ពលរដ្ឋប្រមាណ ១០០នាក់ មកពីសហគមន៍មួយចំនួនដែលមានជម្លោះដីធ្លី ក្រោមការផ្តល់ដីវិនិយោគ នាំគ្នាដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានដោយជោគជ័យ នៅព្រឹកថ្ងៃទី២២ ខែសីហា ទោះបីអាជ្ញាធរខណ្ឌមានជ័យ ខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ព្យាយាមបិទផ្លូវរារាំងពួកគេក៏ដោយ។
ក្នុងការរារាំងនោះ ធ្វើឡើងដោយកម្លាំងអាជ្ញាធរចម្រុះ និងកម្លាំងសន្តិសុខជាច្រើនរយនាក់។ ស្របគ្នានេះ ក៏មានដាក់របាំងដែកជាច្រើនជាន់ ក្នុងបំណងមិនឲ្យពលរដ្ឋអាចចេញពីតំបន់បឹងកក់ ចូលទៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ អ្នកភូមិបានបំបែកជាពីរក្រុម គឺមួយក្រុមនៅតតាំងក្នុងតំបន់បឹងកក់ និងមួយក្រុមទៀត ទៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី។
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលមកទទួលញត្តិពីប្រជាសហគមន៍មានជម្លោះដីធ្លី ក្រោមការផ្តល់ដីវិនិយោគ បានសន្យាថា នឹងបញ្ជូនញត្តិនោះទៅថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក ឃួង ស្រេង សន្យាបែបនេះនៅចំពោះមុខពលរដ្ឋដែលមកពីភូមិឡពាង ខេត្តកំពង់ឆ្នាំង តំបន់បុរីកីឡា តំបន់បឹងកក់ និងសហគមន៍ផ្សេងៗទៀត នៅម៉ោងជិត ១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤៖ «តែខ្ញុំសុំសំណូមពរបងវិញ ថ្ងៃក្រោយនៅពេលដែលបងចង់ដាក់ញត្តិ បងគួរទាក់ទងជាមួយសាលារាជធានីភ្នំពេញ ដែលជាម្ចាស់ទីតាំង ហើយយើងរៀបចំទទួលរបស់បង បញ្ជូនទៅទីតាំងដែលបងចង់ដាក់»។
តំណាងសហគមន៍បឹងកក់ ខណ្ឌដូនពេញ អ្នកស្រី ទេព វន្នី ថ្លែងថា បើសិនជាញត្តិពួកគាត់មិនបានដល់ដៃលោកនាយករដ្ឋមន្ត្រីទៀត សហគមន៍បឹងកក់ នឹងប្ដឹង លោក ឃួង ស្រេង ដែលជាអ្នកទទួលញត្តិដែលសហគមន៍បឹងកក់ សុំឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាជម្លោះដីបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូ (Sukaku)៖ «សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់មានប្រសាសន៍កាលពីថ្ងៃទី១៨ ថា ពេលប្រជាពលរដ្ឋមានជម្លោះដីធ្លី យកញត្តិមកដាក់ឲ្យគាត់ តែងតែមានប៉ូលិសមកទប់ស្កាត់ ហើយមានអ្នកផ្សេងមកចេញយកជំនួស ហើយមិនដឹងយកញត្តិទៅឯណា អ៊ីចឹងបើសិនជាខ្ញុំជូនទៅពូ ឃួង ស្រេង ជាអភិបាលរងក្រុង ហើយមិនដល់ដៃសម្ដេច គឺពួកខ្ញុំនឹងប្ដឹង លោក ឃួង ស្រេង ហើយ»។
ចំណែកតំណាងសហគមន៍ឡពាង មកពីខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ថ្លែងដូចគ្នាថា ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងមិនបានទទួលពាក្យបណ្ដឹងអ្នកភូមិឡពាង រងគ្រោះដោយសារក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ព័ទ្ធយកដីស្រែចម្ការផ្ទះសម្បែង ទើបគាត់មកដាក់ញត្តិជាមួយសហគមន៍បុរីកីឡា និងបឹងកក់ ទាមទារឲ្យជួយដោះស្រាយបានដីរស់នៅ និងដាំដុះវិញ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថា ពួកគាត់មានជម្លោះដីជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) ច្រើនឆ្នាំមកហើយ ដោយសារតែ ស.ជ.ណ របស់នាយករដ្ឋមន្ត្រីប្រគល់ឲ្យក្រុមហ៊ុននោះវិនិយោគ។ ប៉ុន្តែ ក្រុមហ៊ុន ផាន អ៊ីម៉ិច មិនគោរពការសន្យាសង់អគារឲ្យបានគ្រប់ចំនួនទេ ទើបកើតជាជម្លោះខ្វះកន្លែងរស់នៅរបស់អ្នកភូមិបុរីកីឡា៖ «ពួកខ្ញុំមកដាក់ញត្តិនៅក្នុងថ្ងៃនេះក៏ខ្ញុំសង្ឃឹមថា ការដោះស្រាយរបស់សហគមន៍បុរីកីឡា នឹងកើតឡើង គឺអគារទី៩ និងទី១០ សម្រាប់ពួកនាងខ្ញុំ»។
