តុលាការ​ខេត្ត​បាត់ដំបង​បើក​សវនាការ​លើ​សំណុំ​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​កន្លែង

តុលាការ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា នេះ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​កន្លែង រវាង​ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ និង​បុគ្គល​ម្នាក់​ឈ្មោះ អៀង អឿន។ លោក អៀង អឿន បាន​ប្ដឹង​ចោទ​ប្រកាន់​អ្នក​ភូមិ ៩​នាក់ ក្នុង​ចំណោម​មនុស្ស ៣៨​គ្រួសារ​នោះ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នៅ​លើ​ដី​ទំហំ ១១០​ហិកតារ កាល​ពី​អំឡុង​ឆ្នាំ​២០១០។

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ឈប់​ទទួល​យក​សំណុំ​រឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង ដែល​កើត​មាន​ជម្លោះ​រ៉ាំរ៉ៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ទៅ​ចាត់​ការ​ជា​បន្ត​ទៀត។ ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​បាត់ដំបង កោះ​ហៅ​អ្នក​ភូមិ​ចំនួន ៩​នាក់ អោយ​ចូល​ខ្លួន​ក្នុង​អង្គ​សវនាការ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ កាល​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១០។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី គូស​បញ្ជាក់​ថា ជម្លោះ​ដណ្ដើម​កាន់​កាប់​ដីធ្លី​ទំហំ ១១០​ហិកតារ រវាង​ប្រជាពលរដ្ឋ ៣៨​គ្រួសារ និង​បុគ្គល​ឈ្មោះ អៀង អឿង កើត​មាន​ឡើង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២២​ប័ណ្ណ។ ប័ណ្ណ​កម្មសិទ្ធិ ២២​ប័ណ្ណ​របស់​បុគ្គល​ឈ្មោះ អៀង អឿន បាន​បញ្ជាក់​ទីតាំង​ដី​ស្ថិត​នៅ​ក្នុង​ភូមិ​សុភី ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

ចំណែក​ដី​ដែល​ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ កំពុង​កាន់​កាប់​នោះ ស្ថិត​នៅ​ចំណុច​អូរវ័រព្រេង ភូមិ​ជ្រោយស្នា ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង៖ «ឥឡូវ​ការ​អនុវត្ត​សាលក្រម​ទៅ​អត់​រួច​ទេ នេះ​ជា​ចំណុច​ខ្សោយ​មួយ​របស់​ប័ណ្ណ។ ទី​២ ពាក់ព័ន្ធ​ទៅ​លើ​លិខិត​ស្ថាប័ន​របស់​រដ្ឋាភិបាល ដែល​ចេញ​មក​ថ្មីៗ​នេះ ក៏​ពាក់ព័ន្ធ​រឿង​និយាមកា​ហ្នឹង​ដែរ អ៊ីចឹង នេះ​ជា​ចំណុច​មួយ​ដែល​បញ្ជាក់​ថា ប័ណ្ណ​នេះ​មាន​ភាព​មិន​ប្រក្រតី​កាន់​តែ​ច្រើន​ឡើងៗ នៅ​ក្នុង​គោលការណ៍​ច្បាប់​ព្រហ្មទណ្ឌ​ចៅក្រម​អង្កេត​ទាំង​ដោះ​អង្កេត​ទាំង​ដាក់ អ៊ីចឹង​គាត់​រក​ឃើញ​ថា ប័ណ្ណ​ហ្នឹង​មាន​បញ្ហា​ដែរ។ អ៊ីចឹង គាត់​អត់​អាច​ផ្ដន្ទាទោស​ទៅ​លើ​ប្រជាពលរដ្ឋ​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក តូច សុភក្តី បាន​កោះ​ហៅ​អ្នក​ភូមិ​ចំនួន ៩​នាក់ ក្នុង​នោះ​មាន​ឈ្មោះ ឈួម ផល្លា ឈ្មោះ ទិត្យ ប៊ុនឈឿន ឈ្មោះ ពេជ្រ សុម៉ាលី ឈ្មោះ គង់ ចាន់មុនី ឈ្មោះ ជឹម សារុំ ឈ្មោះ យឹម បាន ឈ្មោះ ប៊ុន សុផល ឈ្មោះ ជឹម កែវ និង​ឈ្មោះ ចាន់ យឿត។ អ្នក​ភូមិ​ទាំង ៩​នាក់ ជាប់​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា ដែល​ករណី​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​សុភី ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

