ពលរដ្ឋ​រស់នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង​លើក​គ្នា​សួរ​សាលា​ក្រុង​អំពី​ដំណោះស្រាយ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត បន្ទាប់​ពី​មិន​ឃើញ​មាន​ដំណោះស្រាយ​ណា​មួយ​ពី​សាលា​ក្រុង​ភ្នំពេញ​ដល់​ពួក​គាត់។ ក្ដី​បារម្ភ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៥០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ដើម្បី​សាកសួរ​ដំណឹង​អំពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ផ្លូវ​បេតុង​ជំនួស​ផ្លូវ​រថភ្លើង​នោះ។

ក្រោយ​ពី​ចូល​ជួប​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ និយាយ​អំពី​រឿង​នេះ តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង លោក ឡុង ចាន់ឌី ឲ្យ​ដឹង​ថា សាលា​ក្រុង​ភ្នំពេញ​មិន​ទាន់​ឆ្លើយតប​យ៉ាង​ណា​ពី​ផល​ប៉ះពាល់ តម្រូវ​ឲ្យ​ពលរដ្ឋ​រង់ចាំ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ជា​មុន​សិន៖ « នេះ​ បើ​តាម ​ចម្លើយ​របស់​យើង​ជួប​នេះ មិន​ជា អភិបាល​រង ឬ​ក៏​អភិបាល​មក​ជួប​យើង​ទេ គ្រាន់​តែ ​ជា​ប្រធាន​រដ្ឋបាល​ មក​ជួប ​យើង ហើយ​ គាត់​ក៏ គ្មាន​អ្វី ​មក​ឆ្លើយ​ដែរ។ គាត់​ ឆ្លើយ​ថា ពេល​ដែល ​គេ​ដោះស្រាយ គេ​ថា​ទាល់​ តែ​មាន ​ក្រុម​ ជំនាញ​មើល​ថា ផល​ប៉ះពាល់​ប៉ុន្មាន ហើយ​នឹង​សិក្សា​ពី​ជំនាញ​ហ្នឹង ពី​យន្តការ​ដោះស្រាយ​ហើយ បាន​ហៅ​យើង​ជួប ហើយ​បង្ហាញ​ពី​ អា​ហ្នឹង ។ បើ​និយាយ​ពី​ឲ្យ​យើង​ ជឿជាក់​យ៉ាង​ណា យើង​អត់​ទាន់​មាន​ទេ ដូច​តែ​មាន​ពី​មុន​មក​ដដែល »

មុន​ពេល​ពួក​គាត់​នាំ​គ្នា​មក​សាលា​ក្រុង​ភ្នំពេញ ពួក​គាត់​លើក​ស្លាក​មួយ​ផ្ទាំង​ដាក់​នៅ​ផ្លូវ​ក្បែរ​វត្ត​ទួល​សុវណ្ណារាម ហៅ​វត្ត​ទួល​សង្កែ ដោយ​រំពឹង​ថា លោក​អភិបាល​ក្រុង​ភ្នំពេញ គោរព​សម្ដី​របស់​ខ្លួន។ ក្នុង​ស្លាក​នោះ​សរសេរ​ដោយ​លើក​ប្រសាសន៍​របស់​លោក ប៉ា សុជាតិវង្ស ថា ការ​អភិវឌ្ឍ គឺ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ទឹក​ភ្នែក​ឡើយ ផ្ដល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដោះស្រាយ​សំណង​ឲ្យ​ប្រជាពលរដ្ឋ​រួច​រាល់​ជា​មុន ទើប​ធ្វើ​ផ្លូវ​ជា​ក្រោយ និង​អនុវត្ត​យុទ្ធសាស្ត្រ​ឈ្នះៗ គឺ​ឈ្នះ​ទាំងអស់​គ្នា។

ពលរដ្ឋ​រស់នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង​ដើរ​ចេញ​ពី​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​សួរ​អំពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​រស់នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង​ដើរ​ចេញ​ពី​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​សួរ​អំពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang (RFA/Rann Samnang)

តាម​គម្រោង សាលា​ក្រុង​ភ្នំពេញ​នឹង​រុះរើ​ផ្លូវ​រថភ្លើង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជំនួស​វិញ​ធ្វើ​ផ្លូវ​បេតុង​ប្រវែង ៤.៥១០​ម៉ែត្រ ចាប់​ពី​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដល់​ទំនប់​ផ្លូវ​៧០ សង្កាត់​ទួល​សង្កែ។

តួលេខ​របស់​សាលា​ក្រុង​ភ្នំពេញ បាន​បង្ហាញ​ថា ពលរដ្ឋ​ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​អស់​ផ្ទះ និង​ដី​ទាំង​ស្រុង​មាន​ចំនួន ៤២៤​គ្រួសារ ចំណែក​ពលរដ្ឋ ៩៧៧​គ្រួសារ​ទៀត មាន​អ្នក​ខ្លះ​ត្រូវ​អស់​ដី​មួយ​ចំនួន និង​ប៉ះពាល់​របង​ផ្ទះ​តិចតួច​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​នៅ​តែ​បារម្ភ​ថា បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ពី​សាលា​ក្រុង​ភ្នំពេញ​នោះ ពួក​គាត់​នឹង​ត្រូវ​ប្រឈម​គ្មាន​ផ្ទះ​សម្បែង​ស្នាក់នៅ បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ ជាពិសេស​កូន​តូចៗ​នឹង​ត្រូវ​បាត់បង់​ការ​សិក្សា​ផង​ដែរ។ ក្រោម​រូបភាព​ការ​អភិវឌ្ឍ​នេះ ពួក​គេ​មិន​ចង់​ជួប​បញ្ហា​ដូច​ពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ និង​បុរីកីឡា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។