មន្ត្រី​ក្រសួង​ធម្មការ​អះអាង​ជា​ថ្មី​ថា​មិន​មាន​ការ​ដោះ​ដូរ​ឬ​លក់​ដី​អគារ​ពុទ្ធសាសនបណ្ឌិត្យ

0:00 / 0:00

មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា អះអាង​ជា​ថ្មី​ទៀត​ថា មិន​មាន​ការ​ដោះដូរ ឬ​លក់​ដី​អគារ​ពុទ្ធសាសនបណ្ឌិត្យ​ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ការ​អះអាង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ក្រសួង​ធម្មការ ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ជាក់ស្តែង​ទីតាំង​នៃ​អគារ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃ​ទី​៩ ខែ​មករា។

មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បញ្ជាក់​ជា​ថ្មី​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​តែង​តែ​សង្ស័យ​ពី​ការ​ដោះដូរ​ដី និង​អគារ​ពុទ្ធសាសនបណ្ឌិត្យ​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​សង្ស័យ​នេះ​ត​ទៀត​ទៅ ព្រោះ​ថា សម្បត្តិ​រដ្ឋ​មួយ​នេះ​នឹង​មិន​បាត់​បង់​ទៅ​ណា​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ឲ្យ​ដឹង​ថា ក្នុង​ពេល​ជួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា ក្រសួង​ធម្មការ និង​សាសនា មាន​ទឡ្ហីករណ៍​ជាក់លាក់​បង្ហាញ​គណៈកម្មការ​មួយ​នេះ ដែល​បញ្ជាក់​ថា មិន​មាន​ការ​លក់​ដូរ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដូច​ដែល​មាន​ការ​សង្ស័យ​កន្លង​មក​នោះ​ទេ។

លោក សេង សុមុនី ដែល​តែង​ស្នើ​បណ្ដាញ​សារព័ត៌មាន មិន​ឲ្យ​បញ្ចេញ​សំឡេង​របស់​លោក ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​មិន​មាន​ការ​ដោះ​ដូរ ឬ​លក់​ដី​រោង និង​របង​ដែក​ដែល​សង់​នៅ​លើ​ដី នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក៏​ត្រូវ​បាន​សម្អាត​ផង​ដែរ។ លើស​ពី​នេះ លោក​ថា ទ្វារ​ដែល​សង់​បែរ​មុខ​ទៅ​កាស៊ីណូ​ណាហ្គា (Naga World) តាំង​ពី​មុន​ពេល​អគារ​កាស៊ីណូ​ត្រូវ​បាន​សាងសង់​ឡើង​ម្ល៉េះ​នោះ ក៏​នឹង​បិទ​ជិត​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​សង្ស័យ​ត​ទៅ​ទៀត។

ចំណែក​ខ្លោងទ្វារ​ដែល​ត្រូវ​បាន​វាយ​កម្ទេច​នោះ លោក សេង សុមុនី អះអាង​ថា ក៏​នឹង​ត្រូវ​សាងសង់​ឡើង​វិញ​ដែរ បន្ទាប់​ពី​ផ្លូវ​ក្រោម​ដី​របស់​ក្រុមហ៊ុន​ណាហ្គា​ត្រូវ​បាន​សាងសង់​រួច។ រីឯ​រចនាបថ​នៃ​ខ្លោងទ្វារ​ថ្មី​នោះ លោក​ថា​នឹង​នៅ​រក្សា​ដូច​ដើម​ដដែល។

ក្រោយ​ពី​ខ្លោងទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា វើល វាយ​កម្ទេច ព្រះសង្ឃ ប្រជាពលរដ្ឋ បាន​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​វាយ​កម្ទេច​នោះ និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​ខ្លោងទ្វារ​នោះ​ឡើង​វិញ។ ពួក​គេ​ក៏​បាន​ដាក់​ញត្តិ​តវ៉ា​ទៅ​ព្រះមហាក្សត្រ និង​រដ្ឋសភា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ។ ក្រោយ​មក គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ក៏​បាន​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ចូល​បំភ្លឺ​នៅ​សភា។ ស្រប​ពេល​ជាមួយ​គ្នា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ អះអាង​ថា មិន​មាន​ការ​លក់ ឬ​ដោះ​ដូរ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា បន្ទាប់​ពី​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គឺ​ដី​វិទ្យាស្ថាន​មិន​ត្រូវ​បាន​លក់ របង​ខណ្ឌ​រោង​របស់​កាស៊ីណូ​ណាហ្គា​ក្នុង​ដី​វិទ្យាស្ថាន​ត្រូវ​បាន​វាយ​កម្ទេច រោង​ដែក​របស់​កាស៊ីណូ​ណាហ្គា ត្រូវ​បាន​រុះរើ​ចេញ ទ្វារ​ចេញ​ចូល​របស់​កាស៊ីណូ​ក្នុង​ទីតាំង​វិទ្យាស្ថាន នឹង​ត្រូវ​បាន​បិទ ហើយ​ខ្លោងទ្វារ និង​របង ត្រូវ​បាន​កសាង​ឡើង​វិញ​តាម​រចនាបថ​ដើម។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​កន្លង​មក​នោះ សម្ដែង​ការ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​គណៈកម្មការ​ទី​៧ និង​ក្រសួង​ធម្មការ និង​សាសនា ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ថែរក្សា​ពុទ្ធសាសនបណ្ឌិត្យ​តាម​ការ​ស្នើសុំ​របស់​បណ្ដាញ​ព្រះសង្ឃ។

ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៩៣០ ក្នុង​រាជ្យ​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ចំណែក​អគារ​ពុទ្ធសាសនបណ្ឌិត្យ​បច្ចុប្បន្ន គឺ​ជា​សំណង់​ថ្មី​កសាង​នៅ​ឆ្នាំ​១៩៩៦ និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៩៨។ ពុទ្ធសាសនបណ្ឌិត្យ​នេះ ត្រូវ​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ចំណុះ​របស់​ក្រសួង​ធម្មការ និង​សាសនា និង​ត្រូវ​ចាត់​ទុក​ជា​អចលនទ្រព្យ​របស់​រដ្ឋ។

យ៉ាង​ណា​ក៏ដោយ សម្រាប់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ព្រះអង្គ​យល់​ថា ដី និង​អគារ​ពុទ្ធសាសនបណ្ឌិត្យ មិន​គួរ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នោះ​ទេ គឺ​គួរ​តែ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្ឃ​នាយក​កម្ពុជា ទៅ​វិញ ព្រោះ​ព្រះតេជព្រះគុណ​ថា វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​សាសនា មិន​មែន​របស់​រដ្ឋាភិបាល​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។