បញ្ហានេះ ត្រូវបានអតីតប្រធានការិយាល័យក្រសួងសង្គមកិច្ច ប្រចាំស្រុកជើងព្រៃ លើកឡើងថា គឺខាងរដ្ឋាភិបាលបានបញ្ជូនទៅតាមការស្នើសុំរបស់ពួកគាត់ហើយ ប៉ុន្តែដីទាំងនោះមិនទាន់ឈូសឆាយឱ្យបានស្អាតបាត ទើបសុំគ្រួសារជនពិការទាំងនោះរង់ចាំបន្តិចទៀតសិន។
ប្រជាពលរដ្ឋដែលពិការដោយសារធ្វើទាហានចំនួន ៥គ្រួសារ នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានលើកឡើងថា ពួកគាត់ត្រូវបន្តរង់ចាំទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល ដើម្បីជួយសម្រួលក្នុងការរស់នៅ ដោយសារពួកគាត់មិនមានដីធ្លីសម្រាប់បង្កបង្កើនផលនោះទេ។
យោធិនពិការជើងឆ្វេង ដោយសារបម្រើកងទ័ពក្នុងការទប់ទល់ជាមួយក្រុមខ្មែរក្រហម កាលពីទសវត្ស៨០ លោក ឯម សុផល ដែលរស់នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន តាំងពីពេលដែលរូបលោកធ្លាក់ខ្លួនពិការ ធ្វើឱ្យចំណូលក្នុងគ្រួសារមានការលំបាក។ ហើយម្យ៉ាង លោកមិនមានដីធ្លីសម្រាប់បង្កបង្កើនផលទៀតនោះ ដែលនាំឱ្យគ្រួសារលោកកាន់តែយ៉ាប់ថែមទៀត។
លោកបន្តថា លោកបានបំពេញលិខិតស្នើសុំឱ្យមន្ទីរក្រសួងសង្គមកិច្ច កាលពីឆ្នាំ២០១០ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច តាមគោលនយោបាយរបស់រដ្ឋាភិបាលនោះ ប៉ុន្តែមកដល់ពេលនេះ រូបលោកមិនទាន់ទទួលបានលទ្ធផលអ្វីក្រៅតែពីពាក្យឱ្យលោករង់ចាំនោះឡើយ៖ «ខ្ញុំបានដាក់ដឺម៉ង់ទៅដូចថា គេឱ្យសម្បទានដីខាងជនពិការហ្នឹងថា អ៊ីចឹងខ្ញុំបានដាក់ដឺម៉ង់រហូតជាង ៣ឆ្នាំហើយ។ ដល់ពេលនេះ ខ្ញុំសួរទៅចេះតែថាមិនអត់ទេៗ ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអ្វីក៏យូរម្ល៉េះ?»។
លោកបន្ថែមទៀតថា ភាពពិការរបស់លោក គឺជាការលះបង់ដើម្បីបម្រើជាតិ គប្បីមានឧបត្ថម្ភណាមួយពីសំណាក់រដ្ឋាភិបាល ផ្ទុយទៅវិញលោកមិនទាន់ទទួលបានអ្វីពីរដ្ឋនោះទេ។ លោកបន្ថែមទៀតថា ការរង់ចាំរបស់លោកក្នុងការទទួលបានដីសម្បទាននោះ លោកខ្លាចថាដីជាចំណែករបស់ជនពិការទាំងនោះមានការឃុបឃិតគ្នាដើម្បីយកបាត់ទៅ ទើបមិនឃើញដូចនេះ៖ «បញ្ហាហ្នឹងបើតាមខ្ញុំយល់ ខ្ញុំគិតថាដីហ្នឹងគេឱ្យមែន ប៉ុន្តែគ្រាន់តែថាអ្នកមានអំណាចបន្តបន្ទាប់ហ្នឹង ក្រែងលោគាត់ឃុបឃិតជាមួយឈ្មួញឧកញ៉ាអ៊ីចឹងទៅ គេលក់ផ្តាច់ ខ្ញុំសង្ស័យអ៊ីចឹងវិញ»។
ចំពោះបញ្ហានេះ ត្រូវបានអតីតប្រធានការិយាល័យក្រសួងសង្គមកិច្ច នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ឈាង លី បានមានប្រសាសន៍ថា ការផ្តល់ដីសម្បទាននោះ គឺតម្រូវគ្រួសារជនពិការទាំងនោះស្នើសុំតំបន់ដីសម្បទានសង្គមកិច្ចនោះនៅតាមខេត្តមួយចំនួន ប៉ុន្តែតំបន់ដែលពួកគាត់ជ្រើសរើសនោះ គឺខាងរដ្ឋាភិបាលមិនទាន់ធ្វើការឈូសឆាយឱ្យស្អាត ដើម្បីជាការងាយស្រួលដល់ពួកគាត់នោះទេ។ លោកបន្តថា ប្រសិនបើតំបន់សម្បទានទាំងនោះត្រូវបានផ្តល់សេវាកម្ម ដូចជាមានផ្លូវមានមណ្ឌលសុខភាព មានសាលារៀន មានផ្ទះគ្រប់គ្រាន់ហើយនោះ ខាងក្រសួងនឹងបញ្ជាក់ប្រាប់ពួកគាត់។
លោក ឈាង លី៖ «បាទ! ខាងគាត់ដាក់ពាក្យទៅហ្នឹងមានលេខទូរស័ព្ទមានលេខអីហើយ! ប្រសិនបើមានដំណឹងអី គេនឹងផ្តល់ដំណឹង ថាប្រសិនបើតំបន់ហ្នឹងគេឈូសឆាយអីរួចហើយ បានគេផ្តល់ដំណឹងឱ្យពួកគាត់។ ហើយជនពិការយើងទូទាំងប្រទេស គេបានដាក់ពាក្យទៅតំបន់ផ្សេងៗ ហើយតំបន់ខ្លះហ្នឹងក៏គេបានឈូសឆាយហើយ គេធ្វើផ្ទះធ្វើមណ្ឌលសុខភាព សាលារៀនសម្រាប់ឱ្យពួកគាត់ទៅរស់នៅហ្នឹង! ហើយដីចម្ការអី ទាល់តែគេឈូសឆាយឱ្យគាត់ដែរ ពីព្រោះពួកគាត់ពិការមិនអាចធ្វើបានទេ»។
លោកបញ្ជាក់ថា សុំយោធិនពិការទាំងនោះគប្បីកុំមានការព្រួយបារម្ភអី ពីព្រោះរដ្ឋាភិបាលកំពុងយកចិត្តទុក្ខដាក់ជាច្រើនចំពោះបញ្ហានេះ។ ដូចនេះ គឺពួកគាត់ត្រូវរង់ចាំបន្តិចទៀត ដើម្បីទុកពេលឱ្យខាងក្រសួងចាត់ចែងនាពេលខាងមុខ។
យ៉ាងណាក៏ដោយ គ្រួសារជនពិការដែលកំពុងតែរស់នៅក្នុងស្ថានភាពលំបាក ដោយខ្វះសមត្ថភាព និងមធ្យោបាយទាំងនោះ បានអំពាវនាវឱ្យរដ្ឋាភិបាលជួយពន្លឿនជុំវិញបញ្ហានេះ ដើម្បីឱ្យពួកគាត់អាចរស់នៅបានក្នុងសង្គមដោយភាពសមរម្យ ពីព្រោះភាពពិការរបស់ពួកគាត់ គឺជាការលះបង់ ដើម្បីជាតិមាតុភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
