អាជ្ញាធរចម្រុះដឹកនាំដោយអភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៦ ខែសីហា ចុះឈូសឆាយបំផ្លាញផ្ទះពលរដ្ឋមួយខ្នង ឋិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ នៅពេលដែលពលរដ្ឋមួយគ្រួសារនោះបដិសេធមិនព្រមចាកចេញ ដើម្បីបើកផ្លូវឲ្យអាជ្ញាធរពង្រីកស្ពាន។
ស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ អំពាវនាវរកអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដោយសំអាងថា ការបណ្ដេញគ្រួសារគាត់ចេញពីផ្ទះនេះ ជារឿងអយុត្តិធម៌ ដ្បិតអាជ្ញាធរមិនបានផ្ដល់សំណងឲ្យបានសមរម្យតាមការទាមទារឡើយ។
ស្ត្រីមេម៉ាយវ័យជិត ៥០ឆ្នាំ និងម្ដាយវ័យជាង ៧០ឆ្នាំ ព្រមទាំងកូន ២នាក់អាយុជាង ១០ឆ្នាំ ត្រូវអាជ្ញាធរចាប់នាំចេញពីផ្ទះ នៅពេលអ្នកទាំង៤នាក់ ព្យាយាមចាក់សោខ្លួនឯងសម្ងំក្នុងផ្ទះ ជំទាស់នឹងការរុះរើរបស់អាជ្ញាធរ។ ការឈូសឆាយ ត្រូវបានអាជ្ញាធរធ្វើឡើងភ្លាមៗនៅពេលផ្ទះឈើប្រក់ក្បឿងមួយខ្នងនោះ ត្រូវបង្ខំរុះរើ។
«សំឡេងឈូសឆាយ»
ម្ចាស់ផ្ទះ គឺលោកស្រី សូ ផល្លីយ៉ា មានប្រសាសន៍ថា អាជ្ញាធរពុំបានផ្ដល់សំណងត្រឹមត្រូវទេ នៅពេលដែលលោកស្រីទាមទារសំណងចំនួន ៣៨.០០០ដុល្លារ។ លោកស្រីបញ្ជាក់ថា មិនជំទាស់នឹងការអភិវឌ្ឍពង្រីកស្ពានរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែលោកស្រីពិតជាពិបាកនឹងចាកចេញពីទីកន្លែង ដែលលោកស្រីអាចប្រកបរបរចិញ្ចឹមជីវិតរាល់ថ្ងៃ ទៅកាន់កន្លែងដែលមិនអាចប្រកបរបរបាន ដោយសំណងមិនសមរម្យបែបនេះ៖ «ចា៎! សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយខ្ញុំផង ខ្ញុំអស់ដីអស់ផ្ទះរលីង ដីខ្ញុំនៅក្នុងប្លង់ក៏ជាប់ក្នុងក្តីនៅតុលាការដោះស្រាយអត់ចេញទៀត សូមសម្ដេច ប៊ុន រ៉ានី ជួយផង។ អត់ប្រឆាំងនឹងការអភិវឌ្ឍទេ ការអភិវឌ្ឍវាល្អទេ ប៉ុន្តែខ្ញុំសូមសំណូមពរឲ្យដោះស្រាយឲ្យខ្ញុំឲ្យបានសមរម្យមក ១ម៉ឺនខ្ញុំយកទៅទិញអីគ្រាន់?»។
តាំងពីព្រឹកព្រលឹមថ្ងៃទី២៦ ខែសីហា កម្លាំងចម្រុះប្រមាណជិត ១០០នាក់ បានទៅដល់គល់ស្ពានព្រែកក្ដាម ដើម្បីអនុវត្តដីកាសាលាដំបូងខេត្តកណ្ដាល រុះរើផ្ទះប្រជាពលរដ្ឋក្រោមគម្រោងពង្រីកស្ពាន។ មុនពេលឈានចូលដល់ការរុះរើនៅពេលនេះ អាជ្ញាធរបានយល់ព្រមផ្ដល់សំណងជាប្រាក់ចំនួន ១ម៉ឺនដុល្លារ និងដីមួយកន្លែងនៅព្រែកតាទែន ដែលអ្នកភូមិអះអាងថា មិនដឹងឋិតនៅទីតាំងណាពិតប្រាកដ។
អភិបាលរងខេត្តកណ្ដាល លោក លោក នៃ ចារី មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ៨៨៣គ្រួសារ បានរងផលប៉ះពាល់ពីគម្រោងពង្រីកស្ពានព្រែកក្ដាម ប៉ុន្តែមានតែមួយគ្រួសារនេះទេ ដែលមិនព្រមចាកចេញ។ លោកសង្ស័យថា គ្រួសារនេះអាចមានអ្នកនៅពីក្រោយញុះញង់ ទើបគ្រួសារនេះហាក់មិនចូលរួមការអភិវឌ្ឍជាមួយរដ្ឋាភិបាល៖ «គេមានផែនការអស់ហើយ គេមិនមែនល្ងង់ឲ្យប្រជាជនទៅងាប់ទៅអត់កន្លែងទៅទេ។ ប្អូនឯងត្រូវសួរថា ៨៨៣គ្រួសារគេទៅអស់ហើយ សួរមើលចិត្តអូនឯងធ្វើជាមេគេ។ ៨៨២ គេទៅហើយនៅសល់មួយដើម្បីអី? ឬក៏គាត់ស្ដាប់អ្នកណាញុះញង់នៅពីក្រោយ យើងអត់យល់ ឬក៏គាត់យ៉ាងម៉េចវែងឆ្ងាយ យើងអត់យល់ អត់ដឹង យើងអត់អាចចាប់បង្ខំគាត់ទេ។ ប៉ុន្តែអ្នកសារព័ត៌មានអាចសួរខ្លួនឯង»។
អាជ្ញាធររំពឹងថា នៅពេលដែលស្ពាននេះពង្រីករួចរាល់ នឹងជួយសម្រួលដល់ចរាចរណ៍ឲ្យកាន់តែប្រសើរ។ ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួនដែលបានចាកចេញក្រោមគម្រោងនេះ ក៏បានរិះគន់ថា អាជ្ញាធរពុំបានផ្ដល់សំណងសមរម្យទេ ប៉ុន្តែពួកគេបង្ខំចិត្តទទួលយក ដោយបារម្ភខ្លាចការបង្ខំបណ្ដេញចេញតាមរយៈការឈូសឆាយជាអាទិ៍។
ក្នុងច្បាប់អស្សាមិករណ៍មាត្រា១៧ ចែងថា ការកំណត់សំណងចំពោះម្ចាស់អចលនវត្ថុ ដែលត្រូវដកហូតសម្រាប់អស្សាមិករណ៍ ត្រូវផ្ដល់ជាសំណងសមរម្យ និងយុត្តិធម៌។ ចំណែកមាត្រា១៩ បានចែងថា ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ និងសិទ្ធិលើអចលនវត្ថុ អាចធ្វើបានលុះត្រាតែបានផ្តល់សំណងដល់ម្ចាស់អចលនវត្ថុជាមុនដោយសមរម្យ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
