ត​កំពត បាន​ចេញ​ដីកា​ការពារ​ឲ្យ​ដី​នេះ​ទៅ​អ្នកស្រី ហៀវ លន់ គ្រប់គ្រង​បណ្ដោះ​អាសន្ន ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​វិញ បាន​ចេញ​ស.ជ.ណ កាល​ពី​ចុង​ខែ​មិថុនា បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្អាក​សកម្មភាព​របស់​អ្នកស្រី ហៀវ លន់ វិញ ទម្រាំ​មាន​ការ​ដោះស្រាយ​ទៅ​វិញ៕