ពលរដ្ឋជាង ២០គ្រួសារនៅសង្កាត់ចេក អះអាងថា មន្ត្រីជំនាញសុរិយោដី មិនវាស់វែងដីស្រែផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ទេ។ ក្រុមពលរដ្ឋបារម្ភថា បើមន្ត្រីជំនាញមិនផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ទេ ទំនងជារដ្ឋដកហូតធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ ចំណែកអតីតមេភូមិនៅសម័យសាធារណរដ្ឋកម្ពុជា អះអាងថា ដីតំបន់នេះគាត់ធ្លាប់ចេញបង្កាន់ដៃប្លង់ដីកម្មសិទ្ធិជូនពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋ គ្រោងផ្ដិតមេដៃដាក់ញត្តិទៅសាលាខេត្តស្វាយរៀង និងរដ្ឋសភា ដើម្បីជួយអន្តរាគមន៍ទាក់ទិនមន្ត្រីជំនាញសុរិយោដី មិនបានវាស់វែងដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ កាលពីខែមេសា ឆ្នាំ២០១៥។
តំណាងពលរដ្ឋជាង ២០គ្រួសាររស់នៅភូមិទទា សង្កាត់ចេក អ្នកស្រី អ៊ុំ រដ្ឋា ឲ្យដឹងនៅថ្ងៃទី១ មិថុនា ថា ដីស្រែអ្នកស្រីមិនត្រូវបានមន្ត្រីជំនាញវាស់វែងផ្តល់ប្លង់កម្មសិទ្ធិទេ បន្ទាប់ពីមន្ត្រីជំនាញបានវាស់វែងកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយចាត់ទុកថា ដីនេះជាចំណីព្រែករបស់រដ្ឋទៅវិញ។ អ្នកស្រីបន្តថា ដីនេះគ្រួសារអ្នកស្រីគ្រប់គ្រងតាំងពីឆ្នាំ១៩៧៩ មានទំហំ ៣ពាន់ម៉ែត្រក្រឡា ហើយទទួលបានបង្កាន់ដៃបណ្ដោះអាសន្នពីចៅសង្កាត់ចេក នៅឆ្នាំ១៩៨៨៖ «មិនវាស់ឲ្យហើយ រដ្ឋយកហើយ គេថាចំណីរបស់រដ្ឋទាំងអស់ តែមិនវាស់ឲ្យគេធ្វើតែមួយសាទេ ប្លង់ហ្នឹងប៉ះពាល់ច្រើនណាស់ ដីមានតែប៉ុណ្ណឹង តែឥឡូវខ្ញុំមិនសុខចិត្តទេថាឡើងទៅដល់លើទៀត ហើយថាទុកនៅប្រឹងសិន ចាំគេដោះស្រាយ ចាំរីងទឹកចាំគេមកវាស់ឲ្យ ១សាទៀត តែដល់ពេលរីកហើយអត់វាស់ឲ្យខ្ញុំ»។
អ្នកភូមិព្រមានថា នឹងធ្វើបាតុកម្មតវ៉ាទៅរដ្ឋាភិបាល បើមន្ត្រីជំនាញសុរិយោដីខេត្តស្វាយរៀង កាត់ដីពលរដ្ឋជាង ២០គ្រួសារជាកម្មសិទ្ធិរបស់រដ្ឋ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយបញ្ហានេះពីប្រធានមន្ទីរសុរិយោដី ខេត្តស្វាយរៀង បានទេ នៅថ្ងៃទី១ មិថុនា។
