អង្គការ​និង​សហគមន៍​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ចិន​៥​នៅ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ នាំ​គ្នា​ឃាត់​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) មិន​ឲ្យ​ឈូស​រំលោភ​យក​ដី​ស្រែ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ នាំ​គ្នា​ឃាត់​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) មិន​ឲ្យ​ឈូស​រំលោភ​យក​ដី​ស្រែ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
រូបថត​អង្គការ​ពន្លក​ខ្មែរ

អង្គការ និង​សមាគម​ចំនួន​៤ បាន​ចេញ​របាយការណ៍​រួម​គ្នា​មួយ​ដោយ​បង្ហាញ​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤​ម៉ឺន​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ ឲ្យ​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ចំនួន​៥ ធ្វើ​វិនិយោគ​ស្ករ​អំពៅ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍ ប៉ះពាល់​ដល់​ជីវចម្រុះ​ធម្មជាតិ ព្រម​ទាំង​គ្រឹះ​របស់​ប្រាសាទ​បុរាណ​ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះអាង​ថា ការ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ដាំ​អំពៅ មិន​បាន​ជួយ​លើក​កម្ពស់​ការ​ផលិត​ស្បៀង​នៅ​កម្ពុជា ទេ ប៉ុន្តែ​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ទំនាស់​ដីធ្លី​ខ្លះ​ទៀត​នៅ​ខេត្ត​ព្រះវិហារ ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ចំនួន​៥ នោះ​ចោល​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។

ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចិន ទាំង​៥ នេះ បន្ទាប់​ពី​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ចំនួន​៥ ដែល​ទំនង​បំបែក​ចេញ​ពី​ក្រុមហ៊ុន​តែ​មួយ ហើយ​កំពុង​កាន់​កាប់​ដី​ទំហំ ៤​ម៉ឺន​ហិកតារ​សម្រាប់​ដាំ​អំពៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​យ៉ាង ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍ បំពុល​ទឹក​នៅ​តាម​អូរ និង​ស្ទឹង ព្រម​ទាំង​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ទៀត​ផង។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ គឺ​លោក ប៉ិក សោភ័ណ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មិថុនា ថា រយៈពេល ៦​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​ចិន ចំនួន​៥ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​ខេត្ត​ព្រះវិហារ បាន​យក​ដី​ព្រៃ ដី​ស្រែ​ចម្ការ តំបន់​វាល និង​អូរ ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ​អំពៅ​របស់​ពួក​គេ។ លោក ប៉ិក សោភ័ណ ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ព្រម​ទាំង​ម្ចាស់​ធនាគារ​ដែល​ផ្ដល់​កម្ចី​ឲ្យ​ក្រុមហ៊ុន​ចិន ទាំង​៥ នោះ បាន​យល់​ថា ស្ករ​អំពៅ​ដែល​ក្រុមហ៊ុន​ចិន ទាំងនោះ​បាន​នាំ​ចេញ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​ស្ករ​ឈាម ដែល​កើត​ចេញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ «ក្រុមហ៊ុន​ទាំង​៥ ហ្នឹង គឺ​ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (Ruoy Feng) ហេង ណុង (Heng Nung) ហេង យូ (Heng Yu) និង​ក្រុមហ៊ុន ហេង ហ៊្វូ (Heng Fu)»

ប្រធាន​សមាគម​យុវជន​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ង៉ាច សាមីន ក៏​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន ទាំង​៥ នៅ​លើ​ទឹក​ដី​នៃ​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ រយៈពេល ៦​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​ជាង ២​ម៉ឺន​នាក់ ជាពិសេស​គឺ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ក្នុង​ភូមិ​ចំនួន​២៥ នៃ​ឃុំ​ចំនួន​១០។ លោក ង៉ាច សាមីន ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ទាំងនោះ ហើយ​ប្រគល់​ដី​ជាច្រើន​ហិកតារ​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ៖ «បើ​យើង​ក្រឡេក​មើល​ការ​ប៉ះពាល់​វិញ គឺ​វា​ប្រាសចាក​ពី​គោល​នយោបាយ​របស់​ជាតិ អនុក្រឹត្យ​ចុះ​បញ្ជី​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​និង​ច្បាប់​ភូមិបាល​ទាំងស្រុង»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ចំនួន​៤ មាន​អង្គការ​ពន្លក​ខ្មែរ អង្គការ​គ្រេន (Grain) សមាគម​យុវជន​ជនជាតិ​ដើម​ភាគតិច​កម្ពុជា និង​អង្គការ អេ.អាយ.ភី.ភី (AIPP) បាន​ចេញ​របាយការណ៍​រួម​គ្នា​អំពី​ការ​ប៉ះពាល់​ជាច្រើន​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន នោះ។ របាយការណ៍​បញ្ជាក់​ថា រយៈពេល ៦​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​ចិន ចំនួន​៥ ដែល​បាន​ឈូស​ឆាយ​ដី​ដាំ​អំពៅ​ផលិត​ជា​ស្ករ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខឿន​ប្រាសាទ​បុរាណ​ចំនួន ១៩​កន្លែង ប៉ះពាល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍​ចំនួន​ប្រមាណ ២​ម៉ឺន​នាក់ បំផ្លាញ​ជីវចម្រុះ​ធម្មជាតិ និង​ព្រៃឈើ​អស់​រាប់​ម៉ឺន​ហិកតារ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​នៅ​តាម​អូរ និង​ស្ទឹង​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា និង​តំណាង​ក្រុមហ៊ុន​ចិន ទាំង​៥ នោះ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​របាយការណ៍​របស់​អង្គការ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល