មន្ត្រីអាជ្ញាធររដ្ឋបាលព្រៃឈើកំពង់ថ្ម រួមនឹងសមត្ថកិច្ចស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំខ្លួនមនុស្សពីរនាក់ ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់ ពាក់ព័ន្ធរឿងចូលកាន់កាប់ដីរដ្ឋបាលព្រៃឈើដោយខុសច្បាប់ ព្រមទាំងប្រើអំពើហិង្សាលើមន្ត្រីជំនាញនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។
តំណាងពលរដ្ឋនៅឃុំក្រយា ម្នាក់ អ្នកស្រី អ៊ុក ថាវរី មានប្រសាសន៍ថា ករណីចាប់ខ្លួនប្រជាពលរដ្ឋនេះ កើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើ បានទៅឈូសឆាយដីរបស់ពលរដ្ឋដោយអះអាងថា ជាដីរបស់ខាងរដ្ឋបាលព្រៃឈើចំនួនពីរថ្ងៃមកហើយ។ យ៉ាងណា អ្នកស្រីហៅការចាប់ខ្លួនអ្នកភូមិពីរនាក់នេះ ថាជារឿងអយុត្តិធម៌ ត្បិតពួកគាត់បានទៅកាន់កាប់ដីតំបន់នោះខុសបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលទៅទៀត៖ «ខ្ញុំយល់ឃើញថា ដូចជាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋដែលគ្នាក្រីក្រ»។
ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរចាប់ខ្លួន គឺម្នាក់ឈ្មោះ អ្នកស្រី ឌឹត គឹមយ៉ុន ភេទស្រី និងម្នាក់ទៀត ឈ្មោះ អ៊ាវ វណ្ណហៀង ភេទប្រុស ហើយពួកគេទាំងពីររស់នៅភូមិសែនសេរី ឃុំក្រយា។
តំណាងពលរដ្ឋដដែលបញ្ជាក់ថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយខាងរដ្ឋបាលព្រៃឈើ គឺមានចំនួន ៩គ្រួសារ លើទំហំដីជាង ១ហិកតារ។ អ្នកស្រីស្នើឱ្យអាជ្ញាធរដោះលែងពលរដ្ឋទាំងនោះមកវិញ បើមិនដូច្នេះ ពួកគាត់នឹងនាំគ្នាឡើងទៅស្វែងរកកិច្ចអន្តរាគមន៍ដល់មន្ត្រីថ្នាក់លើបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
