ទំនាស់ដីធ្លី ៦ករណីនៅខេត្តរតនគិរី ដែលមិនទាន់ដោះស្រាយច្រើនឆ្នាំកន្លងទៅនេះ ត្រូវបានប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច សុំអន្តរាគមន៍ពីប្រធានគណៈកម្មការទី១ ដែលមានភារកិច្ចទទួលពាក្យបណ្ដឹង សិទ្ធិមនុស្ស និងអង្កេត នៃព្រឹទ្ធសភា ជួយជំរុញឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយផ្តល់យុត្តិធម៌ជូនពលរដ្ឋ។
ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា លោក គង់ គាំ និងជាប្រធានគណបក្ស សម រង្ស៊ី នៅថ្ងៃទី១៤ ខែធ្នូ បានសន្យាចំពោះមុខសហគមន៍មកពីបណ្ដាស្រុកនានា រួមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានថា នឹងជួយជំរុញអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ឬស្ថាប័នថ្នាក់ជាតិ ចាត់វិធានការដោះស្រាយពាក្យប្ដឹងតវ៉ារបស់សហគមន៍ ពាក់ព័ន្ធជម្លោះដីធ្លី ៦ករណីដែលអូសបន្លាយច្រើនឆ្នាំគ្មានដំណោះស្រាយ។
ការសន្យានេះ ធ្វើឡើងក្នុងជំនួបរវាងក្រុមការងារគណៈកម្មការទី១ ព្រឹទ្ធសភា និងប្រជាពលរដ្ឋនៅការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តរតនគិរី ក្នុងដំណើរបេសកកម្មលើកទី១០ មកកាន់ខេត្តរតនគិរី ក្នុងឆ្នាំ២០១៥ នេះ។
ថ្លែងចំពោះមុខតំណាងសហគមន៍ជាង ៣០នាក់ក្នុងជំនួបនេះ លោក គង់ គាំ ផ្ដោតការយកចិត្តទុកដាក់របស់ស្ថាប័នព្រឹទ្ធសភា ក្នុងការជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដែលប្រឈមទៅនឹងបញ្ហាជម្លោះដីធ្លី ការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រឈមដទៃទៀតដែលកំពុងកើតមាននៅមូលដ្ឋាន។
បញ្ហាប្រឈមរបស់ពលរដ្ឋទាំង ៦ករណីរួមមាន ជម្លោះដីធ្លីប្រមាណ ៥០០ហិកតារ រវាងសហគមន៍ជនជាតិដើមភាគតិចភូមិគងយុ ជាមួយ លោកស្រី គាត កុលណី ភរិយារបស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោក ឆាន់ សាផាន់។ ជម្លោះដីធ្លីជាង ២០០ហិកតាររវាងសហគមន៍ភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ជាមួយឈ្មោះ ហៀង សុជាតិ ខណៈដែលតុលាការបានចាប់តំណាងសហគមន៍បីនាក់ដាក់ពន្ធនាគារ ក្នុងបទចោទរំលោភកាន់កាប់ដីអ្នកដទៃ។ ជម្លោះដីធ្លីជាង ១ពាន់ហិកតាររវាងសហគមន៍ឃុំសេដា ជាមួយក្រុមហ៊ុន រត្ន សាខន ក្រុមហ៊ុន ជីង ហ្យុងរី និងក្រុមហ៊ុន អេលែវ។ ជម្លោះដីជាង ២០០ហិកតាររវាងសហគមន៍ភូមិក្រេះ ជាមួយក្រុមហ៊ុន ស៊ី.អ.ឌី (CRD)។ ជម្លោះដីធ្លីរវាងសហគមន៍ភូមិឡំ ជាមួយក្រុមហ៊ុន ម៉ែន សារុន។ ជម្លោះបើកផ្លូវធ្វើដំណើររវាងសហគមន៍ភូមិឡាប៉ួ ឃុំយក្សឡោម ជាមួយម្ចាស់ដី និងជម្លោះដីអភិរក្សបឹងយក្សឡោម រវាងសហគមន៍យក្សឡោម និងអ្នកកាន់កាប់ដី។
