អាជ្ញាធរខេត្តរតនគិរីបដិសេធសំណើសុំបើកសិក្ខាសាលារបស់អាដហុករឿងដីធ្លី
2017.08.17
អាជ្ញាធរខេត្តរតនគិរី បដិសេធមិនឲ្យមន្ត្រីសមាគមអាដហុក (ADHOC) ធ្វើសិក្ខាសាលាទាក់ទិនករណីសិក្សាពីជម្លោះដីធ្លី ៤ករណី បើទោះបីអាជ្ញាធរខេត្តបានឯកភាពជាគោលការណ៍តាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្តតាំងពីខែកក្កដា ម្តងរួចទៅហើយ។ មន្ត្រីសមាគមអាដហុកចាត់ទុកករណីនេះថាការគេចវេះមិនទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត ក្នុងការចូលរួមដោះស្រាយបញ្ហាកើតមានចំពោះពលរដ្ឋ។
តំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន ៤ភូមិនៅខេត្តរតនគិរី អំពាវនាវឲ្យអាជ្ញាធរខេត្តបើកឱកាសឲ្យពលរដ្ឋ អង្គការសង្គមស៊ីវិល និងមន្ត្រីអាជ្ញាធរ ជួបពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីដោះស្រាយបញ្ហាកំពុងកើតមានរបស់ពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែសីហា មិនឯកភាពឲ្យសមាគមអាដហុកធ្វើសិក្ខាសាលាស្ដីពីការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិដីធ្លីធនធានធម្មជាតិ ដែលគ្រោងលើកករណីជម្លោះដីធ្លីព្រៃឈើរបស់សហគមន៍ចំនួន៤ មកធ្វើការបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលានោះ។
ប្រធានសហគមន៍ភូមិសមុទ្រលើ លោក ទុយ ញ៉េប បញ្ជាក់ថា សហគមន៍នេះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន រ័ត្ន សុខន តាំងពីឆ្នាំ២០១៤ ពាក់ព័ន្ធដីត្រៀមបម្រុងដែលសហគមន៍ស្នើសុំទុកចំនួន ២ពាន់ហិកតារ ក៏ប៉ុន្តែទំនាស់នេះអូសបន្លាយរហូតបច្ចុប្បន្ន បើទោះបីអាជ្ញាធរ និងអង្គការពាក់ព័ន្ធជួយដោះស្រាយច្រើនលើកហើយក្តី។ លោកចង់ឲ្យសហគមន៍ និងមន្ត្រីពាក់ព័ន្ធជួបជុំពិគ្រោះយោបល់ជាថ្មីក្នុងសិក្ខាសាលាដែលរៀបចំដោយសមាគមអាដហុក ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត៖ «សហគមន៍បានដាក់ពាក្យលិខិតដល់អភិបាលខេត្ត ឲ្យគាត់ជួយអន្តរាគមន៍ ដល់សព្វថ្ងៃអត់ទាន់បានធ្វើអ្វីផង ធ្វើម៉េចឲ្យដោះស្រាយ ទោះបីដីហ្នឹងអត់ឲ្យសហគមន៍ ក៏ឲ្យគាត់ប្រាប់ថាដីហ្នឹងឲ្យក្រុមហ៊ុន ឲ្យគាត់ថាអ៊ីចឹងទៅ»។
ក្រៅពីសហគមន៍ភូមិសមុទ្រលើ សហគមន៍ភូមិឡែ ឃុំលំជ័រ សហគមន៍ភូមិបរឡយ និងសហគមន៍ភូមិប៉ាអរ ឃុំកិចុង បានអះអាងដូចគ្នាថា ទំនាស់ដែលកើតមានក្នុងសហគមន៍របស់ពួកគេ អាជ្ញាធរបានដោះស្រាយបានមួយកម្រិត ប៉ុន្តែមិនទាន់រួចរាល់ទាំងស្រុងទេ។ ហេតុនេះ អ្នកភូមិចង់ជួបពិគ្រោះយោបល់ក្នុងសិក្ខាសាលាបន្ថែមទៀត ដើម្បីជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហារបស់អ្នកភូមិដែលអូសបន្លាយច្រើនឆ្នាំមកហើយ៖ «ក្រុមហ៊ុន៧៥ ដែលពាក់ព័ន្ធដីហុកសិបចិតសិបហិកតារ អត់មានស្អីបន្តទេ ប៉ុន្តែបើហ៊ាន សុជាតិ គេនៅបន្តណា! គេប្រាប់ប្រជាពលរដ្ឋថាប្រាំងហ្នឹងគេយកតុលាការមកហើយ»។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានធ្វើលិខិតបដិសេធមិនឯកភាពឲ្យមន្ត្រីសមាគមអាដហុកខេត្តរតនគិរី ប្រារព្ធសិក្ខាសាលាដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែសីហា ក្រោមហេតុផលថា ករណីសិក្សាទាក់ទិនទំនាស់របស់សហគមន៍ទាំងបួន អាជ្ញាធរបានដោះស្រាយបានមួយកម្រិតធំ ចំណែកបញ្ហានៅសេសសល់ សមត្ថកិច្ចកំពុងបន្តដោះស្រាយ។ ម្យ៉ាងវិញទៀត ការលើកករណីទាំង៤ មកធ្វើសិក្ខាសាលា អាចនឹងធ្វើឲ្យពលរដ្ឋយល់ច្រឡំឈានទៅបង្កហេតុជ្រួលច្របល់អនាធិបតេយ្យ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
មន្ត្រីកម្មវិធីបណ្ដាញសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា សិក្ខាសាលាបែបនេះ អាជ្ញាធរនៅគ្រប់ខេត្តមិនបានហាមឃាត់នោះទេ ជាពិសេសអាជ្ញាធរខេត្តរតនគិរី ក៏បានសហការឲ្យសមាគមអាដហុកប្រារព្ធសិក្ខាសាលាដូចគ្នាច្រើនឆ្នាំមកហើយ។ លោកថា នេះជាការគេចវេះរបស់អាជ្ញាធរ ទាក់ទិនការស្វែងរកដំណោះស្រាយជូនពលរដ្ឋ៖ «ពេលហ្នឹងយើងទុកឱកាសឲ្យបងប្អូនសហគមន៍គាត់ប្រមូលផ្តុំទាមទារទៅអភិបាលខេត្តតែម្តង»។
អ្នកនាំពាក្យ និងជាអភិបាលស្តីទីខេត្តរតនគិរី លោក ញ៉ែម សំអឿន កាលពីខែកក្កដា បានឯកភាពជាគោលការណ៍តបលិខិតជូនដំណឹងបើកសិក្ខាសាលារបស់សមាគមអាដហុក ខេត្តរតនគិរី ប៉ុន្តែទាមទារឲ្យសមាគមនេះបង្ហាញឯកសារដែលត្រូវយកមកបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលា។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ទាំង៤ ទទូចឲ្យអាជ្ញាធរខេត្តផ្តល់សិទ្ធិសេរីភាពទាក់ទិនការបើកសិក្ខាសាលានេះ៕