ពលរដ្ឋសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ៥០នាក់ ប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៧ មីនា ដាក់ញត្តិតាមរយៈស្ថានទូតសហរដ្ឋអាមេរិក ជូនភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នករងគ្រោះដីធ្លីស្នើសុំអ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
តំណាងសហគមន៍បឹកកក់ អ្នកស្រី ប៉ូវ សោភា សង្ឃឹមថា វត្តមានរបស់អ្នកស្រី មីស៊្ហែល អូបាម៉ា ជួយអ្នកស្ត្រីជាសកម្មជនដីធ្លីដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញ៖ «ខ្ញុំសង្ឃឹម ១០០ភាគរយថា អ្នកស្រីនឹងរកកិច្ចអន្តរាគមន៍ជាបន្ទាន់មកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី»។
នេះជាលើកទី២ហើយ ដែលសហគមន៍មានបញ្ហាដីធ្លី បាននាំគ្នាដាក់ញត្តិស្នើឲ្យអ្នកស្រី មីស៊្ហែល អូបាម៉ា ក្នុង ពេលដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា នៅពេលខាងមុខនេះ ដើម្បីអន្តរាគមន៍ដល់រដ្ឋាភិបាលដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃ។ ការដាក់ញត្តិនេះក៏មានការឃ្លាំមើលពីមន្រ្តីស៊ីវិលរបស់រដ្ឋាភិបាលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
