ពលរដ្ឋ​៣​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ក្រចេះ

0:00 / 0:00

ប្រជាពលរដ្ឋ ៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចាប់​ខ្លួន ដោយ​ចោទ​ពី​បទ​កាប់​ទន្ទ្រាន​ដី​តំបន់​អភិរក្ស​បរិស្ថាន។ សាច់​ញាតិ​ជន​រង​គ្រោះ​ម្នាក់​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿង​មិន​ត្រូវ​នោះ​ទេ ពីព្រោះ​ប្អូន​លោក​មិន​បាន​កាប់​ទន្ទ្រាន​ដី​តំបន់​បរិស្ថាន​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ៣​នាក់ ដែល​បាន​ទៅ​ធ្វើ​ចម្ការ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​អាជ្ញាធរ​ផ្នែក​បរិស្ថាន​ចាប់​ខ្លួន ដោយ​ចោទ​ថា កំពុង​តែ​មាន​សកម្មភាព​ខុស​ច្បាប់​ដោយ​គ្រប់គ្រង​លើ​ដី​អភិរក្ស​បរិស្ថាន។

បងថ្លៃ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ម្នាក់ លោក វ៉ូច ទ្រា បាន​ឱ្យ​ដឹង​ថា ប្អូន​ថ្លៃ​លោក​ឈ្មោះ គីម សាវ៉ុន រស់​នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​ទៅ​ទិញ​ដី​ចម្ការ​ស្រាប់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ធ្វើ​បាន​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​បញ្ហា​អី​កើត​ឡើង​នោះ​ទេ ហើយ​ប្អូន​របស់​លោក​មិន​បាន​ដឹង​ថា ដី​នោះ​ជា​តំបន់​អភិរក្ស​បរិស្ថាន​នោះ​ដែរ។

លោក​បន្ត​ថា ដី​ដែល​ប្អូន​លោក​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដាំ​ដំណាំ ពិសេស​ដំឡូង​នោះ គឺ​មាន​តិច​តួច​ប៉ុណ្ណោះ ហើយ​នៅ​ព្រឹក​ថ្ងៃ​៩ មីនា លោក​ទទួល​ដំណឹង​ពី​អ្នក​ធ្វើ​ចម្ការ​ក្បែរ​ប្អូន​ថ្លៃ​លោក​ប្រាប់​ថា ប្អូន​លោក​ត្រូវ​អាជ្ញាធរ​ផ្នែក​បរិស្ថាន​ចាប់​ខ្លួន ដែល​លោក​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា គឺ​ជា​រឿង​អយុត្តិធម៌៖ «ដី​ហ្នឹង​ហាម​ឃាត់​ហើយ​បង! ដី​ខាង​សហគមន៍​គេ ប៉ុន្តែ​មិន​មាន​នរណា​មក​ប្រាប់​ថា ជា​ដី​ហាម​ឃាត់​ទេ ហើយ​យើង​បាន​ទិញ​ពី​គេ ទិញ​ត​ពី​គេ ពី​អ្នក​ភូមិ​តៗ​គ្នា​មក»

លោក​បន្ថែម​ទៀត​ថា ប្អូន​របស់​លោក​មិន​ទាន់​នឹង​ប្រមូល​ផល​ដំឡូង​រួច​រាល់​ផង ស្រាប់​តែ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​ខាង​ប៉េអឹម​ខេត្ត​ក្រចេះ ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ។

ជំទប់​ទី​២ ឃុំ​ឃ្សឹម លោក សឹម ជី មាន​ប្រសាសន៍​ថា ការ​ចុះ​ចាប់​ខ្លួន​គឺ​ជា​សមត្ថកិច្ច​របស់​មន្រ្តី​បរិស្ថាន ដោយ​អះអាង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​កាន់​កាប់ និង​រុករាន​ដី​ព្រៃ​បរិស្ថាន ដោយ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឃុំ​នោះ​ទេ។ លោក​បន្ត​ថា តំបន់​នោះ​មាន​តែ​ឈ្មោះ​ថា ជា​តំបន់​អភិរក្ស​ព្រៃ​បរិស្ថាន​សម្រាប់​ជា​ជម្រក​សត្វ ប៉ុន្តែ​មិន​មាន​ព្រៃ​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​បាន​កាប់​រុករាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​តែ​ព្រៃ​នៅ​ក្បាល​ចម្ការ​តែប៉ុណ្ណោះ ចំណែក​រឿង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ លោក​យល់​ថា ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

