កងសន្តិសុខខណ្ឌដូនពេញ បានចាប់ខ្លួនអតីតអ្នកបឹងកក់ ៣នាក់ នៅព្រឹកថ្ងៃទី៥ មីនា នៅពេលពួកគាត់ឡើងមកតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងមួយចំនួនបន្ថែមលើគោលនយោបាយដែលសាលារាជធានីភ្នំពេញផ្ដល់ឲ្យ នៅពេលពួកគាត់ត្រូវបានអាជ្ញាធររាជធានីបង្ខំឲ្យចេញពីលំនៅឋាន។
អតីតអ្នកបឹងកក់ ជាង ២០នាក់ បានត្រឡប់ទៅជួបជុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញវិញ ទាមទារឲ្យអភិបាលរាជធានីភ្នំពេញ បំភ្លឺចំពោះករណីដែលមន្ត្រីស្នងការរាជធានីភ្នំពេញ បង្ខំឲ្យពួកគាត់ផ្ដិតម្រាមទាំង ១០ ជាថ្នូរនឹងការដោះលែងពីស្នងការដ្ឋាន។
អតីតអ្នកបឹងកក់ អ្នកស្រី ស៊ា ណារ៉េត ដែលត្រូវកងសន្តិសុខខណ្ឌដូនពេញចាប់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែមីនា មានប្រសាសន៍ថា ពួកគាត់ត្រូវបានមន្ត្រីកងសន្តិសុខខណ្ឌដូនពេញចាប់ខ្លួន នៅពេលដែលពួកគាត់ទៅសាលារាជធានី ទាមទារសំណងមួយចំនួនបន្ថែមលើគោលនយោបាយដែលសាលារាជធានីភ្នំពេញផ្ដល់ឲ្យ កាលពីឆ្នាំ២០០៩ លុយ ៨.៥០០ដុល្លារ។ ហើយនៅពេលនោះ ក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់ ទើបពួកគាត់ចាកចេញដោយបង្ខំ។ អ្នកស្រីបន្តថា មន្ត្រីស្នងការរាជធានីភ្នំពេញ បានបង្ខំឲ្យពួកគាត់ផ្ដិតម្រាមទាំង១០ រួចដោះលែងវិញ។ អ្នកស្រីបារម្ភថា គេនឹងយកស្នាមម្រាមដៃទាំងនេះទៅប្រើប្រាស់ក្នុងខ្លឹមសារផ្សេង។
«សំឡេង»
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីស្នងការរាជធានីភ្នំពេញ និងមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីបំភ្លឺជុំវិញបញ្ហានេះ តែមិនអាចទាក់ទងបាន។
ពាក់ព័ន្ធបញ្ហានេះ អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា មានមតិថា នេះជាការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលចេញតវ៉ាពីសិទ្ធិលំនៅឋាន។
«សំឡេង»
ស្ត្រីអតីតអ្នកបឹងកក់ ទាំង ៣នាក់នោះ មានឈ្មោះ អ្នកស្រី ស៊ា ណារ៉េត និងអ្នកស្រី សាត ថា និងកញ្ញា អ៊ីម ស្រីទូច។ អ្នកទាំងបីត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានី នៅម៉ោងជាង ៨ព្រឹក នៅពេលដែលពួកគាត់ទៅសាលារាជធានី សុំឲ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយផ្ដល់ផ្ទះសម្បែង និងមុខរបរនៅក្នុងក្រុងឲ្យពួកគាត់ ដើម្បីរស់នៅប្រកបជីវភាពចិញ្ចឹមជីវិត។ ហើយអ្នកទាំង ៣នាក់ ត្រូវបានដោះលែងវិញ នៅម៉ោងប្រមាណជិត ១២ថ្ងៃត្រង់ ថ្ងៃដដែលបន្ទាប់ពីធ្វើកិច្ចសន្យា និងឲ្យផ្ដិតម្រាមដៃទាំង១០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
