ពលរដ្ឋ​៧០​គ្រួសារ​នៅ​បាត់ដំបង​ប្រឈម​នឹង​បាត់​បង់​ដី​លំនៅឋាន

ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ជា​ច្រើន​ហិកតារ​របស់​ប្រជាពលរដ្ឋ​ចំនួន ៧០​គ្រួសារ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់ ដោយសារ​ក្រុមហ៊ុន​ចិន ចុះ​ទៅ​វាស់វែង​យក​ទៅ​​ធ្វើ​​ទំនប់​រណប ដើម្បី​ស្តុក​ទឹក​​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​កង្ហត ឋិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ជា​ម្ចាស់​ដី បាន​យល់​ព្រម​ផ្ដល់​ដី​ឲ្យ​ទៅ​គម្រោង​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​ពួក​គាត់​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ។

0:00 / 0:00

គម្រោង​លើក​ទំនប់​រណប ដើម្បី​ស្តុក​ទឹក​​យក​ទៅ​ផ្គត់ផ្គង់​​ប្រព័ន្ធ​ប្រឡាយ​មេ​កង្ហត កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ដី​លំនៅឋាន ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ចំនួន ៧០​គ្រួសារ លើ​ដី​ប្រហែល ៣​ពាន់​ហិកតារ ឋិត​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ម្ចាស់​ដី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ។

អ្នក​ភូមិ​ឈ្មោះ យិន អាង រស់​នៅ​ភូមិ​ទឹកសាប ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ថា ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​កង្ហត និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​រតនៈមណ្ឌល បាន​ចុះ​ទៅ​វាស់​វែង​លើ​ដី​ចម្ការ​ដាំ​ដុះ​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ ខណៈ​អ្នក​ភូមិ​ជា​ម្ចាស់​ដី​បដិសេធ​មិន​ទទួល​សំណង​ដែល​មាន​តម្លៃ​តិចតួច។ អាជ្ញាធរ​បាន​កំណត់​តម្លៃ​ដី​ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​សំណង។ ក្នុង​នោះ ដី​លំនៅឋាន ១​ម៉ែត្រ​ការ៉េ ឲ្យ​តម្លៃ ១​ដុល្លារ ៥​កាក់ និង​ដី​ចម្ការ​ក្នុង ១​ហិកតារ ៣​ពាន់​ដុល្លារ។ លោក​អះអាង​ថា តម្លៃ​នេះ​អ្នក​ភូមិ​មិន​អាច​ទទួល​យក​បាន​ទេ៖ «សំណូមពរ​ឲ្យ​តម្លៃ​ដី​ហ្នឹង​ឲ្យ​វា​ឡើង​សមរម្យ ប្រជាជន​ចង់​បាន ១​ម៉ែត្រ​ការ៉េ ១០​ដុល្លារ ដី​ភូមិ ហើយ​ដី​ចម្ការ​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​បាន ១​ដុល្លារ អា​ហ្នឹង​ទើប​អាច​ទទួល​បាន»

ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​មាន​សំណង​សមរម្យ ក្រុម​អ្នក​ភូមិ​គ្រោង​នាំ​គ្នា​យក​ញត្តិ​ដាក់​ទៅ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​សមាគម​អាដហុក (Adhoc) នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ ឲ្យ​ជួយ​ដោះស្រាយ​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រុក​រតនៈមណ្ឌល ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​នេះ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​សិក្សា​រួម​គ្នា ដើម្បី​ដោះស្រាយ​ទំនាស់​ដោយ​ផ្ដោត​លើ​ផល​ប្រយោជន៍​ជា​​រួម​ទាំងអស់​គ្នា៖ «កន្លង​មក​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ហ្នឹង ហើយ​ឲ្យ​បងប្អូន​ក្រុម​ការងារ​ដែល​ដោះស្រាយ​ប៉ះពាល់​ហ្នឹង រួម​គ្នា​ពិភាក្សា​រក​ចំណុច​មួយ​រួម ឯកភាព​គ្នា​ទៅ ពីព្រោះ​ពេល​ខ្លះ​យើង​ឃើញ​ថា ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នោះ​ទេ បើ​គាត់​ទាមទារ​ហួស​ហេតុ​ពេក ក៏​មិន​ទំនង​នោះ​ដែរ។ យើង​ក៏​បាន​ត្រៀម​ដោះស្រាយ​ផល​ប៉ះពាល់​ឲ្យ​គាត់​ដែរ​ហើយ»

