ស្ថានភាព​អ្នក​ភូមិ​បណ្ដែត​ទឹក​ជនជាតិ​ចាម​មួយ​ចំនួន​ដែល​ផ្លាស់​លំនៅ​រស់នៅ​លើ​គោក

0:00 / 0:00

អ្នក​ភូមិ​បណ្ដែត​ទឹក​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង សម្រេច​ចិត្ត​អូស​ផ្ទះ​សម្បែង​របស់​ខ្លួន​ឡើង​រស់នៅ​លើ​គោក​បណ្ដើរៗ ខណៈ​អាជ្ញាធរ​អំពាវនាវ​ឲ្យ​ជនជាតិ​វៀតណាម ជនជាតិ​ចាម និង​ខ្មែរ ដែល​រស់នៅ​លើ​បឹង​ទន្លេសាប​ជិត ១​ពាន់​គ្រួសារ (៩៩៦​គ្រួសារ) រក​ទិញ​ដី​សង់​ផ្ទះ​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង។

តើ​អ្នក​ភូមិ​ដែល​មាន​ដី និង​សម្រេច​ចិត្ដ​ឡើង​រស់នៅ​លើ​គោក​មុន​គេ​នោះ មាន​ស្ថានភាព​រស់នៅ​បែប​ណា?

ផ្ទះ​ប្រក់​ស័ង្កសី​បាំង​ជញ្ជាំង​ក្ដារ​របស់​ជនជាតិ​ចាម ជាង ១០​ខ្នង ដែល​អ្នក​ភូមិ​នាំ​គ្នា​សែង និង​ផ្ទះ​ខ្លះ​ជួល​គ្រឿងចក្រ​អូស​ចេញ​ពី​ផ្ទៃ​ទឹក​មក​រស់នៅ​លើ​គោក​បាន​រយៈពេល​កន្លះ​ខែ​ហើយ។ ផ្ទះ​ដែល​តម្រៀប​គ្នា​ជា​ជួរ​នេះ ឋិត​នៅ​ភូមិ​ទី​៥ សង្កាត់​ខ្សាម មាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​នៃ​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ខណៈ​ដី​ស្រែ​ប្រាំង​នៅ​តំបន់​នោះ មាន​ឈ្មួញ​ពុះ​ច្រៀក​ជា​ឡូ​លក់​ស្ទើរ​សព្វ​ដី។

ស្ត្រី​វ័យ ៥៣​ឆ្នាំ​ម្នាក់ កំពុង​ដេក​ស្អំ​ទឹក​កក​ពោះ​បណ្ដើរ និង​លក់​នំ​ឲ្យ​ក្មេង​នៅ​រានហាល​មុខ​ផ្ទះ​បណ្ដើរ គឺ​អ្នកស្រី ជា មុំ មាន​ប្រសាសន៍​ថា រូប​គាត់​មិន​ស្រួល​ពោះ​ជា​ប្រចាំ ហើយ​ដាក់​នំ​កញ្ចប់​លក់​ឲ្យ​ក្មេងៗ​ក្នុង​ភូមិ​ប្រហែល ១០​ផ្ទះ ដែល​ទើប​រុះរើ​ពី​ទឹក​មក​នៅ​ក្បែរ​គ្នា គ្រាន់​បាន​ប្រាក់​ដោះ​ទ័ល។ អ្នកស្រី​ថា រូប​គាត់​ផ្ទាល់​អាច​រស់នៅ​លើ​គោក​បាន ប៉ុន្តែ​កូន​ក្មួយ​លំបាក​ដោយ​នៅ​ឆ្ងាយ​ពី​មុខ​របរ​នេសាទ៖ «ខ្ញុំ​ជា​ចាស់​ទុំ​នៅ​ក្នុង​ផ្ទះ​រស់នៅ​តាម​តែ​ក្មួយ និង​កូន​ចៅ​ចិញ្ចឹម។ ខ្ញុំ​ចេះ​តែ​ដាក់​នំ​លក់​លេងៗ​ទៅ​សម្រាប់​ក្មេង​ហូប ឬ​មនុស្ស​ចាស់​ហូប​តិចតួច​ហ្នឹង​ហើយ។ ចំណែក​ខ្ញុំ​រស់នៅ​ស្រួល​ជាង​លើ​ទឹក​ហើយ តែ​កូន​ចៅ​វា​លំបាក ព្រោះ​នៅ​ឆ្ងាយ​ការ​នេសាទ​ត្រី និង​មាន​ទូក​ក្ដារ​នៅ​ក្រោម»

