បន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញ សាកសួរអស់រយៈពេលជាង ៥ម៉ោងរួចមក ប្រជាពលរដ្ឋ ៣នាក់រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅក្នុងបណ្ដឹងរបស់ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។
ហេតុការណ៍ប្ដឹងផ្ដល់នោះកើតឡើងបន្ទាប់ពីក្រុមហ៊ុន ឃុន សៀ កាលពីថ្ងៃទី៤ ខែមេសា បានមកយកទីតាំងសង្កាត់ចាស់នោះតាមកិច្ចព្រមព្រៀងជាមួយអាជ្ញាធរដែលពលរដ្ឋអះអាងថា មានទំហំទឹកប្រាក់ ៣លានដុល្លារ។
ពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងកក់១ ចំនួន ៤គ្រួសារ បានព្រមព្រៀងចាកចេញ តែបីគ្រួសារទៀត មិនព្រមចេញទេ ដោយទារសំណងបន្ថែម។ ពេលក្រុមហ៊ុនចុះរុះរើទីតាំងនោះ ក៏មានការប្រទាក់ប្រទងគ្នាខ្លះតែម្ដងទៅ ហើយពលរដ្ឋទាំងបីនាក់ មានឈ្មោះ លី ស្រ៊ាខេង អាយុ ៧០ឆ្នាំ លី ប៊ុនហៀង អាយុ ១៦ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤ឆ្នាំ មិនអនុញ្ញាតឲ្យក្រុមហ៊ុនបោះរបងលើដីគាត់ធ្លាប់រស់នៅទេ។ ហេតុការណ៍នេះហើយដែលក្រុមហ៊ុននឹងដាក់ពាក្យបណ្ដឹងប្ដឹងពលរដ្ឋទាំងបីនាក់នោះ។
រយៈពេល ១ខែចុងក្រោយនេះ ពលរដ្ឋទាំងនោះជួបប្រទះហេតុការណ៍ជាច្រើនមកហើយ ដូចជាករណីបំពុលឆ្កែបួនក្បាលឲ្យងាប់ ករណីជនមិនស្គាល់មុខយកទឹកនោម ទឹកលូ និងទឹកលាមកជះលើដំបូលផ្ទះអ្នកភូមិ។
អ្នកភូមិឈ្មោះ កញ្ញា លី សៀវម៉ី ដែលត្រូវជាកូន និងជាបងស្រីរបស់បុរស ២នាក់ ក្នុងចំណោម ៣នាក់ដែលត្រូវចាប់ខ្លួន ក៏ធ្លាប់ទូរស័ព្ទមកផ្ដល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ទាំងកណ្ដាលយប់ដែរ ថាមានក្រុមមនុស្សទំនងជាញៀនថ្នាំ ៤ ទៅ ៥នាក់ មកបំផ្លាញដើមឈើពួកគាត់។ ក្រុមអ្នកភូមិបានទៅប្ដឹងសមត្ថកិច្ចដែរ តែមិនមានសមត្ថកិច្ចណាអន្តរាគមន៍ទេ។
កញ្ញា លី សៀវម៉ី ក៏ត្រូវគេកាប់ជាច្រើនពូថៅទៀត។ ទង្វើទាំងនោះ ត្រូវបានអ្នកភូមិប្រាប់ថា ជាការបង្ខំឲ្យពួកគាត់ចេញពីលំនៅឋានប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។