អ្នក​​មាន​ទំនាស់​ដី​៣​កន្លែង​តវ៉ា​ដាក់​ញត្តិ​នៅ​ស្នាក់ការ​បក្ស​ប្រជាជន

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​​​បី​កន្លែង​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជិត ១០០​នាក់ ជួបជុំ​គ្នា​ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់ តែ​មិន​បាន​លទ្ធផល​ឡើយ ហើយ​​ក៏​នាំ​គ្នា​​​សំដៅ​ទៅ​តវ៉ា​ដល់​​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត។ កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ដែល​ប្រដាប់​ដោយ ខែល ដំបង និង​រនាំង​ដែក បាន​រារាំង។

ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី ឯម លៀងសេង ថ្លែង​នៅ​ថ្ងៃ​ទី​២២ មេសា ថា រូបគាត់​ធ្លាប់​តវ៉ា​នៅ​មុខ​គណបក្ស​ប្រជាជន​អស់​ពីរ​ដង​មក​ហើយ តែ​មិន​មាន​ដំណោះស្រាយ។ លោកស្រី​រំលឹក​ថា ផ្ទះ​សំបែង​របស់​គាត់​ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ លោក កែប ជុតិមា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) រុះរើ និង​វាយ​កម្ទេច​ចោល។ ហើយ​លោក កែប ជុតិមា ធ្លាប់​ស្បថ​មុខ​ពលរដ្ឋ​ថា នឹង​សង់​អគារ​សហគមន៍​បុរីកីឡា​ចំនួន ១០​ខ្នង ប៉ុន្តែ​ចុង​ក្រោយ ក្រុមហ៊ុន​សាង​សង់​អគារ​ឲ្យ​ពលរដ្ឋ​តែ ៨​ខ្នង​ប៉ុណ្ណោះ។

លោកស្រី​ដាក់​ការ​សង្ស័យ​ថា ការ​មិន​គោរព​កិច្ចសន្យា​របស់​អភិបាល​ក្រុង​ជិត​ផុត​អាណត្តិ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ៖ «គាត់​កាន់​ជើង​អ្នក​ពុករលួយ​ច្រើន គាត់​ពុករលួយ គាត់​ធ្វើ​ម៉ែ​ឪ​គេ អត់​ជួយ​កូន​ចៅ។ គោលនយោបាយ​គណបក្ស​ប្រជាជន​កាត់​បន្ថយ​ភាព​ក្រីក្រ ឯ​ខ្ញុំ​ក្រ​ដដែល មក​នៅ​ដី​វិញ​គេ​គំរាម​រាល់​ថ្ងៃ»

ចំណែក​ឯ​តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​តវ៉ា​នៅ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​គោរព​គោលនយោបាយ​របស់​ខ្លួន​ដែល​ចែង​ថា សមាជិក​បក្ស​ត្រូវ​តែ​មោះមុត​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ។

អ្នកស្រី​បន្ត​ថា មន្ត្រី​គណបក្ស​ប្រជាជន សមាជិក​ព្រឹទ្ធ​សភា លោក ឡាវ ម៉េងឃីន ជា​ថៅកែ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ជា​អ្នក​បញ្ជា​ឲ្យ​កូនចៅ​បូម​ដី​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹងកក់ ហើយ​អនុ​ប្រធាន​បក្ស​ប្រជាជន លោក ហ៊ុន សែន ជា​អ្នក​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ផ្ដល់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ។ប៉ុន្តែ​មន្ត្រី​បក្ស​ប្រជាជន​ដែល​ធ្វើការ​នៅ​សាលាក្រុង​ភ្នំពេញ ​ក៏​មិន​អនុវត្ត​តាម​អនុក្រឹត្យ​ហ្នឹង​ទៀត។

លោកស្រី ទេព វន្នី៖ «ពួក​ខ្ញុំ​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​ហ្នឹង គោរព​នូវ​គោលការណ៍​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចេះ​តែ​ឃោសនា​រហូត​មក​ដល់​ពេល​នេះ​ជិត ៧​ឆ្នាំ​ហើយ ហើយ​ឥឡូវ​ជិត​ដល់​រដូវ​ឃោសនា​ហើយ»។

ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​កាល​ពី​សប្ដាហ៍​មុន​ថា បញ្ហា​ដីធ្លី​នៅ​បឹងកក់ និង បុរីកីឡា ជា​រឿង​នយោបាយ ហើយ​លោក​មាន​មោទនភាព​ថា ខ្លួន​លោក​ធ្វើ​បាន​ល្អ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ៖ «រឿង​បុរីកីឡា និង​បឹងកក់​ហ្នឹង ជា​រឿង​នយោបាយ​ហើយ បើ​មិន​មែន​នយោបាយ យើង​ងាយ​ដោះស្រាយ។ បើ​ដោះស្រាយ​មិន​បាន​ល្អ ខ្ញុំ​មិន​ជាប់​ឆ្នោត​ពេល​បោះ​ឆ្នោត​រើស​ចៅ​សង្កាត់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា មូលហេតុ​ផ្ទុះ​ការ​តវ៉ា​បណ្ដាល​មក​ពី​អាជ្ញាធរ​មិន​ដោះស្រាយ​តាម​ការ​សន្យា​ជាមួយ​អ្នក​ភូមិ។

លោក​បន្ត​ថា បើ​សិន​ជា​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន កម្ពុជា​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ផ្នែក​គោរព​សិទ្ធិ​មនុស្ស ហើយ​បក្ស​កាន់​អំណាច​ក៏​ទំនង​ជា​បាន​ផល​ល្អ​ពី​ដំណោះស្រាយ​នេះ​ដែរ៖ «រាជរដ្ឋាភិបាល ពិសេស​គណបក្ស​កាន់​អំណាច​មាន​ការ​តវ៉ា​កាន់​តែ​ច្រើន អ៊ីចឹង​ការ​ទាក់ទង​រក​សំឡេង​ឆ្នោត​ហ្នឹង ក៏​មាន​ទៅ​តាម​ហ្នឹង​ដែរ អ៊ីចឹង​គួរ​តែ​រក​វិធី​ដោះស្រាយ​ទៅ កុំ​លាប​ពណ៌​ដាក់​គ្នា​ទើប​ប្រសើរ»

ក្រុម​សហគមន៍​មាន​បញ្ហា​ដីធ្លី​ព្យាយាម​ទម្លុះ​រនាំង​ដែក​ការពារ​របស់​សមត្ថកិច្ច​តាំង​ពី​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក​ដល់​វិមាន​ឯករាជ្យ ជិត​ផ្ទះ​លោក ហ៊ុន សែន។ ចំណែក​ឯ​ភាគី​សមត្ថកិច្ច​ចម្រុះ​វិញ បាន​បង្កើន​ចំនួន​អ្នក​ការពារ​យ៉ាង​ច្រើន មាន​ទាំង​អាវុធហត្ថ នគរបាល​ចរាចរណ៍ នគរបាល​ប្រឆាំង​បាតុកម្ម កូដកម្ម កម្លាំង​ចារកម្ម និង​សន្តិសុខ​ខណ្ឌ។ ការ​តវ៉ា​ក៏​កើត​មាន​ការ​រុញ​ច្រាន​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​ធ្ងន់ធ្ងរ​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។