ក្រុម​ពលរដ្ឋ​ត្អូញត្អែរ​ថា ពួក​គាត់​មិន​ទាន់​ស៊ាំ​នឹង​ការ​រស់នៅ​លើ​គោក​នៅ​ឡើយ​ទេ នៅ​គ្រា​ដែល​ពួក​គាត់​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​អគ្គិសនី គ្មាន​បង្គន់​អនាម័យ និង​ខ្លះ​ជំពាក់​លុយ​អង្គការ​ដោយសារ​ការ​ចំណាយ​ទៅ​លើ​ការ​ជួល​គេ​អូស​ផ្ទះ​ឡើង​គោក។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​សិន មុន​នឹង​អភិវឌ្ឍ​មន្ទីរពេទ្យ សាលា​រៀន ឬ​ទីផ្សារ​លក់​ដូរ ជាដើម។

ចំណែក​បុរស​ជនជាតិ​ចាម ម្នាក់​ទៀត​ដែល​ដៃ​ម្ខាង​កាន់​កញ្ចប់​បារី និង​ដៃ​ម្ខាង​ទៀត​ធ្វើ​កាយវិការ​បង្ហាញ​ពី​ការ​លំបាក​អូស​ផ្ទះ​ចេញ​ពី​ផ្ទៃ​ទឹក គឺ​លោក លី ម៉ើ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ចំនួន ៩​គ្រួសារ បាន​ផ្លាស់​ប្ដូរ​ផ្ទះ​រួច​រាល់​ហើយ និង​មាន​ផ្ទះ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​រើ​ឡើង​មក​រស់នៅ​ក្បែរ​តំបន់​គាត់​ដែរ។ លោក​ថា ពលរដ្ឋ​ទាំង​នេះ​មាន​ជីវភាព​ក្រីក្រ ហើយ​ឆ្លៀត​ខ្ចី​លុយ​អង្គការ និង​ខ្លះ​ចង​ការ​ប្រាក់​ឯកជន ដើម្បី​ទិញ​ដី​ទំហំ​ប្រហែល ២០ ឬ ៣០​ម៉ែត្រ​ការ៉េ សម្រាប់​តែ​ដាក់​ផ្ទះ​មួយ​រស់នៅ​ប៉ុណ្ណោះ។ ចំពោះ​ការ​ដាំ​ដុះ ឬ​មុខ​របរ​រក​ស៊ី គឺ​នៅ​ពឹង​ផ្អែក​លើ​ការ​នេសាទ​ទាំង​ស្រុង​នៅ​ឡើយ៖ «ឥឡូវ​ស្នើសុំ​អណ្ដូង​ទឹក​គេ​បាន​បី​ហើយ ដែល​យក​មក​ខួង រួច​ទឹក​គេ​មាន​គម្រោង​ត​ឲ្យ​តែ​គ្មាន​លុយ​បង់​សេវា​ក្នុង​មួយ​គ្រួសារ ១០០​ដុល្លារ ហើយ​គ្នា​មាន​លុយ​ឯណា គ្រាន់​តែ​លុយ​សម្រាប់​ទិញ​សសរ​ទល់​ផ្ទះ គ្មាន​លុយ​ឯណា​នឹង​ត​ទឹក​ស្អាត វា​លំបាក​សព្វ​បែប​យ៉ាង»

