ពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង​បារម្ភ​រដ្ឋាភិបាល​ដក​ហូត​ដី​ស្រែ

0:00 / 0:00

ពលរដ្ឋ​ជាង ២០​គ្រួសារ​នៅ​សង្កាត់​ចេក អះអាង​ថា មន្ត្រី​ជំនាញ​សុរិយោដី មិន​វាស់វែង​ដី​ស្រែ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ទេ។ ក្រុម​ពលរដ្ឋ​បារម្ភ​ថា បើ​មន្ត្រី​ជំនាញ​មិន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ទេ ទំនង​ជា​រដ្ឋ​ដក​ហូត​ធ្វើ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ។ ចំណែក​អតីត​មេ​ភូមិ​នៅ​សម័យ​សាធារណរដ្ឋ​កម្ពុជា អះអាង​ថា ដី​តំបន់​នេះ​គាត់​ធ្លាប់​ចេញ​បង្កាន់ដៃ​ប្លង់​ដី​កម្មសិទ្ធិ​ជូន​ពលរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ គ្រោង​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​ស្វាយរៀង និង​រដ្ឋសភា ដើម្បី​ជួយ​អន្តរាគមន៍​ទាក់ទិន​មន្ត្រី​ជំនាញ​សុរិយោដី មិន​បាន​វាស់វែង​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥។

តំណាង​ពលរដ្ឋ​ជាង ២០​គ្រួសារ​រស់នៅ​ភូមិ​ទទា សង្កាត់​ចេក អ្នកស្រី អ៊ុំ រដ្ឋា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មិថុនា ថា ដី​ស្រែ​អ្នកស្រី​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​វាស់វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ទេ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​វាស់វែង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​ចាត់​ទុក​ថា ដី​នេះ​ជា​ចំណី​ព្រែក​របស់​រដ្ឋ​ទៅ​វិញ។ អ្នកស្រី​បន្ត​ថា ដី​នេះ​គ្រួសារ​អ្នកស្រី​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩ មាន​ទំហំ ៣​ពាន់​ម៉ែត្រ​ក្រឡា ហើយ​ទទួល​បាន​បង្កាន់ដៃ​បណ្ដោះអាសន្ន​ពី​ចៅ​សង្កាត់​ចេក នៅ​ឆ្នាំ​១៩៨៨៖ «មិន​វាស់​ឲ្យ​ហើយ រដ្ឋ​យក​ហើយ គេ​ថា​ចំណី​របស់​រដ្ឋ​ទាំងអស់ តែ​មិន​វាស់​ឲ្យ​គេ​ធ្វើ​តែ​មួយ​សា​ទេ ប្លង់​ហ្នឹង​ប៉ះពាល់​ច្រើន​ណាស់ ដី​មាន​តែ​ប៉ុណ្ណឹង តែ​ឥឡូវ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​ថា​ឡើង​ទៅ​ដល់​លើ​ទៀត ហើយ​ថា​ទុក​នៅ​ប្រឹង​សិន ចាំ​គេ​ដោះស្រាយ ចាំ​រីង​ទឹក​ចាំ​គេ​មក​វាស់​ឲ្យ ១​សា​ទៀត តែ​ដល់​ពេល​រីក​ហើយ​អត់​វាស់​ឲ្យ​ខ្ញុំ»

អ្នក​ភូមិ​ព្រមាន​ថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ទៅ​រដ្ឋាភិបាល បើ​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​ស្វាយរៀង កាត់​ដី​ពលរដ្ឋ​ជាង ២០​គ្រួសារ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ពី​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១ មិថុនា។

