សមត្ថកិច្ច​នៅ​រតនគិរី​ចាប់​​​មនុស្ស​៥​នាក់​ពី​បទ​ប្រើ​ហិង្សា

កម្មករ​ចំណាក​ស្រុក ៤​នាក់ និង​ទាហាន​ភូមិ​ភាគ​២ និង​ជា​អ្នក​បើក​បរ​រថយន្ត​របស់​ឧកញ៉ា​តំណាង​ក្រុមហ៊ុន ឌី អឹម ហ្រ្គូប (DM Group) មាន​ទីតាំង​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ត្រូវ​ក្រុម​សមត្ថកិច្ច​ស្រុក ចាប់​ខ្លួន​ក្នុង​បទ​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​លើ​ប្រជាពលរដ្ឋ។

ករណី​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ក្នុង​ជម្លោះ​វាយ​តប់​មួយ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ៥​នាក់​រង​របួស ក្នុង​នោះ​ស្ត្រី​ម្នាក់​បាក់​ដៃ និង​បុរស​ម្នាក់​ត្រូវ​គេ​ព្រួត​វាយ​សន្លប់។

ប្រជាពលរដ្ឋ​ជា​ឪពុក​ជន​រង​គ្រោះ លោក រី សារុន មាន​ប្រសាសន៍​បញ្ជាក់​ថា កូន​គាត់ ៣​នាក់ និង​អ្នក​ភូមិ​ម្នាក់ ត្រូវ​បាន​កម្មករ​របស់​ក្រុមហ៊ុន​ព្រួត​គ្នា​វាយ​តាម​ការ​បញ្ជា​របស់​មេការ​ក្រុមហ៊ុន​ឈ្មោះ បុល។

លោក​បន្ត​ថា តំណាង​ក្រុមហ៊ុន​មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ ណាង បាន យក​គ្រឿងចក្រ​កាយ​ព្រំ​ដី​រំលោភ​យក​ដី​លោក​ដែល​បាន​វាស់វែង​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រុម​ការងារ​វាស់វែង និង​និស្សិត​ស្ម័គ្រចិត្ត​រាជរដ្ឋាភិបាល ហើយ​បាន​ប្រើ​អំណាច​យក​កម្មករ​ប្រមាណ ៣០​នាក់ និង​ទាហាន​មាន​អាវុធ​ឆ្នៃ​មួយ​ដើម ព្រួត​វាយ​កូន​របស់​គាត់​ដែល​តវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​កាយ​ប្រឡាយ​លើ​ដី​របស់​គាត់។

លោក រី សារុន៖ «មើល​ងាយ​ដល់​ប្រជាពលរដ្ឋ ហើយ​និង​រាជរដ្ឋាភិបាល ដែល​គាត់​ខំ​មក​វាស់វែង​ដី​ខ្ញុំ​ហើយ។ មិន​មែន​ប៉ះ​តែ​ខ្ញុំ​មួយ​ទេ ប៉ះ​គ្នា​ច្រើន​ណាស់​រឿង​ដី​នេះ។ ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​មួយ និង​សំណង​ជំងឺ​ចិត្ត»

ជនសង្ស័យ​បង្ក​របួស​ស្នាម​ជា​កម្មករ ៤​នាក់ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​ប៉ូលិស​ខេត្ត និង​ម្នាក់​ជា​ទាហាន​ត្រូវ​ឃុំ​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​បញ្ជាក់​ថា ជនសង្ស័យ​ទាំង ៥ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។