ពលរដ្ឋម្នាក់ក្នុងចំណោម ៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការទន្ទ្រានព្រៃលិចទឹកធ្វើស្រែប្រាំងលើដីវាលទំនាបក្បែរបឹងទន្លេសាប ត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ចំណែកពលរដ្ឋ ៤នាក់ដែលចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ជាមួយគ្នានោះ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ រង់ចាំនីតិវិធីតុលាការ។
អ្នកភូមិនៃឃុំចក និងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចំនួន ៥នាក់ក្នុងចំណោមអ្នកភូមិជាច្រើនគ្រួសារផ្សេងទៀត ដែលធ្លាប់ចូលទៅធ្វើស្រែប្រាំងក្បែរមាត់ទន្លេក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ តាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ខណៈពលរដ្ឋខ្លះថាពួកគេបានអាស្រ័យលើដីនោះរយៈពេល ១៦ ទៅ ២០ឆ្នាំហើយ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឡុង ជាប ថ្លែងថា តុលាការនឹងអនុវត្តទៅតាមច្បាប់ដោយពុំមានសម្ពាធអន្តរាគមន៍ពីអ្នកណានោះទេ។ ការសម្រេចដោះលែងជនសង្ស័យម្នាក់ក្នុងចំណោម ៥នាក់ ដែលពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃលិចទឹកឲ្យបាននៅក្រៅឃុំបណ្ដោះអាសន្នពេលនេះ ក៏ព្រោះតែស្ត្រីរូបនោះមានជំងឺ និងទើបឆ្លងទន្លេរួច៖ « បាទ ! ម្នាក់ត្រូវដោះលែងដោយសារគាត់កូនខ្ចី។ នីតិវិធីខាងខ្ញុំអត់មានទៅស្អីទេ ! ខាងខ្ញុំត្រូវដើរតាមនីតិវិធីដែលច្បាប់បានកំណត់ ថាត្រូវធ្វើម៉េច ធ្វើទៅតាមនីតិវិធីបន្តទៀត ហើយលោកសួរថា ចរចា ( អន្តរាគមន៍ពីអាជ្ញាធរខេត្ត និងតំណាងពលរដ្ឋ ) ខ្ញុំអត់ដឹងផង »។
ច្បាប់ភូមិបាលមាត្រា២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀលទៅដល់ ៥០លានរៀល។
ពលរដ្ឋម្នាក់ដែលទើបដើរចេញពីពន្ធនាគារខេត្តពោធិ៍សាត់ លោកស្រី ស៊ិន សរ មានប្រសាសន៍ថា រយៈពេល ១០ឆ្នាំហើយដែលរូបគាត់ និងប្ដីបានចូលធ្វើស្រែនៅក្បែរទន្លេក្នុងទឹកដីឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឋិតនៅមិនឆ្ងាយប៉ុន្មានពីឃុំត្រពាំងចាន់ ដែលលោកស្រីរស់នៅនោះ មិនដែលឃើញស្លាក ឬបង្គោលរបស់មន្ទីរបរិស្ថានបោះកំណត់ព្រំដី ដើម្បីហាមឃាត់ពលរដ្ឋមិនឲ្យធ្វើទេ៖ « ខ្ញុំឮតែគេហាមឃាត់ ប៉ុន្តែខ្ញុំអត់ដែលជួបប្រទះ។ ខ្ញុំមានយល់យ៉ាងម៉េច ! បើប្រជាជនរាប់រយនាក់ទៅធ្វើ ហើយគេចាប់គ្នាខ្ញុំតែប្រាំនាក់ហ្នឹងមក។ គេថាឲ្យខ្ញុំមកគ្រាន់តែចុះកិច្ចសន្យាឲ្យគេថាឈប់ឲ្យធ្វើអ៊ីចឹង។ ដល់គេមិនឲ្យកិច្ចសន្យា យកខ្ញុំមកដាក់ឃុំគ្រប់កន្លែង »។
ក្រុមពលរដ្ឋអះអាងថា ដីវាលទំនាបក្បែរទន្លេនៅឃុំអន្សាចំបក់ ត្រូវពលរដ្ឋរស់នៅឃុំត្រពាំងចាន់ និងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងកសិករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សរុបមិនតិច ១០០គ្រួសារឡើយ បានចូលកាន់កាប់ និងអាស្រ័យផលលើដីវាលទំនាបនោះរាល់ឆ្នាំ។ ដូច្នេះ បើអាជ្ញាធរហាមឃាត់ គួរតែហាមទាំងអស់គ្នា ហើយកំណត់ទីតាំង និងដាក់ស្លាកហាមឃាត់ឲ្យច្បាស់លាស់។
ទាក់ទងបញ្ហានេះ មេឃុំអន្សាចំបក់ ស្រុកក្រគរ លោក ឡាញ់ ស៊ីធន ថ្លែងក្នុងសម្ដីមួយៗថា លោកមិនអាចក្ដាប់តួលេខពលរដ្ឋចូលទៅធ្វើស្រែប្រាំងលើដីទំនាបក្បែរទន្លេក្នុងឃុំរបស់លោកបានទេ ប៉ុន្តែពលរដ្ឋពិតជាបានបង្កបង្កើនផលស្រូវលើដីនោះច្រើនឆ្នាំមកហើយមែន។ បើទោះជាអាជ្ញាធរហាមឃាត់ តែពលរដ្ឋនៅតែបន្តធ្វើដដែល ទើបមានការឃាត់ខ្លួនពីសំណាក់មន្ត្រីបរិស្ថានខេត្ត៖ « ខ្ញុំមិនទាន់បានឆែកផង ព្រោះភូមិ - ឃុំរបស់ខ្ញុំវាមានពីរផ្នែក មួយនៅលើ មួយទៀតនៅផ្ទៃទឹក មានអាស្រ័យផលយូរហើយតាំងពីចុះ ( បែករបបខ្មែរក្រហមឆ្នាំ១៩៧៩ ) មានមួយកន្លែងធ្លាប់ធ្វើតាំងពីអើយមក តែមួយចំនួនទើបរុករាន »។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្លាប់អះអាងថា ដែនអភិរក្សតំបន់បីក្នុងខេត្តពោធិ៍សាត់ រងការកាប់បំផ្លាញក្រោយឆ្នាំ២០១១ រហូតមក ដូចជានៅចំណុចកោះទន្លាក្រាស់ ឋិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ និងដីព្រៃលិចទឹកនៅតំបន់ក្បែរនោះសរុប ៣៣០ហិកតារ ត្រូវពលរដ្ឋរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាំគ្នាកាប់រុករាន និងបាញ់ថ្នាំគីមីឲ្យព្រៃលិចទឹកងាប់នៅរដូវប្រាំង ដើម្បីយកដីទៅបង្កបង្កើនផលស្រូវប្រាំងជារៀងរាល់ឆ្នាំ។
កាលពីខែកញ្ញា ឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់ដែនព្រៃលិចទឹកជាង ៦សែនហិកតារ (៦៤៧.៤០៦ហិកតារ) នៅក្នុងខេត្តជាប់បឹងទន្លេសាបចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