លោក ទិត្យ ប៊ុនឈឿន ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ចំនួន​ពីរ​លើក ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ១​ឆ្នាំ ដោយសារ​ទំនាស់​ដី​ធ្លី​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ជួយ​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​អ្នក​ភូមិ​ទាំង ៣៨​គ្រួសារ៖ «ខ្ញុំ​យល់​ឃើញ​ថា បើ​សិន​ក្នុង​ប្រព័ន្ធ​តុលាការ ក្នុង​របាយការណ៍​ព្រះរាជ​អាជ្ញា រក​ឃើញ​ថា ដី ២២​ប័ណ្ណ​ហ្នឹង​រក​មិន​ឃើញ​ដី​ថា​នៅ​ទី​ណា​ទេ ហើយ​បើ​សិន​ជា​តុលាការ​ព្រះរាជ​អាជ្ញា​រក​ឃើញ ហើយ​បើ​សិន​ចៅក្រម​នៅ​តែ​ជម្រះ​ក្តី​ទាំង​អយុត្តិធម៌​ទៀត ពួក​ខ្ញុំ​នៅ​តែ​រង​ទុក្ខ​វេទនា​អ៊ីចឹង​រហូត»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ គង់ ចាន់មុនី ថ្លែង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ កំពុង​កាន់​កាប់​បង្កបង្កើន​ផល​នោះ ស្ថិត​នៅ​ភូមិ​ជ្រោយស្នា ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង។ ចំណែក​ឯ​ដី​ដែល​នៅ​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ២២​ប័ណ្ណ​របស់ លោក អៀង អឿន ស្ថិត​នៅ​ភូមិ​សុភី ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង៖ «តាម​ការ​ពិត ខ្ញុំ​អត់​មាន​ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​របស់ លោក អៀង អឿន ផង។ ខ្ញុំ​ធ្វើ​លើ​ដី​ដែល​ខ្ញុំ​ធ្លាប់​កាន់​កាប់​ពី​ដើម​មក​រឿង ច្រើន​ឆ្នាំ​ហើយ​នៅ​តែ​ចោទ​តែ​រឿង​ដដែល ប៉ះពាល់ ប៉ុន្តែ​ដី​ហ្នឹង​ខ្ញុំ​អត់​ដែល​ទៅ​ប៉ះពាល់​លើ​ប័ណ្ណ​របស់​គាត់​ទេ»

ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ចំនួន ២២​ប័ណ្ណ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ថា តុលាការ​គួរ​ឈប់​ទទួល​រឿង​នេះ៖ «ហើយ​បើ​និយាយ​ពី​គោលការណ៍ វា​តាំង​ពី​អើយ​មក ហើយ​សាល​ដីកា​តុលាការ​កំពូល បាន​លើក​លែង​ចោទ​ហើយ​ប្រជាពលរដ្ឋ។ អ៊ីចឹង​ជា​គោលការណ៍ គេ​មិន​ដែល​កាត់​ក្តី​រឿង​មួយ​ពីរ​ដង​បី​ដង​ទេ ពីព្រោះ​ទំនាស់​ដី​កន្លែង​ដដែល បទ​ល្មើស​ដដែល ភាគី​ទំនាស់​ដដែល អ៊ីចឹង​បាន​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ល្មើស​ចោល ហើយ​ងាក​មក​ស្វែង​រក​បញ្ហា​នៃ​ភាព​មិន​ប្រក្រតី​វិញ ហើយ​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ចប់»

លោក​បន្ត​ថា ស្ថាប័ន​តុលាការ​ក្រសួង​យុត្តិធម៌ ក្រសួង​រៀប​ចំ​ដែន​ដី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​លើក​យក​បញ្ហា​នៃ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ចេញ​ប័ណ្ណ​កាន់​កាប់​ដី​ចំនួន ២២​ប័ណ្ណ​នោះ ដាក់​លើ​តុ ហើយ​ជជែក​គ្នា​រក​ដំណោះស្រាយ។

