ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋខ្លះនៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ជាមួយអ្នកមានអំណាច និងប៉ះពាល់ដោយសារការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការលេខ៣១៧ បានអូសបន្លាយរយៈពេលជាង ៣ឆ្នាំមកហើយរហូតមកដល់ពេលនេះ។
ចាប់តាំងពីកើតមានទំនាស់ដីធ្លីតាំងពីឆ្នាំ២០១២ មក ក្រុមអ្នកភូមិតែងលើកគ្នាទៅតវ៉ាញឹកញាប់នៅមុខសាលាខេត្តសៀមរាប ព្រមទាំងរៀបចំពាក្យបណ្ដឹងដាក់ទៅតវ៉ានៅរដ្ឋសភា និងព្រឹទ្ធសភា ជាដើម។
កាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅ អនុប្រធានព្រឹទ្ធសភាទី២ បានចេញលិខិតមួយផ្ញើឲ្យអាជ្ញាធរខេត្តសៀមរាប ឲ្យដោះស្រាយទំនាស់ដីធ្លីទីនោះ ក៏ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយដដែល។
ក្រុមអ្នកភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក នៃស្រុកប្រាសាទបាគង ចំនួន ៣៧គ្រួសារ បានលើកគ្នាមកសាលាខេត្តសៀមរាប សាជាថ្មីកាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ ដើម្បីដាក់លិខិតរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា ទៅឲ្យអាជ្ញាធរខេត្តពិនិត្យ និងមានចំណាត់ការដោះស្រាយរឿងជម្លោះដីធ្លី ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ។
ក្រុមអ្នកភូមិស្នាសង្គ្រាម បានទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប ពន្លឿនការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេឲ្យឆាប់រហ័ស ពីព្រោះតែជាច្រើនឆ្នាំមកនេះ ពួកគេមិនមានដីធ្វើកសិកម្ម ព្រមទាំងគ្មានពេលធ្វើការងារចិញ្ចឹមជីវិតផង ដោយសារតែជាប់រវល់រឿងឡើងតុលាការ និងលើកគ្នាទៅតវ៉ាជាច្រើនកន្លែង។
អ្នកភូមិស្នាសង្គ្រាម ម្នាក់ក្នុងចំណោមអ្នកទំនាស់ដីធ្លី ៣៦គ្រួសារផ្សេងទៀត គឺអ្នកស្រី ស៊ាន រី។ អ្នកស្រីមានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ រូបគាត់ និងអ្នកភូមិជាច្រើនទៀត បាននាំគ្នាកាន់លិខិតរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា ដែលជំរុញឲ្យដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ ទៅអាជ្ញាធរខេត្តសៀមរាប។ អ្នកស្រី ស៊ាន រី បញ្ជាក់ថា គាត់បានប្រគល់លិខិតនោះទៅឲ្យមន្ត្រីសាលាខេត្តសៀមរាប ហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅតែមិនទាន់ឃើញមានការដោះស្រាយអ្វីទេ។ អ្នកស្រី ស៊ាន រី ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាប ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ឲ្យឆាប់រហ័ស ដោយមិនអាចពន្យារពេលទៀតទេ៖ «ខ្ញុំចង់ឲ្យអាជ្ញាធរពន្លឿនការដោះស្រាយ ពីព្រោះខ្ញុំពិបាកណាស់ សូម្បីតែរកស៊ីក៏ខ្ញុំពិបាក គឺនៅតែចាំយាមដី ហើយកូនរៀនថ្នាក់ទី៥-៦ អី មិនបានរៀនសូត្រ វាឈប់អស់ ពីព្រោះបន្តិចឡើងតុលាការ បន្តិចឡើងកាក់ត្រាក់ទ័រ»។
អ្នកភូមិស្នាសង្គ្រាម ចំនួន ៣៧គ្រួសារ កើតមានទំនាស់ដីធ្លីទំហំជាង ១៣៧ហិកតារ ជាមួយនឹងលោក សៅ រ៉ានី ជាមន្ត្រីម្នាក់ដែលធ្លាប់ស្និទ្ធនឹងសម្ដេចក្រុមព្រះ តាំងតែពីអំឡុងឆ្នាំ២០១២ មក ហើយដីផ្នែកខ្លះទៀតក៏នឹងប៉ះពាល់ទៅនឹងគម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការលេខ៣១៧ ដែរ។
កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា បានពិនិត្យលើឯកសារបណ្ដឹងរបស់ប្រជាពលរដ្ឋ ហើយក៏បានធ្វើលិខិតឆ្លងតាមអនុប្រធានទី២ នៃព្រឹទ្ធសភា ផ្ញើជូនមកអាជ្ញាធរខេត្តសៀមរាប ឲ្យដោះស្រាយបញ្ហានេះ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសាលាខេត្តសៀមរាប ដើម្បីសុំការបញ្ជាក់បានថា តើនឹងដោះស្រាយយ៉ាងណានៅឡើយ?
ចំណែកអភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គឺលោកមិនទាន់បានទទួលលិខិតរបស់ស្ថាប័នព្រឹទ្ធសភា ដែលផ្ញើឲ្យដោះស្រាយរឿងដីធ្លីរបស់អ្នកភូមិស្នាសង្គ្រាម នោះនៅឡើយទេ។ លោកអភិបាលស្រុកបញ្ជាក់ថា នៅភូមិស្នាសង្គ្រាម គឺប្រជាពលរដ្ឋមានទំនាស់ដីធ្លីពាក់ព័ន្ធនឹងការសាងសង់មជ្ឈមណ្ឌលយោធិនពិការ៣១៧ និងដីរបស់ លោក សៅ រ៉ានី។ លោក ភូ សំអាត បញ្ជាក់ថា ការប៉ះពាល់ដោយការសាងសង់មជ្ឈមណ្ឌលយោធិនពិការកន្លងទៅ បានដោះស្រាយជំហានទីមួយរួចហើយ គឺអ្នកភូមិ ១គ្រួសារបានទទួលគោលរបបផ្ទះ ១ខ្នង ដី ១,៥ហិកតារដូចជនពិការ ប៉ុន្តែចំពោះអ្នកមានដីច្រើន គឺអាចបន្ថែមរបបលើសគេបន្តិច។ ចំណែកការសាងសង់មជ្ឈមណ្ឌលយោធិនពិការជំហានទី២ គឺមិនទាន់បានឈូសឆាយដីធ្វើឲ្យប៉ះពាល់ដល់ដីអ្នកភូមិនៅឡើយទេ គឺគ្រាន់តែវាស់ប្លង់ហើយ បានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ អាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប មន្ត្រីសុរិយោដី និងអ្នកគ្រប់គ្រងគម្រោងយោធិនពិការ មានគម្រោងដោះស្រាយការប៉ះពាល់ជំហានទី២ នេះ តាមរយៈការដូរដីផ្សេងទៅឲ្យប្រជាពលរដ្ឋ ក៏ប៉ុន្តែថ្មីៗនេះ ដោយសារតែអ្នកភូមិបដិសេធរឿងទំនាស់ដីធ្លីជាមួយ លោក សៅ រ៉ានី ដោយមិនព្រមដោះដូរទៅកន្លែងផ្សេង គឺគណៈកម្មការចម្រុះអាចនឹងប្ដូរគំនិតយកជំហានទី១ មកដោះស្រាយទៀត៖ «ចំពោះប្រជាពលរដ្ឋដែលនៅទីហ្នឹងប៉ះពាល់ទីហ្នឹង យើងមានឯកសារដោះដូរជូនគាត់រួចទៅហើយ បើសិនជាអត់មានករណីដូរដីជាមួយ សៅ រ៉ានី ទៀតទេ គឺយើងនឹងវិលមកគន្លងដើម ដោយឲ្យ ១គ្រួសារយកគោលរបបស្មើនឹងយោធិនពិការ ១គ្រួសារដូចគ្នាដែរ»។
អ្នកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន ដែលតាមឃ្លាំមើលបញ្ហាទំនាស់ដីធ្លីនោះ មានប្រសាសន៍ថា លោកឃើញអ្នកភូមិស្នាសង្គ្រាម ជាច្រើនគ្រួសារ បានប្រឈមមុខនឹងការលំបាកជាច្រើនខាងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែគ្មានដីធ្វើកសិកម្ម និងចំណាយពេលវេលាដើរតវ៉ារឿងក្តីមិនបានប្រកបរបរចិញ្ចឹមជីវិតទៀងទាត់។ លោក សួស ណារិន សម្ដែងការអបអរសាទរចំពោះគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា ដែលជំរុញឲ្យអាជ្ញាធរខេត្តសៀមរាប ដោះស្រាយបញ្ហាជម្លោះដីធ្លីទីនោះ៖ «យើងស្វាគមន៍ចំពោះអន្តរាគមន៍ពីព្រឹទ្ធសភា ដែលទទួលស្គាល់ការពិតថា ដីនោះពិតជាដីរបស់ប្រជាពលរដ្ឋមែន។ យើងចង់ឲ្យពន្លឿនការដោះស្រាយ ដោយមិនចង់ឲ្យប្រជាពលរដ្ឋដើរប្ដឹងទៀតទេ»។
ប្រធានផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសំណុំរឿងវិវាទដីធ្លីច្រើនជាងគេ ក្នុងចំណោមខេត្តដែលនាំមុខគេចំនួនពីរផ្សេងទៀត គឺខេត្តព្រះវិហារ និងខេត្តក្រចេះ។ លោក ឡាត់ គី បញ្ជាក់ថា សំណុំរឿងទំនាស់ដីធ្លីដែលច្រើនជាងគេក្នុងខេត្តសៀមរាប នេះ ប្រហែលបណ្ដាលមកពីរឿងខ្លះមានការដោះស្រាយយូរពេក បណ្ដាលឲ្យកើតរឿងជាច្រើនចាក់ស្រែះគ្នា និងយន្តការសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរមិនសូវដើរ ជាដើម។
របាយការណ៍របស់អង្គការអាដហុក ឲ្យដឹងថា នៅខេត្តសៀមរាប បច្ចុប្បន្ន ក្រៅពីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយអ្នកមានអំណាចស៊ីវិល គឺនៅមានទំនាស់ដីធ្លីជាមួយទាហានមានចំនួន ៣៧៣គ្រួសារ លើផ្ទៃដី ១.០៨១ហិកតារ ដែលកំពុងពិបាកដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
