តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលបាត់ដំបង គឺលោក ឈាង វុន ស្បថឱ្យលោកចុះនរក បើដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅឃុំអម្ពិលប្រាំដើមមិនបានសម្រេច។
សម្បថរបស់ លោក ឈាង វុន គឺធ្វើនៅចំពោះព្រះភក្ត្រពុទ្ធបដិមា និងពលរដ្ឋមានបញ្ហាដីធ្លីរាប់សិបនាក់ ដែលឡើងមករកអន្តរាគមន៍ជួយពួកគាត់ នៅវត្តចាស់ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ វិច្ឆិកា៖ «ទូលបង្គំខ្ញុំករុណា ឈ្មោះ ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ហើយថ្ងៃនេះ មានភ័ព្វវាសនាមកជួបប្រជាពលរដ្ឋបឹងប្រាំ។ លោកមានទុក្ខវេទនាដោយសាររឿងបញ្ហាដីធ្លី។ ទូលបង្គំខ្ញុំករុណាបានស្នើឱ្យបងប្អូនយើងទៅបឹងប្រាំវិញ ហើយនឹងទៅដោះស្រាយ ជំរុញអាជ្ញាធរដោះស្រាយដីធ្លីជូនគាត់ ហើយបើដោះស្រាយបានមិនបានអីយ៉ាងម៉េច នឹងតាមដានអាជ្ញាធរ ជំរុញឱ្យអាជ្ញាធរហ្នឹងជួយដោះស្រាយទាល់តែចប់សាច់រឿងហ្នឹង បាទ! ហើយបើសិនជាមិនបានសម្រេចទេ ឱ្យខ្ញុំករុណាចុះនរក»។
អ្នកភូមិបឹងប្រាំមួយចំនួន សប្បាយចិត្តពេលឮពាក្យស្បថសច្ចារបស់ លោក ឈាង វុន។ អ្នកភូមិខ្លះថ្លែងថា គាត់មានជំនឿ និងសង្ឃឹមខ្លះថា រឿងដីធ្លីដែលមានបញ្ហាច្រើនឆ្នាំមកហើយនោះ នឹងអាចដោះស្រាយបានឆាប់ៗ។ អ្នកភូមិខ្លះមានប្រសាសន៍ថា គាត់នឹងត្រឡប់ទៅផ្ទះវិញព្រឹកថ្ងៃទី១៤ វិច្ឆិកា តាមការស្នើសុំរបស់ លោក ឈាង វុន ដែលឱ្យទៅដោះស្រាយនៅមូលដ្ឋានបឹងប្រាំវិញ។ ក៏ប៉ុន្តែ អ្នកភូមិខ្លះទៀតហាក់នៅស្ទាក់ស្ទើរចំពោះសម្បថរបស់ លោក ឈាង វុន ព្រោះមិនទាន់មានសកម្មភាពជាក់ស្ដែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
