ពលរដ្ឋ​នៅ​កោះកុង​គ្រោង​ហែ​ក្បួន​សម្ដែង​ទុក្ខ​ព្រួយ​ពី​បញ្ហា​ដីធ្លី​នៅ​ថ្ងៃ​១០​ធ្នូ

ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៥០​គ្រួសារ​នៅ​ក្នុង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មាន​គម្រោងការ​ដង្ហែ​ក្បួន​មួយ​នៅ​ថៃ្ង​ព្រហស្បតិ៍ ១០ ធ្នូ ខាង​មុខ​នេះ ដែល​ជា​ថៃ្ង​ទិវា​សិទ្ធិ​មនុស្ស​សកល ដើម្បី​សម្ដែង​ឲ្យ​ដឹង​អំពី​ការ​ទុក្ខ​សោក​របស់​ប្រជាពលរដ្ឋ​៤៣​គ្រួសារ បាន​រង​ការ​រឹប​អូស​យក​ដីធ្លី​កសិកម្ម​២០០​ហិកតា​ដោយ​ក្រុមហ៊ុន​ឯកជន​២ គឺ​ក្រុមហ៊ុន​ហេងហ៊ុយ និង​ក្រុមហ៊ុន​ឈ្មោះ​សុខហុង។

លោកស្រី ថាវ ញឿង តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ពុធ ទី​២ ខែ​ធ្នូ​នេះ​ថា ប្រជាពលរដ្ឋ​ប្រើ​បា្រស់​សិទ្ធិ​របស់​ខ្លួន​នៅ​ថៃ្ង​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ខាង​មុខ​នេះ ក្នុង​ការ​ទាមទារ​ដីធ្លី​មក​វិញ។

កាល​ពី​ខែ​តុលា​កន្លង​ទៅ តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​បង្គាប់​ឲ្យ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​កោះកុង អនុវត្ត​សាល​ដីកា​រឹប​អូស​យក​ដីធ្លី​២០០​ហិកតា​នោះ ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ហេងហ៊ុយ និង​ក្រុមហ៊ុន​សុខហុង​នោះ៕