ចៅសង្កាត់រងសង្កាត់ចេក លោក លក ចន្ទ្រាត លើកឡើងថា មន្ត្រីជំនាញមិនបានវាស់វែងឲ្យពលរដ្ឋ ទំនងជាក្រសួងធនធានទឹក កំពុងសិក្សាវាយតម្លៃពីផលប៉ះពាល់នៃគម្រោងកសាងព្រែកអូតាវ៉ូ នេះទៅថ្ងៃអនាគត។ លោកបន្តថា គោលការណ៍ក្រសួងធនធានទឹក បានកំណត់ដីចំណីទន្លេវៃកូ និងព្រែកអូតាវ៉ូ ប្រវែង ៥០ម៉ែត្រចាប់ពីផ្ទៃទឹក ប៉ុន្តែអ្វីដែលលោកបារម្ភ ពោះការវាស់វែងកំណត់ទីតាំងជាក់ស្តែងនៅរដូវប្រាំង ឬរដូវវស្សានោះទេ។ បើវាស់វែងនៅរដូវវស្សា នឹងប៉ះពាល់ដីស្រែពលរដ្ឋច្រើនគ្រួសារ៖ «បើយកអនុវត្តតាមគោលការណ៍ខែវស្សា គឺអស់ដីប្រជាពលរដ្ឋរលីង បើយកតាមគោលការណ៍ខែប្រាំង អាហ្នឹងអត់អីទេ ប្រជាពលរដ្ឋធ្វើស្រែ»។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា មន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធ គួរកំណត់ឲ្យច្បាស់ចំពោះទីតាំងជាក់ស្តែងដីព្រែកអូតាវ៉ូ និងបង្ហាញជាសាធារណៈជូនពលរដ្ឋថាត្រូវប៉ះពាល់ត្រឹមណា? លោកថា ពលរដ្ឋនៅតែមានមន្ទិល បើមន្ត្រីជំនាញមិនបង្ហាញគោលការណ៍កំណត់បង្គោលព្រំដីឲ្យច្បាស់លាស់៖ «បើយកអនុវត្តតាមគោលការណ៍ខែវស្សា គឺអស់ដីប្រជាពលរដ្ឋរលីង បើយកតាមគោលការណ៍ខែប្រាំង អាហ្នឹងអត់អីទេ ប្រជាពលរដ្ឋធ្វើស្រែ»។
ទោះយ៉ាងណា អតីតមេភូមិទទា ដែលចូលនិវត្តន៍កាលពីឆ្នាំ១៩៨៦ លោក សូ ទឹម អះអាងថា ដីនេះអាជ្ញាធរស្រុកបានផ្តល់បង្កាន់ដៃកម្មសិទ្ធិជូនពលរដ្ឋនៅភូមិទទា ជាង ២០គ្រួសារ កាលពីទសវត្សរ៍ទី៧០។ លោកអះអាងថា ដីនេះជាកម្មសិទ្ធិរបស់ពលរដ្ឋមានបង្កាន់ដៃដីតាំងពីទសវត្សរ៍ទី៨០ គួរតែមន្ត្រីជំនាញផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋ៖ «មន្ទីរដែនដីនគរូបនីយកម្ម ត្រូវតែវាស់ ហើយថា បង្គោលនេះត្រឹមនេះជាដីព្រែក យើងមិនអាចព្រែកថាត្រូវធំជាងហ្នឹងទៀត ធ្វើឲ្យបាត់បង់ប្រយោជន៍ពលរដ្ឋទេ អាហ្នឹងវាចឹង»។
ចៅសង្កាត់រងសង្កាត់ចេក ឲ្យដឹងថា បច្ចុប្បន្ននេះ ពលរដ្ឋចំនួន ៣ភូមិដែលមន្ត្រីជំនាញមិនទាន់វាស់វែងផ្តល់ប្លង់កម្មសិទ្ធិ គឺភូមិឃ្លាំង ភូមិមេលោម និងភូមិទទា។ ចំណែកពលរដ្ឋរស់នៅភូមិទទា ជាង ២០គ្រួសារ មានស្រែប៉ះពាល់សរុបចំនួនជាង ៨ហិកតារ ដែលស្ថិតនៅក្នុងគម្រោងរដ្ឋដកហូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
