លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការមិនប្រញាប់ប្រញាល់ដោះស្រាយភ្លាមៗ ជូនប្រជាពលរដ្ឋអ្នកតវ៉ានោះ គឺជាសញ្ញាគួរឲ្យព្រួយបារម្ភ ៖ «អ្នកដែលមានតួនាទី និងកាតព្វកិច្ចក្នុងការមើលខុសត្រូវរបស់ប្រជាពលរដ្ឋហ្នឹង គឺរដ្ឋាភិបាល ហើយបើសិនជាក្នុងករណីដែលរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ អត់យកចិត្តទុកដាក់ ក្នុងការរងទុក្ខ និងរងគ្រោះនូវអំពើអយុត្តិធម៌របស់ប្រជាពលរដ្ឋ ខ្ញុំថារដ្ឋាភិបាលបច្ចុប្បន្នគឺកំពុងតែចូលរួម ក្នុងការរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយចូលរួមក្នុងការបង្កើនឲ្យមានទឹកភ្នែកចំពោះប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ហើយចំពោះអង្គការសង្គមស៊ីវិល គឺយើងជួយតាមលទ្ធភាព ប៉ុន្តែ ការជួយនេះ គឺជាការជួយមួយផ្នែកដោយសារការអត់យកចិត្តទុកដាក់របស់រដ្ឋាភិបាលយើង ដែលមានកាតព្វកិច្ច តួនាទីក្នុងការជួយនេះ ។ ហើយពេលនេះ យើងបានដឹងថា អ្នកដែលដើរមកនេះ គឺជាអ្នករងគ្រោះជាច្រើន រួមទាំងមានជំងឺ ហើយមានក្មេងៗមួយចំនួន កំពុងតែឈឺ ។ ហើយការតស៊ូនេះ គឺដោយសារគាត់ប្រឈមនឹងភាពអយុត្តិធម៌ខ្លាំងពេក ក្នុងប្រទេសកម្ពុជាយើង ។ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ព្រោះអីខ្ញុំឃើញថា ស្ថានភាពបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងមានកំហឹង ហើយជាប្រវត្តិសាស្រ្តអ៊ីចឹងមក ការដែលមានកំហឹងនេះ ធ្វើឲ្យមានសង្រ្គាម នាំឲ្យមានអស្ថិរភាពដល់សង្គម» ។
ចំណែកឯ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានមើលឃើញថា ការដើរដោយជើងនៃពលរដ្ឋទាំងនោះ គឺជាជម្រើសចុងក្រោយនោះ ក៏បានអំពាវនាវឲ្យមានការដោះស្រាយភ្លាមៗផងដែរ ៖ «គ្នាត្រូវការឲ្យរដ្ឋាភិបាលការពារសិទ្ធិដែលមានផ្ទះជម្រក សិទ្ធិកាន់កាប់ដីបាន ។ យើងអត់មានអំណាចអីទៅសម្រេចជំនួសរដ្ឋាភិបាលបានទេ យើងមានតែការជួយគាំទ្របងប្អូន ឲ្យសំឡេងលោកឮទៅដល់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលរកមធ្យោបាយដោះស្រាយជូន ព្រោះនេះគឺជាជម្រើសចុងក្រោយបំផុតរបស់គ្នា ។ គ្នាប្រុងថាដើរពីបាត់ដំបងមកដល់ពោធិ៍សាត់ ឥឡូវថាដើរពីពោធិ៍សាត់មកដល់ភ្នំពេញតែម្ដង ។ សូមឲ្យលោកមេត្តាជួយអាណិតអាសូរ ដោះស្រាយបញ្ហាបងប្អូនហ្នឹងផង គ្នាសុំតែរស់ទេ អត់សុំអីទេ ។ បើកាលណាអស់ដីអស់ធ្លីហ្នឹងទៅគ្នាមុខជាស្លាប់ហើយ មិនដឹងរត់ទៅរកឯណាទេ ។ អ៊ីចឹងជម្រើសចុងក្រោយមានតែងាកទៅរករដ្ឋាភិបាល សូមឲ្យលោកមេត្តាជួយគ្នាឲ្យបានរស់ផង» ។
មកទល់ពេលនេះ យើងនៅពុំទាន់អាចទាក់ទងសុំសេចក្តីបំភ្លឺ ពីមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បាននៅឡើយទេ ៕
