គម្រោងកាត់ចេញដីមួយផ្នែកនៅកំពូលភ្នំដោះក្រមុំ ដើម្បីសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាតនៅខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ ធ្វើឲ្យជនជាតិដើមភាគតិចព្នង ប្រតិកម្មថាធ្វើឲ្យប៉ះពាល់តំបន់គោរពបូជាប្រពៃណី និងវប្បធម៌របស់អ្នកភូមិ ដែលធ្លាប់ចាត់ទុកទីនោះជាកន្លែងនិមិត្តរូបវត្ថុស័ក្ដិសិទ្ធិយូរ លង់មកហើយ។ ចំណែកមន្ត្រីជំនាញវប្បធម៌ ក៏ចង់ឲ្យរក្សាទុកតំបន់នោះជាតំបន់បូជនីយកិច្ចវប្បធម៌ដ៏សំខាន់ របស់ជនជាតិដើមភាគតិច តាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
សហគមន៍ជនជាតិដើមភាគតិចព្នង នៅស្រុក និងក្រុងចំនួន៥ ក្នុងខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរខេត្ត លុបចោលដីកាសម្រេចកាត់ដីតំបន់ភ្នំដោះក្រមុំ សម្រាប់ការសាងសង់វិទ្យាស្ថានរ៉ែ ថាមពល និងប្រេងកាត ដែលធ្វើឲ្យប៉ះពាល់វប្បធម៌ជំនឿប្រពៃណីជនជាតិដើមភាគតិច។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ទីររ៉ែ និងថាមពលរដ្ឋខេត្តមណ្ឌលគិរី កាលពីសប្ដាហ៍មុន បានយកគ្រឿងចក្រឈូសឆាយដីមួយផ្នែកនៅលើកំពូលភ្នំដោះក្រមុំ ក្នុងគម្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ លើកដំបូងនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។
តំណាងសហគមន៍ លោក ក្រើង តុលា ថ្លែងថា សហគមន៍មកពីស្រុកចំនួន៤ និងក្រុងសែនមនោរម្យ នឹងធ្វើការតវ៉ាប្រឆាំងគម្រោងនេះ ប្រសិនបើអាជ្ញាធរនៅតែបន្តយកដីភ្នំដោះក្រមុំ សម្រាប់គម្រោងអភិវឌ្ឍន៍នេះ។ លោកបន្តថា ភ្នំដោះក្រមុំ មិនត្រឹមតែជាកន្លែងសក្ការៈរបស់ជនជាតិដើមភាគតិចតែប៉ុណ្ណោះទេ ក៏ប៉ុន្តែភ្នំនេះជាតំបន់តំណាងឲ្យព្រលឹងវប្បធម៌ជនជាតិដើមភាគតិច ច្រើនជំនាន់មកហើយ៖ « ពួកគាត់យល់ឃើញថា នៅខេត្តមណ្ឌលគិរី មានដីជាច្រើននៅជាប់តំបន់ហ្នឹង នៅជុំវិញខេត្តមានដីច្រើនមែនទែនពាក់ព័ន្ធដីរដ្ឋមិនធ្វើអ្វីសោះ ហេតុអ្វីគាត់ចង់សាងសង់នៅតំបន់ហ្នឹង។ តាមប្រជាពលរដ្ឋ និងគណៈកម្មការសហគមន៍មិនអនុញ្ញាតឲ្យតែម្តង »។
ភ្នំដោះក្រមុំ មានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ឋិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ខេត្តមណ្ឌលគិរី។ ភ្នំនេះជាតំបន់បូជនីយកិច្ចរបស់ជនជាតិដើមភាគតិចព្នង និងជាតំបន់ទេសចរណ៍វប្បធម៌ដ៏សំខាន់របស់ខេត្តមណ្ឌលគិរី។ អតីតអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង កាលពីឆ្នាំ២០១៤ បានចេញដីកាសម្រេចកាត់ដីជាង ៥ហិកតារនៅលើភ្នំដោះក្រមុំ ប្រគល់ឲ្យក្រសួងរ៉ែ និងថាមពល សាងសង់វិទ្យាស្ថានបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ។
ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក ស្រី ទូច កត់សម្គាល់ថា ដីកាសម្រេចរបស់អតីតអភិបាលខេត្ត កាត់ដីភ្នំដោះក្រមុំ គឺផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសម្រេចប្រគល់តំបន់ភ្នំដោះក្រមុំ ទុកជាតំបន់វប្បធម៌ជនជាតិដើមភាគតិចតាំងពីឆ្នាំ២០០៤។ លើសពីនេះទៀត តំបន់ភ្នំដោះក្រមុំ រងការទន្ទ្រានយកដីពីសំណាក់ប្រជាពលរដ្ឋមួយចំនួន បង្កឲ្យមានភាពស្មុគស្មាញទាក់ទិនការតាំងទីលំនៅកាន់តែច្រើនឡើង។ លោកបន្តថា បានធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្ត និងក្រសួងវប្បធម៌ ដើម្បីពិនិត្យលក្ខខណ្ឌនៃការអភិរក្សភ្នំដោះក្រមុំ ឲ្យបានប្រសើរ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌នៃខេត្តភាគឦសានមួយនេះ៖ « និយាយ ពីជំនឿមិនមែនសំដៅទីតាំងតូចមួយហ្នឹងទេ ត្រូវមានវិសាលភាពធំទូលាយត្រូវរក្សាទុកហើយ។ តំបន់ហ្នឹងមិនអាចសាងសង់អ្វីបានទេ ពិសេសផ្ទុយទៅនឹង ស . ជ . ណ។ កន្លែងគោរពបូជាកាលណាមានសំណង់រឹងមាំ អ៊ីចឹងវាអាចប៉ះពាល់ហើយ ប៉ុន្តែត្រូវរកដំណោះស្រាយជាមួយក្រសួងថ្នាក់ដឹកនាំខេត្ត ពិសេសជនជាតិដើមភាគតិច »។
តួលេខស្រាវជ្រាវរបស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្រៅពីប្រជាពលរដ្ឋរាប់សិបគ្រួសារចូលទៅតាំងលំនៅក្នុងបរិវេណភ្នំ ដោះក្រមុំ ក៏មានអង្គភាពទឹកស្អាត មន្ទីរមុខងារសាធារណៈ មន្ទីររ៉ែ និងថាមពល រួមទាំងស្ថានីយទូរទស្សន៍ឯកជនបាយ័ន បានចូលទៅបោះទីតាំងនៅទីនោះជាបន្តបន្ទាប់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្ត មណ្ឌលគិរី លោក សុក រដ្ឋា ហៅការចូលទៅរស់នៅតំបន់បូជនីយដ្ឋានដ៏សំខាន់នេះ ថាជាការធ្វើឲ្យប៉ះពាល់ទៅលើសិទ្ធិជំនឿប្រពៃណីជនជាតិដើមភាគតិច និងប៉ះពាល់ដល់តំបន់ភ្នំដែលមានទេសភាពស្រល់ត្រកាលទាក់ទាញវិស័យ ទេសចរណ៍។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរជ្រើសរើសទីតាំងផ្សេងនៅក្បែរតំបន់ភ្នំដោះ ក្រមុំ ដើម្បីអភិវឌ្ឍវិទ្យាស្ថានសិក្សាមុខជំនាញជូនកូនចៅប្រជាពលរដ្ឋ ហើយរួមគ្នារក្សាតំបន់ភ្នំដោះក្រមុំ ទុកជាសម្បត្តិវប្បធម៌របស់ជាតិ និងជាកន្លែងទេសចរមកកម្សាន្តទស្សនាក្រុងសែនមនោរម្យ ពីលើកំពូលភ្នំនេះ៖ « ចៀសវាងកុំឲ្យមានបញ្ហា