លោក ឡុង លន់ មេធាវី​របស់​សមាគម​អាដហុក និង​ជា​មេធាវី​ការពារ​ក្តី​អោយ​អ្នក​ភូមិ​ទាំង ៩​នាក់ ថ្លែង​ថា ការ​ប្ដឹង​ចោទ​ប្រកាន់​លើ​រឿង​ក្តី​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​រឿង​អចលនវត្ថុ​ដីធ្លី​នេះ គេ​ចាំបាច់​ត្រូវ​រក​ឲ្យ​ឃើញ​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ភាគី​ណា​មួយ​ពិត​ប្រាកដ​ជា​មុន​សិន ប៉ុន្តែ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៣៨​គ្រួសារ និង​ភាគី លោក អៀង អឿន នេះ មាន​ភាព​មិន​ប្រក្រតី​ច្រើន ជាពិសេស​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២២​ប័ណ្ណ៖ «ប័ណ្ណ​មាន​មែន ប៉ុន្តែ​កន្លង​មក​សូម្បី​តែ​តុលាការ​បាត់ដំបង ធ្លាប់​ចុះ​អនុវត្ត​សាល​ដីកា​ស្ថាពរ រួម​ទាំង​ជំនាញ ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ​ប័ណ្ណ​ដែល​មាន​នោះ។ វា​មិន​ទាន់​បញ្ជាក់​ថា ស្ថិត​នៅ​លើ​ទីតាំង​ដី​នោះ​ទេ។ អ៊ីចឹង កាល​ណា​មិន​រក​ឃើញ​ថា ប័ណ្ណ​ស្ថិត​នៅ​លើ​ទីតាំង​ដី​ហ្នឹង​ទេ រឿង​ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​ខ្ញុំ​បាន​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ លោក នួន សាន ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​ដាក់​លិខិត​មួយ​ជូន​ទៅ​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បាត់ដំបង។ លិខិត​នោះ​បញ្ជាក់​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​ទទួល​ពាក្យ​សុំ​ពី​ភាគី​ដើម​បណ្ដឹង​ផង និង​ភាគី​ចុង​ចម្លើយ​ផង ដើម្បី​អនុវត្ត​សាលក្រម​ស្ថាពរ​ទាំង​ពីរ​ខាង​លើ។ ក្រោយ​ពី​យើង​បាន​ចុះ​ទៅ​អនុវត្ត​ឃើញ​ថា មាន​ការ​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់​រក​ចំណុច​គោល ជាពិសេស​ព្រំប្រទល់ និង​ទីតាំង​ដី​ដែល​មាន​នៅ​លើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី​ចំនួន ២២​ប័ណ្ណ​នេះ ហាក់​បី​ដូច​ជា​មិន​មាន​ចំ​ចំណុច​ទីតាំង​ដី​ដែល​ដើម​បណ្ដឹង​បាន​បង្ហាញ។

ទន្ទឹម​គ្នា​នេះ លោក​ព្រះរាជ​អាជ្ញា នួន សាន សុំ​មន្ទីរ​ដែន​ដី ចាត់​អ្នក​ជំនាញ​គូស​បង្ហាញ​រូប​រាង​ដី (ទាំង​នៅ​លើ​ដី និង​នៅ​លើ​ប័ណ្ណ) និង​កំណត់​បង្ហាញ​ទីតាំង​ដី​ជាក់​ស្ដែង​តាម​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី​ចំនួន ២២​ប័ណ្ណ រួច​បញ្ជូន​លទ្ធផល​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ដើម្បី​ឲ្យ​តំណាង​អយ្យការ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចាត់​ការ​បន្ត។

ក្រៅ​លិខិត​របស់​តំណាង​អយ្យការ​នៅ​មាន​លិខិត​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថែម​ទៀត។

លោក ឱម យិនទៀត ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ដាក់​ទៅ​ប្រធាន​តុលាការ​ខេត្ត​បាត់ដំបង ទាក់ទង​សំណើ​ជួយ​រក​និយាមកា​ប័ណ្ណ​កម្មសិទ្ធិ​ទាំង ២២​ប័ណ្ណ​របស់ លោក អៀង អឿន។

លិខិត​នោះ​បញ្ជាក់​ថា សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​សម្រេច​ក្តី​ឲ្យ លោក អៀង អឿន ឈ្នះ​ក្តី​តាម​អំណាច​សាលក្រម​លេខ​២៣៥ និង ២៣៦ ដោយ​សំអាង​ទៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង ២២​ប័ណ្ណ ប៉ុន្តែ​ពុំ​អាច​អនុវត្ត​បាន ដោយសារ​មាន​ភាព​មិន​ច្បាស់​លាស់​នៃ​និយាមកា​ប័ណ្ណ​កម្មសិទ្ធិ​ទាំង ២២​ប័ណ្ណ​នោះ។ ទោះ​យ៉ាង​ណា ការ​បើក​សវនា​លើ​សំណុំ​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ និង​បុគ្គល​ឈ្មោះ អៀង អឿន នេះ គេ​ពុំ​ទាន់​ដឹង​ថា មាន​លទ្ធផល​បែប​ណា​នោះ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។