ឆ្លើយ​តប​នឹង​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​ជនជាតិ​ចាម នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បញ្ជាក់​ថា ផ្ទះ​អ្នក​ភូមិ​ដែល​ទើប​ផ្លាស់​ទី​ទៅ​លើ​គោក​នោះ គឺ​ឋិត​នៅ​មិន​ឆ្ងាយ​ពី​ស្ថានីយ​ទឹក​ស្អាត ឬ​អគ្គិសនី​ទេ ហើយ​អាជ្ញាធរ​ក៏​អាច​ប្រើ​កម្លាំង​ចម្រុះ​ជួយ​យក​ផ្ទះ​របស់​ពួក​គាត់​ឡើង​គោក​បាន​ដែរ បើ​មាន​សំណើ​ពី​ពលរដ្ឋ។ ប៉ុន្តែ​ផ្ទះ​ភាគ​ច្រើន ស្នើសុំ​រស់នៅ​លើ​ទឹក​សិន និង​រង់ចាំ​ទឹក​ទន្លេ​ឡើង​ធំ ទើប​ចូល​បង្កឿង​ផ្ទះ​តាម​ដី​រៀងៗ​ខ្លួន។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក លោក ស៊ុន សុវណ្ណរិទ្ធិ ថ្លែង​ថា អ្នក​ភូមិ​បាន​ចូលរួម និង​ដើរ​មុន​ជំហាន​នីមួយៗ​នៃ​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ។ ដូច្នេះ បញ្ហា​ប្រឈម​ខ្លះ​អាច​នឹង​កើត​មាន ប៉ុន្តែ​ក្រុម​ការងារ​នឹង​ចុះ​ពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ដោយ​ការ​អនុវត្ត​ជំហាន​ទី​៣ គឺ​ផែនការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ជំហាន​ទី​៤ គឺ​ការ​ផ្លាស់​ទី​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ទៅ​រស់នៅ ឬ​រក​ស៊ី​នៅ​កន្លែង​ដែល​បាន​អភិវឌ្ឍ​រួច​រាល់​នោះ​បណ្ដើរៗ៖ «បង​ប្អូន​យើង​ទៅ​ប្រហែល​ជាង ២០​គ្រួសារ ហើយ​ក្រុម​ការងារ​កំពុង​រៀបចំ​ផ្ទះ​ទឹក​ឲ្យ​ហើយ​សិន។ អា​ហ្នឹង​យើង​រៀបចំ​ជូន​គាត់​ទៀត ដោយឡែក​ផ្លូវ​ថ្នល់ អគ្គិសនី​អាជ្ញាធរ​នឹង​គិតគូរ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ដែល​បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​អ្នក​ភូមិ​ទើប​ផ្លាស់​ប្ដូរ​ទីតាំង​រស់នៅ​ថ្មី​នេះ ថ្លែង​ថា អ្នក​ភូមិ​បណ្ដែត​ទឹក​ភាគ​ច្រើន​ស្ម័គ្រ​ចិត្ត​ឡើង​រស់នៅ​លើ​គោក​តាម​ដី​ដែល​ខ្លួន​បាន​ទិញ ក្នុង​តម្លៃ​ថោកៗ​កាល​ពី​យូរ​មក​ហើយ​នោះ។ លោក​ថា ដើម្បី​ជំរុញ​ឲ្យ​ចលនា​បន្លាស់​ទី​នេះ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​គប្បី​ជួយ​គាំទ្រ៖ «រដ្ឋាភិបាល​គួរ​ផ្ដល់​ថវិកា​បន្តិចបន្តួច​លើ​សោហ៊ុយ​ក្នុង​ការ​ផ្លាស់​ផ្ទះ នោះ​វា​នឹង​លើក​ទឹក​ចិត្ដ​ឲ្យ​ពួក​គាត់​កាន់​តែ​ច្រើន​ចេញ​ពី​ទឹក​មក​រស់នៅ​លើ​គោក​នេះ»

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួន​ច្បារ កន្លែង​ហាត់​ប្រាណ និង​វេទិកា នៅ​អែប​មាត់​ទន្លេ​ផ្សារ​ក្រោម​ប្រវែង​ជិត ៣​គីឡូ​ម៉ែត្រ ចាប់​ពី​មុខ​វត្ត​លោក​យាយ​ទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ ក្នុង​សង្កាត់​ផ្សារឆ្នាំង។ គម្រោង​នេះ តម្រូវ​ឲ្យ​អ្នក​ភូមិ​បណ្ដែត​ទឹក​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម អាជីវករ និង​ផ្ទះ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ឋិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ត្រូវ​ប្ដូរ​ទៅ​ទីតាំង​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។