សមាជិកសហគមន៍ការពារព្រៃឈើភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចោទប្រកាន់ប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នា ថាបានគំរាមកំហែងអាយុជីវិត ប្រសិនគាត់មិនព្រមទទួលយកការសម្របសម្រួលបញ្ចប់ការប្ដឹងឈ្មួញដែលកាប់រានព្រៃឈើក្នុងព្រៃសហគមន៍ការពារ។ ចំណែកប្រជាពលរដ្ឋជាចុងចោទ បដិសេធការចោទប្រកាន់នេះ។
សមាជិកសកម្មនៃសហគមន៍ការពារព្រៃឈើភូមិពូរ៉ាដែត ឃុំស្រែអំពូម បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយអំពាវនាវសុំឲ្យក្រុមសមត្ថកិច្ចស៊ើបអង្កេតជាបន្ទាន់ទៅលើការគំរាមកំហែងអាយុជីវិតអ្នកការពារព្រៃឈើ។
តំណាងសហគមន៍ភូមិពូរ៉ាដែត លោកស្រី ហេង ណុក បញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដា ថា តំណាងឈ្មួញដែលឈូសឆាយព្រៃក្នុងតំបន់ព្រៃសហគមន៍អភិរក្សឈ្មោះ ពិសិដ្ឋ មានទីលំនៅនៅភូមិពូរ៉ាដែត បានគំរាមដល់សុវត្ថិភាពលោកស្រី ខណៈលោកស្រីបដិសេធមិនព្រមទទួលយកសំណើសម្របសម្រួលជម្លោះដែលកើតមានរវាងសហគមន៍ និងក្រុមឈ្មួញ។ លោកស្រីបន្តថា សហគមន៍មិនអាចទទួលយកការសម្របសម្រួលទាក់ទិនការកាត់ដីដែលសហគមន៍អភិរក្ស ទៅឲ្យឈ្មួញបានឡើយ ពីព្រោះជារឿងខុសច្បាប់៖ « ២៥ហិកតារដែលគាត់ឈូសឆាយហើយស្រេច ឲ្យទូទាត់ជាប្រាក់ប៉ុន្មាន គាត់ចេញជាលុយ។ ខ្ញុំថាមិនអាចសម្រេចបានទេ មិនមែនជាដីខ្ញុំបុគ្គល។ ពេលខ្ញុំថាអ៊ីចឹង គាត់ថាបើចែឯងអត់ជួយ ចែឯងអត់រួចខ្លួនទេ។ ពាក្យអត់រួចខ្លួនវាធ្ងន់ធ្ងរសម្រាប់ខ្ញុំ មិនដឹងគាត់ធ្វើអ្វីខ្ញុំ »។
កាលពីសប្ដាហ៍មុន សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត បដិសេធការសម្របសម្រួលរបស់អាជ្ញាធរស្រុក ពាក់ព័ន្ធកាត់ដីដែលចំនួន ១០ហិកតារក្នុងចំនួនដី ៥០ហិកតារដែលអ្នកទិញដីបានឈូសឆាយព្រៃសហគមន៍ ដោយសំអាងថាបានទិញដីមានប័ណ្ណកម្មសិទ្ធិពីពលរដ្ឋក្នុងភូមិនេះ។
អ្នកភូមិទាមទារឲ្យអាជ្ញាធរខេត្ត ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការចេញប័ណ្ណកម្មសិទ្ធិ និងការខូចខាតព្រៃឈើនៅតំបន់ព្រៃដែលរដ្ឋបានប្រគល់ឲ្យសហគមន៍អភិរក្ស។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងអ្នកទិញដី គឺលោក ពិសិដ្ឋ ទទួលស្គាល់ថា លោកបានជួបចរចាជាមួយសហគមន៍ដើម្បីសម្របសម្រួលបញ្ចប់ជម្លោះ ក៏ប៉ុន្តែមិនបានគំរាមកំហែងដូចការចោទប្រកាន់នោះទេ។ លោកថា សហគមន៍ទំនងយល់ច្រឡំពាក្យសម្ដីរបស់លោក ដែលបានពន្យល់គាត់ពីផលលំបាកទាក់ទិនជម្លោះប្ដឹងគ្នានេះ៖ « គាត់មិនយល់អ្វីដែលខ្ញុំនិយាយ។ គាត់ថាខ្ញុំគំរាម។ ខ្ញុំជាប្រជាពលរដ្ឋតើ ! ថាបើរឿងហ្នឹងឡើងដល់តុលាការ វាខាតទាំងអស់គ្នា។ អ្នកទិញដីហ្នឹងគេមានលុយ គេអត់ខ្វល់ទេ យើងប្រជាពលរដ្ឋនេះ។ ខ្ញុំចង់ពន្យល់ហេតុផលគាត់អ៊ីចឹង »។
ប្រជាពលរដ្ឋភូមិពូរ៉ាដែត ជិត ១០០នាក់ រួមជាមួយមន្ត្រីឃុំ មន្ត្រីព្រៃឈើ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC)កាលពីថ្ងៃទី៦ ខែកក្កដា បានរកឃើញឈើរាប់ពាន់ដើមក្នុងតំបន់ព្រៃស្រោងជាតំបន់ព្រៃការពាររបស់សហគមន៍ ត្រូវបុរសឈ្មោះ លេង គឹមហាង យកគ្រឿងចក្រឈូសឆាយរំលំចោល បំណងដុតរានយកដីដោយសំអាងថាដីនោះគាត់បានទិញពីប្រជាពលរដ្ឋក្នុងភូមិបីគ្រួសារ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរបស់សហគមន៍ទាក់ទិនករណីឈូសឆាយព្រៃសហគមន៍ និងការគំរាមកំហែងសហគមន៍។ លោកថា ជំហានដំបូង សមាគមបានអន្តរាគមន៍ករណីគំរាមកំហែងសហគមន៍ទៅសមត្ថកិច្ច ដើម្បីឃ្លាំមើលបញ្ហានេះ៖ « លិខិតអន្តរាគមន៍ខ្ញុំដាក់ទៅថ្ងៃហ្នឹងហើយទៅសាលាខេត្ត ពាក់ព័ន្ធករណីហ្នឹង។ រឿងគាត់ប្ដឹងទៅតុលាការបន្ត ជាសិទ្ធិរបស់គាត់ ប៉ុន្តែខ្ញុំជឿថាគាត់នឹងដាក់ទៅតុលាការ »។
អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន នៅថ្ងៃទី១៤ ខែកក្កដា បដិសេធមិនឆ្លើយសំណួរវិទ្យុអាស៊ីសេរី ដោយសារជាប់ប្រជុំ។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ លោកស្រី ហេង ណុក អះអាងថា នៅសប្ដាហ៍ក្រោយនេះ សហគមន៍នឹងរៀបចំពាក្យប្ដឹងករណីទាំងពីរដាក់ជូនស្ថាប័នអយ្យការចាត់វិធានការតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
