អ្នក​បុរីកីឡា​៥​គ្រួសារ​ត្រូវ​បាន​បង្ខំ​ឲ្យ​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ដែល​គេ​ទុក​ចោល

ពលរដ្ឋ​បុរីកីឡា ៥​គ្រួសារ​ដែល​កំពុង​រង់ចាំ​ការ​ដោះស្រាយ​ផ្ទះ​សម្បែង​ពី​សាលា​រាជធានី​ភ្នំពេញ ត្រូវ មន្ត្រី​ខណ្ឌ​៧មករា បង្ខំ​ឲ្យ​រើស​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ដែល​ពួក​គាត់​សម្រេច​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​ទុក​ចោល។

អ្នក​បុរីកីឡា សង្កាត់​វាលវង់ ខណ្ឌ​៧មករា អ្នកស្រី ស ស៊ន ថ្លែង​នៅ​ថ្ងៃ​ទី​៨ មករា ថា អាជ្ញាធរ​ខណ្ឌ និង​ប៉េអិម បាន​ហៅ​ពួក​គាត់​ទាំង ៥​គ្រួសារ ឲ្យ​ទៅ​សាលា​ខណ្ឌ​និយាយ​គ្នា​ចំពោះ​ករណី​ដែល​ពលរដ្ឋ​បាន​សម្រេច​ទៅ​រស់​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បាន​គោល​នយោបាយ​ឡើង​អគារ​ថ្មី ហើយ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន។ អ្នកស្រី​បន្ត​ថា ពួក​គាត់​មិន​អាច​រង់ចាំ​ការ​ដោះស្រាយ​ដ៏​យូរ​របស់​លោក​អភិបាល​រាជធានី​នោះ​ទេ ដោយសារ​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​បច្ចុប្បន្ន​មាន​ការ​លំបាក។

អ្នកស្រី ស ស៊ន៖ «ពួក​ខ្ញុំ​ហ្នឹង​ពួក​រង់ចាំ​ហ្នឹង មាន​គ្រួសារ​ខ្លះ​កូន​ច្រើនៗ កូន​ធំៗ​កូន​ស្រី​ពេញ​ជំទង់​រស់​នៅ​ក្រោម​តង់ ចង្អៀត​ពេក​គាត់​រង់ចាំ​យូរ។ លោក ប៉ា សុជាតិវង្ស គាត់​សន្យា ២​ខែ ឥឡូវ​លើស​ពី​ពីរ​ខែ​ហើយ គាត់​ទៅ​បោស​ផ្ទះ​ចាស់​នៅ។ គេ​ដាក់​កម្លាំង​ប៉េអិម ខាង​ខណ្ឌ​គេ​មក​រុះរើ​ឥវ៉ាន់​គាត់​ចេញ តែ​មិន​បាន​យក​ចេញ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ច្រើន។ ឥឡូវ​គេ​ហៅ​ទៅ​ខណ្ឌ ថា​យើង​ហ្នឹង​ធ្វើ​អី​អត់​ចេះ​សុំ​ច្បាប់​គេ ធ្វើ​អី​ឆៅៗ»

អភិបាល​ខណ្ឌ​៧មករា លោក សោម សុវណ្ណ ជាប់​រវល់​មិន​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ។

អ្នក​បុរីកីឡា ជាង ១៥០​គ្រួសារ​ទៀត នៅ​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​ផ្ទះ​សម្បែង​នៅ​ឡើយ​ទេ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​កម្ទេច​ផ្ទះ​ពួក​គាត់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។ អ្នក​ភូមិ​បាន​បន្ត​ស្វែង​រក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​កិច្ច​សន្យា​សង់​អគារ​ថែម ២​អគារ​ទៀត ឲ្យ​បាន ១០​អគារ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​សង់​បាន​តែ ៨​អគារ ទើប​ពួក​គាត់​មួយ​ចំនួន​មិន​បាន​ទទួល​គោល​នយោបាយ​ឡើង​អគារ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។