ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរាប់រយនាក់មកពី ១៨សហគមន៍នាខេត្តព្រះសីហនុ ប្រមូលផ្តុំគ្នានៅមុខសាលាដំបូង និងសាលាខេត្តព្រះសីហនុ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំស្ថាប័ននីមួយៗ ជួយពន្លឿនដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃជូនពួកគេឲ្យទទួលបានយុត្តិធម៌ ឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតសភា។
មន្ត្រីសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលជួបសវនាការ និងសន្យាជួយពន្លឿនសំណុំរឿងដីធ្លីនៅប្រព័ន្ធតុលាការឲ្យបានឆាប់។
តំណាងសហគមន៍មានទំនាស់ដីធ្លីជាង ៣០០នាក់មកពី ១៨សហគមន៍ទូទាំងខេត្តព្រះសីហនុ ដែលបានប្រមូលផ្តុំគ្នានៅពីមុខសាលាដំបូងខេត្តព្រះសីហនុ និងសាលាខេត្តនេះ រំពឹងថា ការសន្យារបស់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ នឹងមានការអនុវត្តពិតប្រាកដ ហើយនឹងឈានដល់ផ្តល់យុត្តិធម៌ដោះស្រាយបញ្ហាដីធ្លីពិតប្រាកដជូនសហគមន៍នីមួយៗ។
ការប្រមូលផ្តុំគ្នានេះ ពួកគេបានលើកបដាតវ៉ាមានសរសេរអក្សរដូចជា គ្មានដីគ្មានជីវិត ឬគ្មានដីគ្មានទីផ្សារ ពិសេសមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា គឺអ្នកស្រី ប៊ុន រ៉ានី ជាច្រើនផ្ទាំងផង។ ឱកាសនោះ តំណាងពលរដ្ឋបានលើកដៃសំពះស្នើឲ្យប្រមុខដឹកនាំ ជួយរកយុត្តិធម៌ករណីទំនាស់ដីធ្លីរ៉ាំរ៉ៃដែលពលរដ្ឋចោទថា ឈ្មួញមានលុយមានអំណាច ប្រើកងកម្លាំងប្រដាប់អាវុធ ពិសេសប្រព័ន្ធតុលាការប្លន់ដីលំនៅឋាន និងដីកសិកម្មពួកគេ ហើយចាប់ពលរដ្ឋដាក់គុកច្រវាក់ទៀតផង។
ប្រធានសហគមន៍អូរដំរី លោក ម៉ន ស៊ីណា បានរិះគន់ថា មន្ត្រីសាលាដំបូងខេត្តព្រះសីហនុ មួយចំនួននាអាណត្តិកន្លងទៅ ថាសម្រេចក្តីលើវិវាទដីធ្លីមិនយុត្តិធម៌ និងគាំទ្រតែភាគីឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាច។ ប៉ុន្តែពេលនេះ តំណាងសហគមន៍មានទំនាស់ដីធ្លីទាំង ១៨សហគមន៍ រំពឹងថា ប្រធានតុលាការ និងមន្ត្រីសាលាដំបូងខេត្តព្រះសីហនុ អាណត្តិនេះ ពិសេសប្រមុខដឹកនាំ នឹងជួយផ្តល់យុត្តិធម៌លើវិវាទដីធ្លីជូនសហគមន៍នីមួយៗឲ្យទទួលបានយុត្តិធម៌ឡើងវិញ៖ « សម្ដេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម ៌ ដីធ្លីជូនពលរដ្ឋ នៅតាម សហគមន៍រងគ្រោះនីមួយៗ ឡើងវិញ។ ជាងនេះ ស្នើឲ្យ សម្ដេចជួយ ពិនិត្យ ទៅលើ មន្ត្រី ថ្នាក់ក្រោម ដែលប្រព្រឹត្តអំពើអាក្រក់ឃុបឃិតជាលក្ខណៈប្រព័ន្ធ ធ្វើបាប និងប្លន់ដីពលរដ្ឋនៅតាមសហគមន៍នីមួយៗ ហើយបានរាយការណ៍បំផ្លើសការពិតជូនប្រមុខដឹកនាំថាល្អៗទៅវិញ ប៉ុន្តែ ធាតុពិត ពួកគេ បានប្រព្រឹត្តទង្វើ អាក្រក់នៅ ថ្នាក់ក្រោម ជាតិ »។

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៨សហគមន៍ទាំងនេះមកពីស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តំណាងពលរដ្ឋ ឲ្យដឹងថា ជម្លោះដីធ្លីនៅតាមសហគមន៍ខ្លះបានកើតមានតាំងពីឆ្នាំ២០០៨ មកម្ល៉េះ នៅមិនទាន់មានដំណោះស្រាយជូនពលរដ្ឋឲ្យមានយុត្តិធម៌នោះទេរហូតមកដល់ពេលនេះ។