កើតឡើងជាមួយប្រជាពលរដ្ឋ កុំឲ្យមានទំនាស់កើតឡើងនៅពេលសាងសង់ ហើយកុំឲ្យប៉ះពាល់ទីសក្ការៈបូជារបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែរ។ ណាមួយទៀត តំបន់ភ្នំដោះក្រមុំ ហ្នឹង ត្រូវបានដាក់បញ្ជូនក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋស្ដីពីទីកន្លែង និងវប្បធម៌ជនជាតិដើមភាគតិច »។
អាជ្ញាធរខេត្តមណ្ឌលគិរី បានបញ្ឈប់ការឈូសឆាយដីតំបន់ភ្នំដោះក្រមុំ បន្ទាប់ពីជនជាតិដើមភាគតិចព្នង គ្រោងធ្វើការតវ៉ាកាលពីចុងសប្ដាហ៍មុន។ បន្ថែមលើនេះទៀត អាជ្ញាធរខេត្តគ្រោងបើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាគម្រោងអភិវឌ្ឍន៍វិទ្យាស្ថានស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល រួមជាមួយការទាមទារអភិរក្សរបស់សហគមន៍ជនជាតិដើមភាគតិច។
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល មានប្រសាសន៍ថា គោលបំណងរបស់អាជ្ញាធរខេត្ត គឺចង់រក្សាភ្នំដោះក្រមុំ កុំឲ្យមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់បន្តទៀត។ ហេតុនេះ ទើបសម្រេចយកដីមួយផ្នែកដែលមិនមែនជាកន្លែងសក្ការៈបូជារបស់ ជនជាតិដើមភាគតិច បង្កើតជាវិទ្យាស្ថានអប់រំចំណេះដឹងផ្នែកជំនាញ ដែលទីនោះនឹងរួមចំណែកអភិរក្ស និងការពារព្រៃឈើនៅតំបន់នោះ។ លោកថា អាជ្ញាធរក្រុង រួមជាមួយអាជ្ញាធរខេត្ត បានទៅពិនិត្យទីតាំងថ្មីសម្រាប់សាងសង់វិទ្យាស្ថាននោះ ហើយដើម្បីសម្របសម្រួលជាមួយសហគមន៍ ធ្វើយ៉ាងណាឲ្យមានការឯកភាពគ្នាលើគម្រោងអភិវឌ្ឍន៍ដែលសហគមន៍អាច ទទួលបានផលប្រយោជន៍ និងមិនប៉ះពាល់ដល់ទីសក្ការៈរបស់អ្នកភូមិ៖ « អាជ្ញាធរ ចង់យកមកដាក់ជាប្រយោជន៍សាធារណៈ តែបើបងប្អូនអ៊ីចឹង យើងអាចរកកន្លែងផ្សេងទៀត ហើយយើងមើលទាំងអស់គ្នា។ ត្រូវសុំយោបល់ទៅថ្នាក់ដឹកនាំខេត្តដែរ។ យើងប្ដូរទៅទីតាំងផ្សេង វាសមប្រកបទេក្នុងនាមវិទ្យាស្ថានមួយបម្រើឲ្យនិស្សិតបញ្ញវន្តដែល មកសិក្សាដើម្បីអភិវឌ្ឍទាំងអស់គ្នា »។
តួលេខផ្តល់ដោយមន្ត្រីមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី មុនឆ្នាំ២០០៤ ភ្នំដោះក្រមុំ មានផ្ទៃក្រឡាជាង ១០២ហិកតារ រហូតមកទល់នឹងឆ្នាំ២០០៩។ តួលេខនេះបានថយចុះនៅសល់តែជាង ៩២ហិកតារ ដោយសារការទន្ទ្រានចូលកាន់កាប់ដីភ្នំដោះក្រមុំ ពីសំណាក់ប្រជាពលរដ្ឋ។ ចំណែកបច្ចុប្បន្ន តួលេខប៉ាន់ប្រមាណរបស់សហគមន៍ ផ្ទៃដីភ្នំដោះក្រមុំ នៅសល់ជាង ៧០ហិកតារតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
