អាជ្ញាធរខែត្រក្រចេះ ចាប់ខ្លួនពលរដ្ឋ ៤នាក់ និងឈូសបំផ្លាញផ្ទះពលរដ្ឋជាង ១០ខ្នង ឋិតនៅភូមិអូរសំពុង ឃុំដំរីផុង ស្រុកឆ្លូង។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនពលរដ្ឋដើម្បីដោះស្រាយជម្លោះដីធ្លីគឺជាចេតនាបំបាក់ស្មារតីពលរដ្ឋ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ពលរដ្ឋ ១០៤គ្រួសារ រស់នៅឃុំដំរីផុង ស្រុកឆ្លូង ខែត្រក្រចេះ បានស្វែងរកអន្តរាគមន៍ពីអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ករណីអាជ្ញាធរខែត្រក្រចេះ បណ្ដេញពួកគាត់ពីលំនៅឋាន ដោយមិនផ្ដល់សំណង ថែមទាំងយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគាត់ចំនួន ១៤ខ្នង និងចាប់ខ្លួនពលរដ្ឋ ៤នាក់ នៅពីថ្ងៃទី១០ និងទី១១ ខែមីនា។
តំណាងពលរដ្ឋ លោក សន សុផាត អះអាងថា អភិបាលរងខែត្រក្រចេះ លោក ខណ្ឌ ចំណាន ដឹកនាំកម្លាំងប្រដាប់អាវុធចម្រុះជាង ៧០នាក់ ប្រើគ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធយកដីពួកគាត់អាស្រ័យផល និងចាប់ខ្លួនអ្នកភូមិ ៤នាក់។ លោកអះអាងថា សមត្ថកិច្ចបានប្រើអំពើហិង្សាចាប់បោកខ្ទប់ពលរដ្ឋម្នាក់ពិការភ្នែកសងខាង ខណៈពលរដ្ឋព្យាយាមរារាំងប្រតិបត្តិការសមត្ថកិច្ចដែលឈូសបំផ្លាញលំនៅឋានពួកគេ។ លោកកត់សម្គាល់ថា អ្នកភូមិបានកាន់កាប់ដីនៅតំបន់នោះ ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១១ មានដីធ្លីប្រភេទកសិកម្មមួយគ្រួសារ ចាប់ពីជាង ១ហិកតារដល់ជាង ៣ហិកតារសរុប ៣១២ហិកតារ ដោយអាស្រ័យផលជាលក្ខណៈគ្រួសារ៖ «សូម្បីតែមនុស្សខ្វាក់ភ្នែកចាប់បោះបោក ត្រឡប់ហើយរុញផ្ទះរុញសម្បែង ដួលគ្រាំៗ អត់មានយុត្តិធម៌ទេសម្រាប់ពួកខ្ញុំ»។
ពលរដ្ឋ ៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឈ្មោះ លន់ ផន់ ពិការភ្នែកសងខាងឈ្មោះ ចេត វិត ឈ្មោះ ជិន ជា និងឈ្មោះ ប៉ុញ ពីន។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលរងខែត្រក្រចេះ លោក ខណ្ឌ ចំណាន បំភ្លឺថា អាជ្ញាធរខែត្របានជូនដំណឹងផ្សព្វផ្សាយ និងអប់រំពលរដ្ឋមិនឲ្យចូលទន្ទ្រានដីដែលអាជ្ញាធរធ្លាប់បានធ្វើអត្តសញ្ញាណកម្មកាលពីខែកក្កដា ឆ្នាំ២០១៥។
