ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លី ជាមួយក្រុមហ៊ុននៅខេត្តកោះកុង បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយ។
ជំនួបតទល់គ្នានេះធ្វើឡើងតាមរយៈសិក្ខាសាលា នៅខេត្តកោះកុង ស្ដីពីការលើកស្ទួយសិទ្ធិដីធ្លី ធនធានធម្មជាតិ និងការអនុវត្តច្បាប់នៅថ្ងៃទី ២២ តុលា រៀបចំដោយសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងខេត្តនេះបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ក្រុមហ៊ុនចិន យូនៀន ឌីវ័រឡុបមែន គ្រុប (Union Development Group) ក្រុមហ៊ុន អេស.អ៊ី.ហ្សិត (SEZ) និងក្រុមហ៊ុនអាហ្គ្រីខាល់ឆ័រ អ៊ីនដាសស្រ្ទៀលគ្រុប (Agriculture Industrial Group) របស់លោក ហេង ហ៊ុយ ជាដើម។
ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក លោក ឡាត់ គី បានឲ្យដឹងថាតាមរយៈកិច្ចពិភាក្សាក្នុងសិក្ខាសាលានេះ ជាសញ្ញាល្អដល់អាជ្ញាធរជំនាញខេត្ត បានស្វែងរកគន្លឹះដើម្បីដោះស្រាយ ជម្លោះដីរវាងក្រុមហ៊ុន និងពលរដ្ឋ។
លោកចាត់ទុកថានេះជាវប្បធម៌ថ្មីមួយ ដែលគ្រប់ភាគីពាក់ព័ន្ធបានលើកបញ្ហាដាក់លើតុ ហើយនិយាយគ្នា និងបង្ហាញពីលទ្ធភាពដែលអាជ្ញាធរខេត្តអាចដោះស្រាយបានកម្រិតណា និងកម្រិតណាដែលក្រសួងជាអ្នកដោះស្រាយដូចជាករណី ជម្លោះជាមួយក្រុមហ៊ុនចិន យូនៀន ឌីវ័រឡុបមែនគ្រុប ជាដើម៖ «ខេត្តជាតួអង្គសំខាន់មួយ ក្នុងការជួយសម្របសម្រួល ការពារផលប្រយោជន៍សហគមន៍ ខ្ញុំជឿជាក់ថា រឿងដីធ្លីទាំងឡាយ ដែលកើតឡើង នៅក្នុងប្រទេសកម្ពុជា បើសិនណាអាជ្ញាធរខេត្ត ស្រុក និងអាជ្ញាធរឃុំ មានឆន្ទៈមុតមាំ មានគោលនយោបាយច្បាស់លាស់ នៅក្នុងការការពារប្រយោជន៍ជាធំ ខ្ញុំជឿជាក់ថាបញ្ហាដីធ្លី និងកាត់បន្ថយបានច្រើនជាអតិបរមា» ។
លោក ឡាត់ គី បញ្ជាក់ថាទោះបីជាសិក្ខាសាលាជួបជុំរវាងអាជ្ញាធរ និងពលរដ្ឋមិនទទួលបានផលក្ដី ក៏វាជាវិធីសាស្ត្រមួយដែលអាចជួយកាត់បន្ថយបញ្ហាប្រឈមមួយចំនួន រវាងពលរដ្ឋ និងក្រុមហ៊ុន។ ជាងនេះទៅទៀតសិក្ខាសាលានេះបានជំរុញ ឲ្យអាជ្ញាធរប្ដេជ្ញាចិត្តជាក់លាក់មួយ ដើម្បីដោះស្រាយជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។