សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមក្នុងកិច្ចប្រជុំរកដំណោះស្រាយជូន សហគមន៍បុរីកីឡា។
ការអះអាងនេះ កើតឡើងបន្ទាប់ពីតំណាងសហគមន៍បុរីកីឡា នាំគ្នាប្រមូលផ្តុំនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ដោយទាមទារឲ្យមានវត្តមានសង្គមស៊ីវិលក្នុងកិច្ចប្រជុំរបស់សាលាក្រុងជាមួយសហគមន៍បុរីកីឡា ខណៈក្រុមអ្នកភូមិបានសរសេរបដានៅលើបាវពណ៌ស រំលេចដោយពាក្យមួយឃ្លាថា សុំសាលារាជធានីភ្នំពេញ ផ្តល់ដំណោះស្រាយរឿងផ្ទះសម្បែង។
លោក ពេជ្រ លឹមឃួន តំណាងសហគមន៍បុរីកីឡា ដែលបានចូលជួបមន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា លោកស្នើសុំឲ្យសាលារាជធានីភ្នំពេញ ចេញលិខិតអញ្ជើញសង្គមស៊ីវិល។ ចំណែកការចុះអញ្ជើញសង្គមស៊ីវិល ទុកឲ្យក្រុមប្រជាពលរដ្ឋរត់ការក៏បានដែរ។ លោកបន្តថា ក្រុមប្រជាពលរដ្ឋ ទាមទារឲ្យសាលាក្រុងដោះស្រាយបញ្ហានេះជូនពលរដ្ឋយ៉ាងយូរបំផុត នៅដើមខែមករា ឆ្នាំ២០១៥៖ «យុទ្ធសាស្ត្ររបស់ខ្ញុំធ្វើចឹង កុំគាត់លាបពណ៌គ្នាទៅវិញទៅមក ថាប្រជាជនមិនឲ្យ អ៊ិន.ជី.អូ (NGO) ចូលរួមប្រជុំ»។
កន្លងមក សាលាក្រុងបានអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមប្រជុំក្នុងការរកដំណោះស្រាយនេះ ប៉ុន្តែសង្គមស៊ីវិលបានដកខ្លួនចេញវិញ ក្នុងហេតុផលថា ពលរដ្ឋដែលចូលរួមប្រជុំ មិនមែនជាជនរងគ្រោះពិតប្រាកដ។ ចំណែក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ស្វាគមន៍ចំពោះការចូលរួមរបស់សង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