នៅក្នុងការស្វះស្វែងរបស់សហគមន៍ជាច្រើន ដើម្បីដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រីនេះ មានការរារាំងមិនឲ្យអ្នកភូមិអាចធ្វើដំណើរចេញពីបឹងកក់ បាន ដោយប្រើសមត្ថកិច្ច និងកម្លាំងសន្តិសុខខណ្ឌ និងរាជធានីច្រើនរយនាក់ ស្ទាក់ផ្លូវ និងចាប់ខ្លួនស្ត្រីបឹងកក់ ២នាក់ និងយុវជនវ័យ ១៦ឆ្នាំម្នាក់ បង្កឲ្យរបួស និងសន្លប់ តែសមត្ថកិច្ចមិនបានឃុំខ្លួនអ្នកទាំងនោះទេ៖ «សំឡេងច្រានគ្នា»។
យុវជន នូ ជីវ័ន្ត សិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ អាយុ ១៦ឆ្នាំ អះអាងថា សមត្ថកិច្ចចាប់មួលករុញគាត់ចូលឡាន និងចាប់ហែកបដាសុំដោះស្រាយដីធ្លីគាត់កាន់នៅដៃ ធ្វើឲ្យរលាត់ក។
អ្នកស្រី បូ ឆវី ដែលសមត្ថកិច្ចចាប់ខ្លួន អះអាងថា ស្នងការរាជធានីមិនទទួលឲ្យឃុំ ទើបសមត្ថកិច្ចច្រានគាត់ទម្លាក់ពីរថយន្តវិញ ធ្វើឲ្យគាត់សន្លប់នៅរង្វង់មូលទួលគោក។
សហគមន៍រងគ្រោះដីក្រោមការវិនិយោគ លើកគ្នាព្យាយាមដាក់ញត្តិនៅថ្ងៃទី២២ ខែសីហា ឲ្យបានដល់ដៃនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្រោយពី លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៨ ខែសីហា ដើមសប្ដាហ៍នេះ ថាជម្លោះដីធ្លីទាំងអស់ លោកមិនដែលបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទេ ហើយលោកប្រកាសដែរថា កន្លែងមានជម្លោះដីធ្លីនៅទីណា អាជ្ញាធរនៅទីនោះត្រូវតែដោះស្រាយ បើមិនដូច្នេះទេ នឹងត្រូវដកតំណែង។
ក្នុងន័យនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី២១ ខែសីហា ផ្ញើលិខិតគាំទ្រការថ្លែងរបស់ លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា អំពីដំណោះស្រាយវិវាទដីធ្លីដែលកើតឡើងច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំនេះ។ ទន្ទឹមនោះ លោក សម រង្ស៊ី សុំផ្តល់ជូនប្រមុខរដ្ឋាភិបាលនូវព័ត៌មានរបាយការណ៍ និងញត្តិ ដែលគណបក្សសង្គ្រោះជាតិ បានទទួលពីប្រជាពលរដ្ឋរងគ្រោះដីធ្លី ហើយក៏សុំសហការក្នុងការលើកទឹកចិត្តអ្នកវិនិយោគត្រឹមត្រូវ ដែលរួមចំណែកអភិវឌ្ឍពិតប្រាកដសម្រាប់កម្ពុជា រយៈពេលវែង។
ស្រដៀងគ្នាដែរ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ផ្ញើលិខិតចំហជូននាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា ពីគន្លឹះដោះស្រាយទំនាស់ដីធ្លី ដូចជា សុំឲ្យរដ្ឋាភិបាលធានាថា ច្បាប់ដែលមានស្រាប់ ត្រូវតែអាជ្ញាធរ និងវិស័យឯកជនអនុវត្តតាមត្រឹមត្រូវ ហើយសហគមន៍ និងសង្គមស៊ីវិល នឹងផ្តល់អនុសាសន៍មួយចំនួនក្នុងការដោះស្រាយទំនាស់ដីធ្លី ដូចជា ដកដីដែលមិនអភិវឌ្ឍដាំដុះធ្វើជាដីសង្គមកិច្ចវិញ សុំឲ្យរដ្ឋាភិបាលផ្អាកបណ្ដោះអាសន្នការបណ្ដេញប្រជាពលរដ្ឋពីដីធ្លី ហើយអនុវត្តការចុះបញ្ជីដីឲ្យមានតម្លាភាព និងឈប់ប្រើប្រព័ន្ធតុលាការ និងឈប់ប្រើហិង្សាទៅលើអ្នកតវ៉ា និងសុំដោះលែងអ្នកកំពុងជាប់ឃុំរឿងដីធ្លី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
