ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយមន្ត្រីកងរាជអាវុធហត្ថនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន ៣នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនពីផ្ទះ នៅព្រឹកថ្ងៃទី២១ សីហា ដោយចោទប្រកាន់ថា រុករានដីដោយខុសច្បាប់។ អ្នកភូមិបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងបង្ខំរំលោភលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ដោយពុំមានបង្ហាញដីកាពីតុលាការឡើយ។
សាច់ញាតិនៃក្រុមគ្រួសារដែលចាប់ខ្លួននោះ អំពាវនាវសុំឲ្យតុលាការខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ ដោះលែងពួកគាត់ជាបន្ទាន់ ពីព្រោះថា អ្នកទាំង ៣នាក់ ពុំមានកំហុសអ្វីនោះទេ។
ភរិយារបស់ជនសង្ស័យដែលត្រូវចាប់ខ្លួន គឺអ្នកស្រី ស្វាយ សុខា រស់នៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឲ្យដឹងនៅថ្ងៃទី២១ សីហា ថា ពួកគាត់ជាប្រជាពលរដ្ឋក្នុងសហគមន៍ដីធ្លីតែងម៉ៅ ចំនួន ៧៤គ្រួសារ មានទំនាស់ដីធ្លីជាមួយមន្ត្រីកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញម្នាក់ឈ្មោះ លោក ស៊ឹម ឈាន។ ផ្ទៃដីដែលមានទំនាស់នោះទំហំប្រមាណ ៦៤ហិកតារ ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា។ អ្នកស្រីបញ្ជាក់ថា ដីដែលមានទំនាស់នេះ ពួកគាត់បានកាន់កាប់ និងដាំដុះអាស្រ័យផលតាំងពីឆ្នាំ១៩៨៩ រហូតមកទល់ឆ្នាំ២០០០ ហើយកាលណោះ ដីលិចទឹក បានផ្អាកការដាំដុះមួយរយៈ។ ក្រោយមកនៅឆ្នាំ២០០៤ ភាគីទំនាស់បានចូលទៅកាន់កាប់ ហើយក្រុមអ្នកភូមិបានតវ៉ាដោះស្រាយមិនចេញ រហូតប្ដឹងផ្ដល់គ្នាទៅតុលាការ។
អ្នកស្រីបញ្ជាក់ថា ការចាប់ខ្លួនរបស់អាជ្ញាធរនេះ ធ្វើឡើងទាំងបង្ខំ ហើយគ្មានដីកាពីតុលាការឡើយ៖ «ខ្ញុំខ្លួនទទេពចៅខ្ញុំប្រ បោសដីស្រាប់តែ ថាច់ យ៉ា ហ្នឹងនាំប៉ូលិសប៉េអិមមក ៤នាក់ ថាហ្នឹងហើយចាប់ទៅហ្នឹងហើយ ប្ដីខ្ញុំណែ! ប្រឡូកប្រតាយថាខ្ញុំមិនព្រមទេ បើបាច់ខ្ញុំដីកាមក។ ម៉េចក៏មកចាប់ខ្ញុំគ្មានដីកា ខ្ញុំមិនព្រមទេ ខ្ញុំមិនឲ្យចាប់ វាប៉ែងជើងប្ដីខ្ញុំដួល ៤នាក់ ហើយវាចាប់ចងទៅខ្លួនទទេ ប៉ែងជើងដូចជ្រូកអ៊ីចឹង ហើយវាចាប់ដាក់ខ្នោះ»។
អ្នកភូមិដែលអាជ្ញាធរចាប់ខ្លួនរួមមាន លោក កើត ណូ ប្រធានសហគមន៍ដីធ្លីភូមិតែងម៉ៅ លោក យឹម ម៉ិច និងលោក ឡុង សុខី។ អ្នកទាំងបីនាក់រស់នៅភូមិតែងម៉ៅ នៃឃុំចន្ទ្រា ត្រូវអាជ្ញាធរកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីប៉ូលិសមូលដ្ឋាន ចាប់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តស្វាយរៀង។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងភាគីទំនាស់ដីជាមន្ត្រីកងរាជអាវុធហត្ថ គឺលោក ស៊ឹម ឈាន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហាទំនាស់ដីនេះបានទេ នៅថ្ងៃទី២១ សីហា។
ចំណែកឯមេបញ្ជាការកងរាជអាវុធហត្ថស្រុកចន្ទ្រា ក៏ពុំបានបញ្ជាក់ចំពោះបញ្ហានេះថាយ៉ាងណានោះដែរ គឺគ្រាន់តែលោកបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការត្រឹមត្រូវ៖ «អឺ! ស្រុកអនុវត្តតាមបទបញ្ជារបស់អឺ! មេបញ្ជាការអាវុធហត្ថខេត្ត ហើយខេត្តគេចុះមក ស្រុកគ្រាន់តែទៅចូលរួមសហការជាមួយគេបង! ដីកាមានដីកា ៣ច្បាប់របស់ព្រះរាជអាជ្ញា ហឹង ប៊ុនជា»។
តែយ៉ាងណា មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរចាប់ខ្លួនប្រជាពលរដ្ឋដោយចោទប្រកាន់ថារុករានដីកម្មសិទ្ធិស្របច្បាប់របស់ភាគីទំនាស់ និងប្រើអំពើហិង្សា។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង ដែលបានតាមដានរឿងទំនាស់ដីធ្លីនេះ គឺលោក នុត ប៊ូពិនណារ័ត្ន ចាត់ទុកការចាប់ខ្លួនអ្នកភូមិទាំង ៣នាក់ របស់អាជ្ញាធរនេះ ថាជាការរំលោភសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ពីព្រោះថា ការចាប់ខ្លួនពួកគាត់ធ្វើឡើងដោយពុំបានបង្ហាញដីកាចាប់ខ្លួននោះឡើយ៖ «អ៊ីចឹងបើយើងពិនិត្យទៅលើស្ថានភាពគិតចាប់ពី ៨៩ មកដល់ឆ្នាំ៩៩ ដែលគាត់អះអាងថា គាត់ជាអ្នកគ្រប់គ្រង ហើយយើងមើលពីស្ថានភាពជាក់ស្ដែងដី ជាដីឯកជនរបស់រដ្ឋ។ អ៊ីចឹងគាត់ជាពលរដ្ឋខ្មែរ គាត់មានសិទ្ធិក្នុងការគ្រប់គ្រងទៅលើដីឯកជនរបស់រដ្ឋ ហើយដីឯកជនរបស់រដ្ឋហ្នឹង បើតាមផ្លូវច្បាប់ បើគាត់គ្រប់គ្រងរហូតជាប់រហូតអ៊ីចឹងទៅដោយមិនមានឧបសគ្គអី បើគាត់អាក់ខាន គឺត្រូវអាក់ខានដោយសារទឹកជំនន់ ដោយសារអីហ្នឹងមិនមែនជាការអាក់ខានទេ ដោយសារគ្រោះធម្មជាតិទេ អ៊ីចឹងមិនអាចចោទគាត់ថាគាត់អាក់ខានកើតទេណា!»។
លោកបន្តថា ក្នុងរឿងទំនាស់ដីធ្លីនេះ កាលពីឆ្នាំ២០១២ កន្លងទៅ តុលាការកំពូលសម្រេចឲ្យភាគីមន្ត្រីកងរាជអាវុធហត្ថឈ្នះក្ដី ហើយក្រោយមកនៅឆ្នាំ២០១៣ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាការពារលើដីនោះ។ ទោះជាយ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋនៅតែបន្តដាំដុះនៅលើដីនោះជាបន្តបន្ទាប់ ដោយសំអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយការតវ៉ាតាមផ្លូវច្បាប់ មិនទាន់បញ្ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