ចៅ​សង្កាត់​រង​សង្កាត់​ចេក លោក លក ចន្ទ្រាត លើក​ឡើង​ថា មន្ត្រី​ជំនាញ​មិន​បាន​វាស់វែង​ឲ្យ​ពលរដ្ឋ ទំនង​ជា​ក្រសួង​ធនធាន​ទឹក កំពុង​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​កសាង​ព្រែក​អូតាវ៉ូ នេះ​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា គោលការណ៍​ក្រសួង​ធនធាន​ទឹក បាន​កំណត់​ដី​ចំណី​ទន្លេ​វៃកូ និង​ព្រែក​អូតាវ៉ូ ប្រវែង ៥០​ម៉ែត្រ​ចាប់​ពី​ផ្ទៃ​ទឹក ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ ​ពោះ​ការ​វាស់វែង​កំណត់​ទីតាំង​ជាក់ស្តែង​នៅ​រដូវ​ប្រាំង ឬ​រដូវ​វស្សា​នោះ​ទេ។ បើ​វាស់វែង​នៅ​រដូវ​វស្សា នឹង​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ​ច្រើន​គ្រួសារ៖ «បើ​យក​អនុវត្ត​តាម​គោលការណ៍​ខែ​វស្សា គឺ​អស់​ដី​ប្រជាពលរដ្ឋ​រលីង បើ​យក​តាម​គោលការណ៍​ខែ​ប្រាំង អា​ហ្នឹង​អត់​អី​ទេ ប្រជាពលរដ្ឋ​ធ្វើ​ស្រែ»

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​កំណត់​ឲ្យ​ច្បាស់​ចំពោះ​ទីតាំង​ជាក់ស្តែង​ដី​ព្រែក​អូតាវ៉ូ និង​បង្ហាញ​ជា​សាធារណៈ​ជូន​ពលរដ្ឋ​ថា​ត្រូវ​ប៉ះពាល់​ត្រឹម​ណា? លោក​ថា ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល បើ​មន្ត្រី​ជំនាញ​មិន​បង្ហាញ​គោលការណ៍​កំណត់​បង្គោល​ព្រំ​ដី​ឲ្យ​ច្បាស់លាស់៖ «បើ​យក​អនុវត្ត​តាម​គោលការណ៍​ខែ​វស្សា គឺ​អស់​ដី​ប្រជាពលរដ្ឋ​រលីង បើ​យក​តាម​គោលការណ៍​ខែ​ប្រាំង អា​ហ្នឹង​អត់​អី​ទេ ប្រជាពលរដ្ឋ​ធ្វើ​ស្រែ»

ទោះ​យ៉ាង​ណា អតីត​មេ​ភូមិ​ទទា ដែល​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​១៩៨៦ លោក សូ ទឹម អះអាង​ថា ដី​នេះ​អាជ្ញាធរ​ស្រុក​បាន​ផ្តល់​បង្កាន់ដៃ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ភូមិ​ទទា ជាង ២០​គ្រួសារ កាល​ពី​ទសវត្សរ៍​ទី​៧០។ លោក​អះអាង​ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​មាន​បង្កាន់ដៃ​ដី​តាំង​ពី​ទសវត្សរ៍​ទី​៨០ គួរ​តែ​មន្ត្រី​ជំនាញ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ៖ «មន្ទីរ​ដែនដី​នគរូបនីយកម្ម ត្រូវ​តែ​វាស់ ហើយ​ថា បង្គោល​នេះ​ត្រឹម​នេះ​ជា​ដី​ព្រែក យើង​មិន​អាច​ព្រែក​ថា​ត្រូវ​ធំ​ជាង​ហ្នឹង​ទៀត ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​ពលរដ្ឋ​ទេ អា​ហ្នឹង​វា​ចឹង»

ចៅ​សង្កាត់​រង​សង្កាត់​ចេក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​ចំនួន ៣​ភូមិ​ដែល​មន្ត្រី​ជំនាញ​មិន​ទាន់​វាស់វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ គឺ​ភូមិ​ឃ្លាំង ភូមិ​មេលោម និង​ភូមិ​ទទា។ ចំណែក​ពលរដ្ឋ​រស់នៅ​ភូមិ​ទទា ជាង ២០​គ្រួសារ មាន​ស្រែ​ប៉ះពាល់​សរុប​ចំនួន​ជាង ៨​ហិកតារ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​រដ្ឋ​ដក​ហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។