លោក សឹម ជី៖ «អា​រឿង​នេះ​មិន​ត្រឹមត្រូវ​ទេ បើ​និយាយ​ទៅ​កាល​ពី​បង្កើត​ខាង​បរិស្ថាន​សហគមន៍​អី​ហ្នឹង គឺ​ដើម្បី​ការពារ​ព្រៃ ប៉ុន្តែ​អាការ​ឃុបឃិត​កន្លង​មក​ហ្នឹង អា​ពួក​វា​ដើរ​យក​លុយ​យក​កាក់ ហើយ​ប្រជាជន​ចេះ​តែ​កាប់ៗ​ទៅ។ ដល់​ឥឡូវ​ហ្នឹង​ដំណើរ​វា​អត់​លុយ ចេះ​តែ​ដើរ​ចាប់ៗ​ទៅ។ ហើយ​ខ្ញុំ​មើល​ឃើញ​ថា វា​មិន​មាន​អី​អស្ចារ្យ​ថា​វា​ជា​ព្រៃ​បរិស្ថាន ព្រៃ​ការពារ​អី​ទៀត​វា​អស់​ទៅ​ហើយ»

លោក​បន្ថែម​ទៀត​ថា បញ្ហា​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ចំណាក​ស្រុក​ភាគ​ច្រើន​មក​ទិញ​ដី​យ៉ាង​អនាធិបតេយ្យ និង​ដោយ​លួចលាក់ ហើយ​ប៉ះ​ចំ​ដី​តំបន់​អភិរក្ស ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​ចោទ​ឡើង ប៉ុន្តែ​ប្រសិន​បើ​តំបន់​អភិរក្ស​មាន​តែ​ឈ្មោះ​ទៅ​ហើយ គប្បី​ធ្វើ​សម្បទាន​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​នោះ​ក៏​ជា​រឿង​ល្អ​ដែរ។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​៩ មីនា ថា ការ​ចាប់​ខ្លួន​នោះ គឺ​ដោយសារ​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​បាន​គោរព​ទៅ​តាម​នីតិវិធី​ច្បាប់ ហើយ​អាជ្ញាធរ​បាន​ណែនាំ​​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​ច្បាប់។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ភាគ​ច្រើន គឺ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​នៅ​ពេល​ដែល​ពួកគាត់​ទទួល​ទិញ​ដី​ដោយ​មិន​បាន​ជម្រាប​អាជ្ញាធរ​ឱ្យ​ដឹង​នោះ៖ «ពេល​ខ្លះ​អ្នក​ដែល​កាប់​រុករាន​ហ្នឹង​គាត់​ដឹង​គាត់​រត់​ទៅ គាត់​ឈប់​ទៅ ហើយ​គាត់​លក់ ហើយ​លក់​ហ្នឹង​មិន​មែន​ឱ្យ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ភូមិ​ដឹង​ទេ។ គាត់​ទិញ​ដូរ​ពួកគាត់​ស្ងាត់ៗ​ណា អា​ហ្នឹង​មិន​មែន​ជា​ផ្លូវ​ច្បាប់​ទេ គឺ​គាត់​មិន​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​បាន​ដឹង​ផង អ៊ីចឹង​វា​ជា​ការ​ខុស​ច្បាប់​មួយ។ កន្លង​មក​បង​ប្អូន​ហ្នឹង​ច្រើន​តែ​អ៊ីចឹង អ្នក​ដែល​មក​ហ្នឹង​ច្រើន​តែ​អត់​ដីៗ ហើយ​គាត់​កាប់ៗៗៗ ហើយ​គាត់​ដើរ​ចង្អុល​ប្រាប់​គេ​ផ្សេង​ទៀត​ឱ្យ​ទិញ ហើយ​គាត់​ទៅ​កាប់​ទៀត​ហើយ»

លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ក្នុង​ការ​ដាក់ទោស​ទណ្ឌ​ដល់​ជន​ណា​ដែល​​បាន​រុករាន​ដី​ដោយ​ខុស​ច្បាប់​នោះ​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​មិន​មាន​ការ​ខ្លាចរអា​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ក្នុង​នាម​អាជ្ញាធរ​នៅ​តែ​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង និង​ខិតខំ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​តំបន់​អភិរក្ស​ទាំង​នោះ​ប្រសើរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។