ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នាំ​គ្នា​កាប់​រាន​ព្រៃ​ឈើ​សហគមន៍​ខេត្ត​រតនគិរី​ដើម្បី​យក​ដី

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ រស់​នៅ​ភូមិ​សោមគល់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ដី​មួយ​កន្លែង​ក្នុង​ឃុំ​លំជ័រ ក្នុង​តំបន់​ព្រៃ​ចុះ​បញ្ជី​អភិរក្ស​ជា​ព្រៃ​ការពារ​សហគមន៍ ដើម្បី​យក​ដី​តាំង​លំនៅឋាន និង​ដាំ​ដំណាំ​កសិកម្ម។

មន្ត្រី​មូលដ្ឋាន​ឃុំ បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ដោយសារ​តែ​សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ​ព្រមាន​ថា នឹង​នាំ​គ្នា​ទៅ​រុះរើ និង​កាប់​បំផ្លាញ​ផ្ទះ និង​ដំណាំ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ទៅ​តាំង​លំនៅ​ថ្មី ខណៈ​សមត្ថកិច្ច​យឺតយ៉ាវ​មិន​ចាត់​វិធានការ​ចំពោះ​អ្នក​ចូល​ទៅ​តាំង​លំនៅ​ខុស​ច្បាប់​នេះ។

អាជ្ញាធរ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ប្រញាប់​ដោះស្រាយ​ការ​តាំង​លំនៅ​ខុស​ច្បាប់​របស់​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ​នៅ​លើ​ដី​ព្រៃ​ការពារ​សហគមន៍​អភិរក្ស។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​ឡែ ឃុំ​លំជ័រ កាល​ពី​ដើម​សប្ដាហ៍ បាន​ជួប​ប្រជុំ​គ្នា​គ្រោង​នាំ​គ្នា​ទៅ​រុះរើ​រោង​ស្នាក់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ​នោះ ដោយសារ​តែ​មិន​ឃើញ​សមត្ថកិច្ច​ចុះ​ដោះស្រាយ​ការ​តាំង​លំនៅ​ខុស​ច្បាប់​នេះ។

សមាជិក​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​ថា ប្រជាពលរដ្ឋ ១២​គ្រួសារ​បាន​ចូល​មក​តាំង​លំនៅ​តាំង​ពី​ខែ​មីនា លើ​កន្លែង​ដាំ​កូន​ឈើ​របស់​សហគមន៍​អស់​ចំនួន ១៥​ហិកតារ ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ឈើ​ដែល​បាន​ដាំ​ឡើង​វិញ​នៅ​តំបន់​នោះ។ លោក​ថា គណៈកម្មការ​សហគមន៍​សម្រេច​ថា​នឹង​ចាត់​វិធានការ​បណ្ដេញ​ប្រជាពលរដ្ឋ ១២​គ្រួសារ​ដោយ​ខ្លួន​ឯង ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​បញ្ហា​នេះ៖ « កាប់​តាំង​ពី​រដូវ​ប្រាំង​មក​ហើយ ឥឡូវ​គេ​ដាំ​ដំណាំ​អស់​ហើយ។ ធ្វើ​រោង​ដាំ​ដំឡូង ពួក​ខ្ញុំ​ចុះ​ទៅ​ឃាត់​ជាមួយ​មេ​ឃុំ គេ​មិន​ព្រម​ចេញ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រជាពលរដ្ឋ ១២​គ្រួសារ សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា។

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​របាយការណ៍​រឿង​នេះ​ជូន​អាជ្ញាធរ​ស្រុក​យូរ​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា អាជ្ញាធរ​ស្រុក​បាន​ប្រជុំ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ស្រុក គ្រោង​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​នេះ​នា​ពេល​ឆាប់ៗ​នេះ។ លោក​ថា ការ​យឺតយ៉ាវ​បណ្ដាល​មក​ពី​រដូវ​នេះ​ភ្លៀង​ធ្លាក់​ច្រើន ចំណែក​មន្ត្រី​អាជ្ញាធរ​ក៏​ជាប់​ភារកិច្ច​ច្រើន​នៅ​មូលដ្ឋាន៖ « កុំ​តែ​មេឃ​ភ្លៀង​ហើយ ហើយ​មេ​ឃុំ​ក៏​បាន​រាយការណ៍​មក​ខ្ញុំ​ដែរ។ យើង​ពិនិត្យ​ឃើញ​កំហុស​ជាក់ស្ដែង យើង​អនុវត្ត​តាម​ច្បាប់ »

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ ថ្លែង​ថា ព្រៃ​ការពារ គឺ​អាជ្ញាធរ​ជំនាញ​បាន​ប្រគល់​ជូន​សហគមន៍​អភិរក្ស​មិន​អាច​នរណា​ចូល​ទៅ​តាំង​លំនៅ​បាន​ទេ។ លោក​ថា នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​នេះ៖ « គាត់​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ផង ស្រុក​ផង ទៅ​អាជ្ញាធរ​ជំនាញ​ផង ដើម្បី​ចុះ​ជួយ​គាត់ »

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោក ឆាយ ធី កត់​សម្គាល់​ថា ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន បាន​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ និង​ដី​ឯកជន​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ចាប់​ពី​ដើម​ឆ្នាំ​២០៦ នេះ។ លោក​ថា អាជ្ញាធរ​គួរ​ចាត់​វិធានការ​អប់រំ​បន្ថែម​ដល់​ជនជាតិ​ដើម​ភាគ​តិច ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ៖ « គាត់​បាន​លក់​ដី​របស់​គាត់ អ្នក​ខ្លះ​ភ្លើតភ្លើន​ត្រូវ​ការ​ប្រាក់​បណ្ដាល​ឲ្យ​ខ្វះ​ដី​នៅ ហើយ​គាត់​ចលនា​ទៅ​កាប់​កន្លែង​ផ្សេង។ អ៊ីចឹង​យើង​ឃើញ​ថា បច្ចុប្បន្ន​ប៉ះ​ហើយ »

ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ មាន​ផ្ទៃដី​ជិត ៤០០​ហិកតារ។ កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​សម្បទាន ជា ច័ន្ទរិទ្ធ ធ្លាប់​បាន​ឈូស​ឆាយ​ព្រៃ​អស់ ៣០​ហិកតារ ដើម្បី​ពង្រីក​ដី​សម្បទាន។ រឿង​នេះ​សមត្ថកិច្ច​ព្រៃ​ឈើ​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​អភិរក្ស និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដាំ​កូន​ឈើ​ជំហាន​ទី​មួយ ២.៥០០​ដើម​នៅ​លើ​ដី​ដែល​បាន​ឈូស​ឆាយ​សង​សហគមន៍​វិញ។ លើស​ពី​នេះ​ទៀត សហគមន៍​បាន​ប្ដឹង​ក្រុមហ៊ុន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ទារ​សំណង​ការ​ខូចខាត និង​សំណង​ផល​ប៉ះពាល់​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។