ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភ្នំពេញ មកពីសហគមន៍បុរីកីឡា បឹងកក់ និងថ្មគោល ប្រហែល ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញជាថ្មីម្ដងទៀត នៅថ្ងៃទី២០ មីនា ដើម្បីទាមទារសំណងសមរម្យ ជាថ្នូរនឹងការបណ្ដេញចេញដោយបង្ខំ។
តំណាងសហគមន៍ត្រូវបានអនុញ្ញាតឲ្យចូលជួបមន្ត្រីនាយរងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ចាន់ យ៉ាដា ដើម្បីចរចាគ្នាអំពីការទូទាត់សំណង។ បន្ទាប់ពីបានជួបចរចាគ្នារួចមក សាលារាជធានីភ្នំពេញបានយល់ព្រមសង់ជម្រកជូនសហគមន៍បុរីកីឡា បណ្ដោះអាសន្ន ទម្រាំមានលទ្ធភាពសង់អគារថ្មជូនពួកគាត់។
ក៏ប៉ុន្តែ អ្នកបុរីកីឡា ដែលកពុងតវ៉ាពេលនេះមានចំនួនប្រហែល ៧០គ្រួសារ បានខ្វែងគំនិតគ្នា។ ខ្លះបានយល់ព្រម ហើយខ្លះទៀតមិនយល់ព្រម។
ក្រុមអ្នកបុរីកីឡា ខាង អ្នកស្រី ស ស៊ន បានយល់ព្រមទទួលសំណង់បណ្ដោះអាសន្ននេះ ព្រោះយល់ថា ការរស់នៅសព្វថ្ងៃបិទបាំងដោយតង់កៅស៊ូមិនមានសុវត្ថិភាព៖ «គាត់ពិបាកណាស់រស់នៅសព្វថ្ងៃលើគំនរសំរាម ហើយអត់មានបន្ទប់ទឹក ហើយតង់ក៏រហែក។ អ៊ីចឹង បើបានបណ្ដោះអាសន្នគេធ្វើបន្ទប់ទឹកបង្គន់ឲ្យ មីងយក ហើយមីងនឹងដើរតវ៉ាតទៅទៀត មីងអត់ឈប់ទេ។ មិនមែនថាយកហើយឈប់ដើរទេ ពីព្រោះសព្វថ្ងៃពួកមីងបាត់ មួយផ្ទះបាត់ទូរស័ព្ទពីរ មួយផ្ទះបាត់ទូរស័ព្ទមួយ ដោយសារអី? ដោយសារយើងមានតែតង់ ម្ល៉ោះហើយវាពិបាកដែរ មីងទទួលយកមែន តែមីងដើរតវ៉ាទៀត»។
ចំណែកក្រុម អ្នកស្រី ឆាយ គឹមហ៊ន មិនព្រមទទួលសំណង់ថ្មីនោះទេ ព្រោះគាត់មិនទុកចិត្តសាលារាជធានីភ្នំពេញ មិនគោរពពាក្យសន្យា។
អ្នកស្រី អាត់ សំណាង បានគាំទ្រគំនិត អ្នកស្រី ឆាយ គឹមហ៊ន ដោយគាត់យល់ថា ការយល់ព្រមរបស់ អ្នកស្រី ស ស៊ន គឺធ្វើឲ្យការតូច ខូចការធំ ឬអាចនាំឲ្យមន្ត្រីសាលារាជធានីភ្នំពេញលែងអើពើរឿងសំណង់ ដែលសាលារាជធានីគ្រោងសង់ឲ្យពួកគាត់ចំនួន ២អគារ នៅពេលខាងមុខនេះ៖ «សម្រាប់ពួកខ្ញុំអត់ទទួលទេ។ ទទួលម៉េច? កិច្ចសន្យា ហ៊ុន សែន ចុះកុងត្រា១០អគារច្បាស់លាស់ នៅគេឈូសកម្ទេចផ្ទះពួកខ្ញុំ។ ចុះទម្រាំសំណង់បណ្ដោះអាសន្ននេះ ទទួលយករបស់គេ តើពេលហ្នឹងគេឈូសយើង ឬគេធ្វើឲ្យយើង? ឬគេឈូសរបស់យើងយកបោះចោលកន្លែងតង់យើងនៅរាល់ថ្ងៃនេះ។ ខ្ញុំអត់ទេ ខ្ញុំអត់យកទេ ខ្ញុំថាបើធ្វើខាងក្រុម អ៊ុំ ស ស៊ន ទៅធ្វើខាងគាត់ទៅ កុំធ្វើក្នុងដីខ្ញុំ បើធ្វើខាងតង់ខ្ញុំ ខ្ញុំសុខចិត្តស្លាប់។ ខ្ញុំសុខស្លាប់ក្នុងតង់ហ្នឹងតែម្ដង។ ខ្ញុំអត់ត្រូវការទទួលសំណងទេ»។
សព្វថ្ងៃ ប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡា ៧២គ្រួសារ ដែលបានក្រាញននៀលពីការបណ្ដេញចេញរយៈពេលកន្លងមក កំពុងបោះជំរំ និងបោះតង់រស់នៅក្បែរគំនរសំរាមក្នុងបរិវេណបុរីកីឡា យ៉ាងវេទនា។
ដោយឡែកនៅថ្ងៃទី២០ មីនា ដែរ អ្នកភូមិបឹងកក់ ពីរនាក់ទៀត គឺអ្នកស្រី ង៉ែត ឃុន និងលោក លី ប៉េង ដែលសាលារាជធានីបានណាត់ជួបចរចាលើការទាមទារសិទ្ធិកាន់កាប់ប័ណ្ណកម្មសិទ្ធិលំនៅឋាន ក្នុងសហគមន៍បឹងកក់ នោះ ត្រូវបានលើកថ្ងៃវិញ ដោយមន្ត្រីសាលារាជធានីភ្នំពេញ អាក់អន់ចិត្ត ព្រោះសំអាងថា ពួកគាត់ទាំងពីរនាក់បានលើកគ្នាមកច្រើននាក់ពេក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ នៅថ្ងៃទី២០ មីនា ដើម្បីសុំបញ្ជាក់ព័ត៌មានបន្ថែម។
យ៉ាងណា ប្រជាពលរដ្ឋសហគមន៍បុរីកីឡា អះអាងថា មន្ត្រីសាលារាជធានីភ្នំពេញ នឹងចុះទៅពិនិត្យការដ្ឋានចាប់ផ្ដើមសាងសង់សំណង់បណ្ដោះអាសន្ននៅពេលឆាប់ៗនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