បញ្ហានេះដែរ អនុប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខេត្តព្រះសីហនុ លោក យូ វាសនា បញ្ជាក់ថា គោលបំណងរបស់តំណាងពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៨សហគមន៍ ជួបជុំគ្នានៅមុខសាលាដំបូង និងសាលាខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីស្នើសុំឲ្យជួយពន្លឿនដោះស្រាយវិវាទដីធ្លីដែលកំពុងជាប់គាំងនៅប្រព័ន្ធតុលាការ និងវិវាទកើតមានថ្មីៗ។ លោកបន្តថា ថ្មីៗនេះនៅតាមសហគមន៍មួយចំនួន គឺមានឈ្មួញ និងក្រុមហ៊ុនខ្លះបានដាក់ពង្រាយកម្លាំងយោធាប្រដាប់ដោយអាវុធ គំរាមសម្លាប់ និងបណ្ដេញពលរដ្ឋចេញពីដីធ្លីកំពុងរស់នៅ មានដូចជានៅសហគមន៍អូរខ្សាច់ និងបានដាក់ពាក្យប្ដឹងទៅកាន់តុលាការជាដើម៖ « សូមសម្ដេចជួយ ដាក់បទបញ្ជា ដល់ ថ្នាក់ក្រោម ជាតិ ឲ្យជួយពន្លឿនដោះស្រាយនូវវិវាទដីធ្លីនៅតាមសហគមន៍នីមួយៗ ឲ្យ ទទួលបាន យុត្តិធម ៌ ឲ្យ បានឆាប់ៗ នេះ »។
ការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋទាំង ១៨សហគមន៍នៅមុខសាលាខេត្តព្រះសីហនុ រសៀលថ្ងៃច័ន្ទ ទី១៩ ខែធ្នូ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញជួបប្រជាពលរដ្ឋដែលអង្គុយរង់ចាំរូបលោកនៅខាងក្រៅរបង។ លោកក៏បានអនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន ១៨រូប ចូលជួបលើកពីកង្វល់នានានៅក្នុងបន្ទប់ប្រជុំ ហើយបានសន្យាជួយពន្លឿនដោះស្រាយវិវាទដីធ្លីជូនសហគមន៍នីមួយៗទៅតាមលទ្ធភាពរបស់រដ្ឋបាលខេត្ត ប៉ុន្តែសម្រាប់វិវាទដីធ្លីកំពុងស្ថិតក្នុងដៃតុលាការ រដ្ឋបាលខេត្តមិនអាចលូកដៃចូលបានទេ។
ទាក់ទិនបញ្ហានេះ លោក ញ៉ិល ភាព អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដែលតាមអង្កេតការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋទាំង ១៨សហគមន៍ បានឲ្យដឹងថា បើគ្មានដំណោះស្រាយដីធ្លីពីប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ជូនពលរដ្ឋរងគ្រោះដីធ្លីទាំងនេះឲ្យមានយុត្តិធម៌ទេ ពលរដ្ឋនៅតាមសហគមន៍ទាំងនេះនឹងមានគម្រោងប្រមូលផ្តុំគ្នាតវ៉ាជាបន្តបន្ទាប់ទៀត៖ « តំណាងសហគមន៍ ទាំងនោះទាមទារ ឲ្យ សាលាដំបូង ខេត្តព្រះសីហនុ ជួយពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់នៅប្រព័ន្ធតុលាការឲ្យបានឆាប់ និងស្នើទម្លាក់ចោលការចោទប្រកាន់តំណាងពលរដ្ឋនៅតាមសហគមន៍ខ្លះ ដែលតុលាការ ចោទប្រកាន់ ជាប់ ពាក់ព័ន្ធការកាប់បំផ្លាញ ព្រៃឈើ និង ដីធ្លីកន្លងមក ស្នើឲ្យតុលាការទម្លាក់ ការចោទប្រកាន់ ទាំងអស់នោះ ចោល »។
ទោះបីជាយ៉ាងណា ការប្រមូលផ្តុំគ្នារបស់តំណាងពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៨សហគមន៍នៅពីមុខសាលាដំបូង និងសាលាខេត្តព្រះសីហនុ ត្រូវបានមន្ត្រីនៅតាមស្ថាប័នទាំងពីរទទួលជួបសវនាការ និងបានសន្យានៅចំពោះមុខតំណាងពលរដ្ឋទាំងនោះថា នឹងពន្លឿនការដោះស្រាយវិវាទដីធ្លីដែលបានមកដល់ដៃតុលាការ ឲ្យបានឆាប់ស្របទៅតាមច្បាប់កំណត់។
ការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ មិនកើតមានអំពើហិង្សារវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនោះទេ ទោះមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមួយចំនួន បានបង្ហាញវត្តមាននៅជិតទីតាំងដែលប្រជាពលរដ្ឋប្រមូលផ្តុំបែបណាក្តី។ ផ្ទុយទៅវិញ កម្លាំងជំនាញទាំងនោះបានជួយសម្រួលដល់ការធ្វើចរាចរ និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងការជួបជុំគ្នានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។