តំណាងសហគមន៍ភូមិគងយុ លោក សេវ ទ្វែវ កត់សម្គាល់ថា រឿងក្តីរបស់អ្នកភូមិបានប្តឹងផ្តល់តាំងពីថ្នាក់អាជ្ញាធរមូលដ្ឋានរហូតស្ថាប័នតុលាការ ក៏ប៉ុន្តែច្រើនឆ្នាំកន្លងទៅនេះ ដីទំនាស់ត្រូវបានភាគីមន្ត្រីមានអំណាចឈូសឆាយដាំកៅស៊ូទទួលផល ក៏ប៉ុន្តែពាក្យប្ដឹងរបស់អ្នកភូមិ ត្រូវកប់ចោលក្នុងស្ថាប័នតុលាការដោយគ្មានការដោះស្រាយ៖ «ពួកខ្ញុំអស់ចិត្តហើយ បើគាត់បើកសវនាការ បើសិនពួកខ្ញុំចង់ប្ដឹងឧទ្ធរណ៍ តុលាការខេត្តមិនទាន់សម្រេច អ៊ីចឹងធ្វើឲ្យពួកខ្ញុំគាំង»។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ឃុំសេដា លោក ទុយ ញ៉េប អំពាវនាវសុំឲ្យប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ជួយជំរុញឲ្យស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ជាតិ ជួយកាត់ដីសហគមន៍ចេញពីដីសម្បទានរបស់ក្រុមហ៊ុន ដើម្បីអ្នកភូមិប្រើប្រាស់តាមប្រពៃណីជនជាតិដើមភាគតិចវិញ៖ «បើកវេទិកាសាធារណៈដើម្បីឲ្យសហគមន៍បង្ហាញពីកង្វល់ ប៉ុន្តែអត់មានដំណោះស្រាយរហូតសព្វថ្ងៃ»។
តារាងតាមដានករណីទំនាស់ដីធ្លីនៅខេត្តរតនគិរី របស់អង្គការលីកាដូ មាន ១០ករណី ក្នុងនោះមានទំនាស់ដីធ្លីរវាងសហគមន៍ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ជាមួយក្រុមហ៊ុនរ៉ែលោហៈ មេស្កូ ហ្គោល (Mesco Gold) បានដោះស្រាយចប់សព្វគ្រប់ បន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវសងសំណងផលប៉ះពាល់ប្រជាពលរដ្ឋ។
យ៉ាងនេះក្តី មន្ត្រីច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គឹត ទូច ចាត់ទុកដំណើរបេសកកម្មរបស់គណៈកម្មការទី១ ព្រឹទ្ធសភា ថាជាយន្តការថ្មីមួយរួមចំណែកដោះស្រាយទំនាស់នៅមូលដ្ឋាន។ លោកថា ដើម្បីជំរុញការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព គួរបង្កើតឲ្យមានសវនាការត្រីកោណ រួមមានអង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងគូភាគីទំនាស់ ដើម្បីផ្ទៀងផ្ទាត់បញ្ហាផ្ទាល់មុខ ដើម្បីដោះស្រាយបញ្ហាជាក់លាក់៖ «បញ្ហាប៉ះពាល់ហ្នឹងលូតលាស់លឿងទន្ទឹមគម្រោងការវិនិយោគអភិវឌ្ឍន៍ និងសក្ដានុពលតម្រូវការវិនិយោគកើនឡើងដែរ។ អ៊ីចឹងជាការប្រកួតប្រជែងគំហុកណាស់»។
តាមការគ្រោងទុក គណៈកម្មការទី១ ព្រឹទ្ធសភា នឹងបន្តបេសកកម្មដូចគ្នានេះទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែធ្នូ ដើម្បីបញ្ចប់បេសកកម្មប្រចាំឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
