ពលរដ្ឋ​៥​នាក់​រង​បួស​ក្នុង​ពេល​តវ៉ា​រឿង​ដីធ្លី​មុខ​សាលា​រាជធានី​ភ្នំពេញ

ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ដីធ្លី​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍ ៤ មាន​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល និង​សហគមន៍​ព្រៃទា បាន​នាំ​គ្នា​មក​តវ៉ា​មុខ​សាលា​រាធានី​ភ្នំពេញ ស្នើ​សុំ​អោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយ​ពន្លឿន​នីតិវិធី និង​ដំណោះស្រាយ​ដី​ជូន​ពួកគាត់​អោយ​បាន​ឆាប់​រហ័ស ដូច​ដែល​ធ្លាប់​បាន​សន្យា​កន្លង​មក។

ក្នុង​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង ហើយ​បាន​បណ្ដាល​អោយ​ស្ត្រី ១​នាក់​សន្លប់ និង​មនុស្ស ៤​នាក់ ទៀត​រង​របួស ខណៈ​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​កង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​និង​ដំបង ប្រហែល​មួយ​រយ​នាក់ ព្យាយាម​រារាំង​អ្នក​តវ៉ា​ដីធ្លី​មិន​អោយ​ឆ្លង​ថ្នល់​ទៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។

​ស្ត្រី​ពីរ​នាក់​មក​ពី​សហគមន៍​បុរីកីឡា គឺ​លោកស្រី ខែម ស្រី ត្រូវ​បាន​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ប្រើ​ដំបង​ឆក់ ឆក់​អោយ​សន្លប់ និង​លោកស្រី ប្រាក់ សុផា រង​របួស​ធ្ងន់​ត្រង់​កំភួនដៃ​ខាង​ឆ្វេង ហើយ​លោកស្រី បូ ឆវី មក​ពី​សហគមន៍​បឹងកក់ រង​បួស​ធ្ងន់​ត្រង់​ថ្ពាល់​ខាង​ស្ដាំ។ ចំណែក​លោក ច័ន្ទ ពុទ្ធិសក្តិ និង​លោក ដួង ឆឺត រង​របួស​ស្រាល ដោយ​កង​សន្តិសុខ​លោត​ធាក់​ពី​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។