លោកបន្តថា ក្រុមពលរដ្ឋទាំងនោះបានចូលទន្ទ្រានដីឡូត៍ ដែលអាជ្ញាធរបានធ្វើបច្ចុប្បន្នភាពដីចំនួន ៦៤ឡូត៍ស្មើជាង ១០០ហិកតាររក្សាទុកផ្ដល់ជូនពលរដ្ឋ ៩៩៨គ្រួសារ។ លោកទទួលស្គាល់ថា សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋ ៤នាក់ អនុវត្តច្បាប់ដោយសារពលរដ្ឋទាំងនោះរារាំងប្រតិបត្តិការរបស់សមត្ថកិច្ច៖ «គាត់ចេះតែមកធ្វើរោង ចេះតែមកកាប់ដុតហើយមុខសញ្ញាមកធ្វើ។ ធ្វើបណ្ដើរឈ្លោះគ្នាបណ្ដើរ ហើយមុខសញ្ញាយើងកាប់ បានគាត់ក៏ដុតទៅ គាត់រានដាំអ៊ីចឹង។ វាមានការគំរាមកំហែងលើមុខសញ្ញាទទួលដី មានការរារាំងសមត្ថកិច្ច សមត្ថកិច្ចក៏ឃាត់»។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួន និងការឈូសឆាយផលដំណាំ និងផ្ទះសម្បែងពលរដ្ឋថា ជាអំពើរំលោភលើអនុសាសន៍ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ដែលធ្លាប់ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការចាប់ខ្លួនពលរដ្ឋដើម្បីដោះស្រាយជម្លោះដីធ្លី ដោយអាជ្ញាធរខែត្រក្រចេះ ថា ជាំការគំរាមបំបាក់ស្មារតីពលរដ្ឋ និងបង្កអសន្តិសុខសង្គម។
លោកកត់សម្គាល់ថា ពលរដ្ឋក្រីក្រច្រើនរងគ្រោះ តាមប្រព័ន្ធតុលាការ ព្រោះពួកគេបានកាន់កាប់ដីធ្លីអាស្រ័យផលលក្ខណៈគ្រួសារ ផ្ទុយពីឧកញ៉ា និងអ្នកមានឥទ្ធិពលមួយចំនួនបានកាប់ទន្ទ្រានដីសាធារណៈរបស់រដ្ឋរាប់ពាន់ហិកតារអាជ្ញាធរ មិនត្រឹមតែមិនអើពើទេ ថែមទាំងជួយសម្រួលផ្ដល់សិទ្ធិស្របច្បាប់ទៀតផង៖ «ពលរដ្ឋក្រីក្រមិនត្រឹមតែដើម្បីរស់មិនត្រឹមតែមិនផ្ដល់ឲ្យថែមទាំងឃាត់ខ្លួនបញ្ជូនទៅតុលាការទៀត។ ចុះមន្ត្រីធំៗ មានអ្នកមានអំណាច ឧកញ៉ាដែលយើងបានមើលឃើញពួកគាត់ក៏មើលឃើញដែរ ហេតុអីបានគេមិនប្រតិបត្តិការច្បាប់ឲ្យមានប្រសិទ្ធភាពទៅ»។
ពលរដ្ឋចំនួន ៩៩៨គ្រួសារ ត្រូវបានក្រុមហ៊ុន កាសូទីន (Casotin) បណ្ដេញចេញកាលពីឆ្នាំ២០០៧។ បន្ទាប់មកក្រុមពលរដ្ឋចំនួន ៩៩៨គ្រួសារ បានស្នើសុំដីសម្បទានសង្គមកិច្ចទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទាំងនោះកាលពីឆ្នាំ២០១២។
អាជ្ញាធរខេត្តក្រចេះ បានស្វែងរកទីតាំងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋចំនួន ៩៩៨គ្រួសារ វគ្គ១ ចាប់ពីឆ្នាំ២០១៣ ចំនួន ២៩១គ្រួសារ នៅខ្វះ ៧០៧គ្រួសារទៀត ហើយក្នុងមួយគ្រួសារទទួលបានដីកសិកម្ម ៣ហិកតារ។ លើសពីនេះ អាជ្ញាធរខែត្រក្រចេះ ក៏អំពាវនាវឲ្យពលរដ្ឋដែលខ្វះខាតដីធ្លីអាស្រ័យផល ត្រូវដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចមកអាជ្ញាធរខែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
