អ្នក​ភូមិ​មួយចំនួន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្នុង​ជម្លោះ​ដី​នៅ​ឧត្តរមានជ័យ

ប្រភព​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​១២ តុលា ថា ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្ត​ឧត្តរមានជ័យ​កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទី​កន្លែង​ជម្រក​បណ្តោះ​អាសន្ន​ឲ្យ​ទៅ​រស់​នៅ​ទី​កន្លែង​ផ្សេងៗ​ទៀត​នា​ពេល​នេះ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ភាគ​ច្រើន​ជា​បុរស​កំពុង​ប្រឈម​មុខ​ក្នុង​ការ​តាម​ចាប់​ខ្លួន​ក្រោម​បទ​ញុះញង់​នៃ​ការ​តវ៉ា​ជម្លោះ​ដី​ធ្លី​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ជុំវិញ​ស្ថានការណ៍​ថ្មី​នៃ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​រយ​គ្រួសារ​ឲ្យ​ដឹង​ថា ស្ថានការណ៍​នៅតែ​តានតឹង​នៅ​ទ្បើយ​ទេ។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «អំពើ​នៃ​ការ​រុះ​រើ​ឬ​ក៏​ដុត​បំផ្លិច​បំផ្លាញ​ផ្ទះ​ហ្នឹង​គឺ​ចប់ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​គេ​នៅ​ស្វែងរក​តំណាង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ដែល​តវ៉ា»

ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ដែល​រង​ការ​ចាប់​ខ្លួន​ភ្លាមៗ​នោះ មាន​ឈ្មោះ ទ្បុង សារិទ្ធ, ឈ្មោះ ចាន់ សារី ហៅ សួស្តី, ឈ្មោះ ម៉ា ប៊ុនឈឿន និង​ឈ្មោះ ម៉ៅ ខ្លឹម ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង​រួច​ម្តង​ទៅ​ហើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​តែ​រត់​គេច​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​សុំ​កិច្ច​អន្តរាគម​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​គាត់ បាន​ថែ្លង​ថា ៖ «ខ្ញុំ​មក​ដល់​ក្រុង​ភ្នំពេញ​ហ្នឹង គឺ​យើង​ខ្ញុំ​រង​គ្រោះ​ដោយសារ​ពួក​ក្រុមហ៊ុន​ហ្នឹង ឬ​ក្រុម​សមត្ថកិច្ច​របស់​ខេត្ត​ហ្នឹង គេ​តាម​ចាប់​ខ្ញុំ​យក​មក​ដាក់​ពន្ធនាគារ ចោទ​ថា ពួក​យើង​ខ្ញុំ​ហ្នឹង​ជា​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ»

សុខ សេរី ៖ លោក​បាន​រស់​នៅ​លើ​ដី​ហ្នឹង​តាំង​ពី​ឆ្នាំ​ណា​មក? តំណាង​ពលរដ្ឋ ៖កាល​ពី​អតីត​មក​គឺ​ខ្ញុំ​ទៅ​រស់​នៅ​ក្នុង​ភូមិ​ហ្នឹង​នៅ​ឆ្នាំ​១៩៩៨។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​តែ​រត់​គេច​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ដែរ បាន​ថ្លែង​ថា ៖ «វា​ដុត​ផ្ទះ​ចោល​អស់​១២៩​ខ្នង​ឥឡូវ​នេះ។ ប្រជាពលរដ្ឋ​ហ្នឹង​អត់​មាន​បាយ មាន​ទឹក​អី​ហូប​ទេ យំ​រហេម​រហាម។ ខ្លះ​នៅ​តាម​ថ្នល់ អា​ខ្លះ​នៅ​តាម​សាលា​ឆទាន»

នៅ​មិន​ទាន់​មាន​ការ​បំភ្លឺ​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ចំនួន​៤​ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ប៉ុន្តែ​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ថា ក្រុមហ៊ុន​ទាំង​៤​នោះ​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ជាង​១​ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពីឆ្នាំ​២០០៥ ដើម្បី​ដាំ​ដើម​អំពៅ​នៅ​ទី​នោះ។

ទាក់ទង​នឹង​រឿង​ចម្រូង​ចម្រាស​ខាង​លើ​នេះ លោក ពិជ សុឃិន ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ដោយ​សម្រួល​ស្ថានការណ៍​នោះ​ថា ស្រួលបួល​វិញ​ហើយ។

លោក ពិជ សុឃិន បាន​មាន​ប្រសាសន៍​ថា ៖ «អត់​អី​ទេ ស្រួលបួល អត់​មាន​អី​ទេ! ជាង​១​ពាន់​គ្រួសារ ហ្នឹង​ហើយ​ដោះ​មួយ​ឆ្នាំ​មក​ហើយ ដោះ​អស់​ហើយ នៅ​សល់​តែ​២០០​ទេ»

សូម​ជម្រាប​ថា ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​គ្រួសារ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន​២១៤​គ្រួសារ​ត្រូវ​បាន​ឈូស​និង​ដុត​បំផ្លាញ​ចោល កាល​ពី​ថៃ្ង​សុក្រ ទី​៩ ខែ​តុលា​ថ្មីៗ​នេះ នៅ​ក្នុង​ឃុំ​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​៤​ដាំ​ដើម​អំពៅ​នៅ​លើ​ផៃ្ទ​ដី​ជាង​១​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ផងដែរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់គ​ណបក្ស​ប្រជាជន​កម្ពុជា នេះ​បើ​តាម​ការ​អះអាង​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល៕