ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​គ្មាន​ទំនុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់

ដោយ ខែ សុណង
2016.02.09
អ្នក​ភូមិ​ក្បែរ​ផ្លូវ​រថភ្លើង ភ្នំពេញ ៨៥៥ ទិដ្ឋភាព​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥
Photo: RFA

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទៅ​ប្រមូល​ផ្ដុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វិនិយោគ​សាងសង់​នេះ។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក បាន​ហៅ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ គឺ​ជា​ការ​លួង​ចិត្ត​ពួក​គាត់ ដើម្បី​អនុវត្ត​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។

ពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ភូមិ​២៣ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក លោកស្រី នី សន្ដោស មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ពុំ​មាន​ទំនុក​ចិត្ត​សោះ ពេល​អាជ្ញាធរ​ប្រាប់​ឲ្យ​ពួក​គាត់​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​គ្រា​ដែល​លេច​ឮ​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស ដែល​នឹង​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ពួក​គាត់«ការ​ពិត​យើង​មិន​ជឿជាក់​លើ​គាត់​ប៉ុន្មាន​ទេ ខ្លាច​គាត់​ថា​ឲ្យ​យើង​រក្សា​ស្ងប់ស្ងាត់​ទៅ ស្រាប់​តែ​គាត់​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​អ្វី​មួយ យើង​ពិបាក​ទុក​ចិត្ត​មែន​ទែន។ កន្លង​មក ឲ្យ​យើង​រក្សា​ភាព​ស្ងប់ស្ងាត់ ចាប់​ផ្ដើម​សកម្មភាព​បណ្ដេញ​ទីណាត់ទីណែង យើង​អត់​មាន​ទំនុក​ចិត្ត​សោះ។ ខ្លាច​តែ​គាត់​ថា​ឲ្យ​យើង​នៅ​ស្ងៀមៗ​អ៊ីចឹង​ណា គាត់​មាន​ផែនការ​របស់​គាត់​ផ្សេង​ទៅ ភាគ​ច្រើន​ធ្លាប់​ឃើញ​តែ​អ៊ីចឹង​ដែរ។ យើង​រក​ទុក​ចិត្ត​គាត់​អត់​បាន»

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​៩ កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ។ លិខិត​ដដែល​បញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។ រដ្ឋាភិបាល​យល់​ថា គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ជា​ជម្រើស​មួយ​ល្អ​ប្រសើរ​ក្នុង​ការ​សម្រេច​ចិត្ត ព្រោះ​នាំ​មក​ជូន​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​បាន​ល្អ កាត់​បន្ថយ​ការ​កក​ស្ទះ ផ្ដល់​ផល​ប៉ះពាល់​តិចតួច​លើ​បរិស្ថាន និង​សង្គម និង​ផ្ដល់​ប្រយោជន៍​ធំធេង​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

រដ្ឋាភិបាល បាន​ឯកភាព​ដាក់​ជូន​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​ការ​វិនិយោគ​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន​ពី​ស្ថានីយ​ផ្លូវ​ដែក​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ គម្រោង​នេះ នឹង​ត្រូវ​សាងសង់​លើ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នេះ សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាន​រឿង​នេះ វាយ​តម្លៃ​ថា មាន​ពលរដ្ឋ​មិន​តិច​ជាង ២​ពាន់​គ្រួសារ អាច​នឹង​រង​ផល​ប៉ះពាល់។

នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម ថ្លែង​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ប្រញាប់​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់ ពី​ជំហរ​ទាំង​សង​ខាង ទើប​ឆាប់​មាន​ដំណោះស្រាយ​ល្អ«ក្រសួង​គួរ​តែ​អញ្ជើញ​សហគមន៍ ដើម្បី​ទៅ​ពិភាក្សា ហើយ​និង​បង្ហាញ​គាត់​ឲ្យ​បាន​ជាក់លាក់​ច្រើន​ជាង​ហ្នឹង ព្រោះ​ថា​កន្លង​មក គាត់​ច្រើន​តែ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​នៅ​មុខ​ក្រសួង​ហ្នឹង បាន​ចេញ​មក​សន្យា​ម្ដង​ហើយ​ថា គាត់​នឹង​បើក​វេទិកា​សាធារណៈ។ តែ​ឥឡូវ​ក្រសួង​បាន​ចេញ​លិខិត​ហ្នឹង​ហាក់​ដូច​វា​ផ្ទុយ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​កាល​ពី​ថ្ងៃ​មុន។ ដូច្នេះ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ហើយ​ឲ្យ​មាន​ការ​ជឿជាក់​ពី​ប្រជាពលរដ្ឋ ក្រសួង​គួរ​តែ​កោះ​អញ្ជើញ​គាត់​ទៅ​ធ្វើ​ការ​ពិភាក្សា ហើយ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ដាន​ទាំងអស់​គ្នា ខណៈ​ដែល​ការ​សិក្សា​មាន​ដំណើរ​ល្អ​ទៅ​មុខ​អ៊ីចឹង និង​អញ្ជើញ​គាត់​ដើម្បី​ធ្វើ​វេទិកា​សាធារណៈ»

ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​ដែល​មាន​ការ​សម្រេច​ពី​រដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ពីរ​ដែល​បាន​ស្នើសុំ​វិនិយោគ ក្រសួង​សាធារណការ នឹង​រៀបចំ​វេទិកា​នៅ​នឹង​កន្លែង និង​ធ្វើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​រួច​រាល់​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​គម្រោង​ដំណើរ​ការ​សាងសង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។