ប្រជាពលរដ្ឋចំនួន ២៦គ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់អាជ្ញាធរក្រុងនេះថា មិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់រស់នៅស្របច្បាប់នោះទេ។ អ្នកភូមិបញ្ជាក់ថា អាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិនេះ អាចជាការខឹងសម្បា ដោយសារពួកគាត់មិនលក់ដីនោះទៅឲ្យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា (Tropigana) នាពេលកន្លងទៅ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់អាជ្ញាធរក្រុងនេះថា ជាសកម្មភាពមួយក្នុងបំណងមិនល្អ ដែលមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនោះទេ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង ដា រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី២៣ ធ្នូ ថា ពួកគាត់ចំនួន ២៦គ្រួសារ បានតាំងទីលំនៅលើដីទំហំ ១២ម៉ែត្រ គុណ ៧០ម៉ែត្រ នៅចំណុចភូមិក្បាលស្ពាន១ តាំងពីឆ្នាំ១៩៩៥ រហូតមក។ លោកអះអាងថា កន្លងទៅ អតីតចៅសង្កាត់ប៉ោយប៉ែត លោក សាន ស៊ានហូ បានចេញលិខិតកាន់កាប់ដីនោះដល់ពួកគាត់រួចមកហើយ ប៉ុន្តែអាជ្ញាធរ និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុងប៉ោយប៉ែត បែរជាពុំព្រមចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ទៅវិញ។
លោកបញ្ជាក់ថា អាជ្ញាធរក្រុងប៉ោយប៉ែត ធ្វើបែបនេះ ទំនងដោយសារពួកគាត់មិនលក់ដីនោះទៅឲ្យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ដែលបានសុំទិញជាច្រើនលើកច្រើនសាមកនោះ៖ «ចាប់តាំងពីចៅហ្វាយក្រុងថ្មីឡើងកាន់តំណែងមក គាត់បានឃុបឃិតគ្នាអត់ចេញប្លង់ដីឲ្យពួកខ្ញុំទេ ដោយលើកហេតុផលថា ពួកខ្ញុំរស់នៅលើដីរបស់គេខុសច្បាប់»។

ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុងប៉ោយប៉ែត លោក ប្រាក់ ប៉ូលីន មានប្រសាសន៍យ៉ាងខ្លីថា ឲ្យសួរទៅលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម ទើបបានដឹងរឿងរ៉ាវនេះ៖ «ខ្ញុំអត់ដឹងរឿងហ្នឹងទេ ទាល់តែបងទៅជួបជាមួយលោកប្រធានបានដឹង ប៉ុន្តែថ្ងៃគាត់អត់នៅទេ គាត់ជាប់រវល់ទៅប្រជុំនៅសាលាខេត្តបាត់ហើយ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម ក្រុងប៉ោយប៉ែត លោក ចូវ សុភឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ ធ្នូ។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានចុះស៊ើបអង្កេតដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនោះ មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង ២៦គ្រួសារនោះ បានសង់ផ្ទះរស់នៅលើដីនោះប្រមាណ ២០ឆ្នាំមកហើយ។ បញ្ហានេះ អាជ្ញាធរក្រុងប៉ោយប៉ែត គួរតែចេញប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ដើម្បីរស់នៅស្របច្បាប់៖ «ប្រជាពលរដ្ឋអាចដាក់ពាក្យសុំឲ្យមន្ត្រីជំនាញចុះទៅវាស់វែងធ្វើប្លង់ដីពួកគាត់បាន ព្រោះថា ផ្ទះសម្បែងនីមួយៗជាសំណង់រឹងអស់ទៅហើយ មិនមែនជាសំណង់អនាធិបតេយ្យនោះទេ»។
អ្នកភូមិលើកឡើងថា ដោយសារតែអាជ្ញាធរក្រុងប៉ោយប៉ែត មិនចេញប្លង់ដីស្របច្បាប់ឲ្យពួកគាត់អស់ជាច្រើនឆ្នាំមកនេះ ធ្វើឲ្យពួកគាត់លំបាកមិនអាចយកផ្ទះ និងដីនោះ ទៅដាក់បញ្ចាំស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ធ្វើអាជីវកម្មដោះស្រាយជីវភាពគ្រួសារបានឡើយ។
ច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា៣០ ចែងថា បុគ្គលទាំងឡាយដែលបានអាស្រ័យផលនៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី ៥ឆ្នាំយ៉ាងតិច គិតមកដល់កាលបរិច្ឆេទនៃការប្រកាសឲ្យប្រើច្បាប់នេះលើអចលវត្ថុ ដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជន មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិជាស្ថាពរ។ ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះ អ្នកតវ៉ាត្រូវយកភស្តុតាងមកបញ្ជាក់ថា ខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌនៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី ៥ឆ្នាំ នៅលើអចលនវត្ថុដែលមានទំនាស់ ឬយកភស្តុតាងដែលថា ខ្លួនបានទិញអចលនវត្ថុនោះពីភោគីដើម ឬពីសិទ្ធិវន្តស្របច្បាប់ ឬអ្នកទទួលផ្ទេរកម្មសិទ្ធិ ឬពីសន្តតិជនរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