​ដី​លំនៅឋាន ដី​ស្រែ​ចម្ការ ទំហំ​ប្រហែល ៣​ពាន់​ហិកតារ របស់​ប្រជាពលរដ្ឋ ៧០​គ្រួសារ​នោះ ស្ថិត​នៅ​ភូមិ​អូរត្រែង ភូមិ​ទឹកសាប ភូមិ​ផ្លូវមាស និង​ភូមិ​សេកសក ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។

ទាក់ទិន​ករណី​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សង្កេត​ឃើញ​ថា គណៈកម្មការ​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​ដោះស្រាយ​ត្រឹមត្រូវ​តាម​ច្បាប់​អស្សាមិករណ៍​នោះ​ទេ។ ច្បាប់​អស្សាមិករណ៍ បាន​តម្រូវ​ឲ្យ​ចុះ​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ធ្វើ​របាយការណ៍​យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់ ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ដើម្បី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រេច៖ «ក៏ប៉ុន្តែ​នៅ​ក្នុង​រឿង​នេះ ប្រជាពលរដ្ឋ​មិន​បាន​ទទួល​សេចក្តី​សម្រេច ឬ​ក៏​ការ​ចុះ​ហត្ថលេខា​សម្រេច​ថា​ម៉េច​ពី​ថ្នាក់​ណា អត់​មាន​ទាំងអស់ មួយ​ទៀត​ក្នុង​ច្បាប់​អស្សាមិករណ៍​ក៏​បាន​និយាយ​ដែរ ប្រគល់​ប្រាក់​ឲ្យ​បាន​សមរម្យ​ត្រឹមត្រូវ​ជា​មុន ទើប​ចាប់​ផ្ដើម​អនុវត្ត ហើយ​ពេល​ដែល​ទទួល​បាន​ហ្នឹង ក្នុង​ច្បាប់​ទុក​រយៈពេល​មួយ​ខែ​ឲ្យ​ម្ចាស់ ដើម្បី​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ទី​នោះ»

លោក​សង្កត់​ធ្ងន់​ថា ចំណុច​នេះ​ពុំ​បាន​ដោះស្រាយ​ទេ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បែរ​ជា​នាំ​គ្នា​ចុះ​អនុវត្ត​ទៅ​វិញ។ លោក​បន្ត​ថា ដំណើរ​ការ​ដក​ហូត​ដី​កម្មសិទ្ធិ​ឯកជន​ក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ មាន​ភាព​មិន​ប្រក្រតី​ច្រើន។ បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​តែ​នាំ​គ្នា​តវ៉ា។

យោង​លើ​ច្បាប់​អស្សាមិករណ៍ លោក យិន ម៉េងលី បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើត​នូវ​គណៈកម្មការ និង​អនុ​គណៈកម្មការ​ដែល​មាន​សមាសភាព​ចូល​រួម មាន អភិបាល​ខេត្ត អភិបាល​ស្រុក មេ​ឃុំ មេ​ភូមិ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ទៅ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​រដ្ឋាភិបាល ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ចៀស​វាង​ការ​ប្រើប្រាស់​រូបមន្ត​ប្រលេះ​គ្រាប់​ពោត កោះ​ហៅ​ប្រជាពលរដ្ឋ​ម្ដង​មួយ​គ្រួសារៗ យក​ទៅ​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​យល់​ព្រម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។