អតីត​ស្នងការ​នគរបាល​ម្នាក់​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​យក​ដី​បន្ទាយ​ប៉ូលិស​ធ្វើ​ជា​កម្មសិទ្ធិ

0:00 / 0:00

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អតីត​ស្នងការ​នគរបាល​ម្នាក់ ថា​បាន​យក​ដី​បន្ទាយ​ប៉ូលិស​ការពារ​ព្រំដែន ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ មន្ត្រី​ប៉ូលិស​ព្រំដែន​បញ្ជាក់​ថា ពួក​គាត់​កំពុង​រៀបចំ​ធ្វើ​ពាក្យ​បណ្ដឹង ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រក្សា​ដី​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​បន្ទាយ ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ជា​បន្ទាន់។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ឃុំ​កោះរកា គឺ​លោក សូ សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​២១ កញ្ញា ថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង គឺ​លោក គឹម ផន បញ្ជា​ឲ្យ​កូន​ចៅ​ជំនិត​ឈូស​ឆាយ​ដី​បន្ទាយ​ប៉ូលិស​ការពារ​ព្រំដែន នៅ​ចំណុច​ភូមិ​កោះរកា ឃុំ​កោះរកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ដើម្បី​កាន់​កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

លោក សូ សុភាព៖ «គាត់​មក​បញ្ជា​គេ​មក​ដែល​ជា​កូន​ចៅ​នៅ​ហ្នឹង ដែល​ជា​ជំនិត​របស់​គាត់ រុះរើ​អា​ដែង​ប៉ុស្តិ៍ ឱ​អា​ដែង​រុះរើ​កន្លែង​ជម្រក​ស្នាក់នៅ​របស់​កង​កម្លាំង។ ប៉ុន្តែ​ដល់​ឃើញ​ភ្លាម ខ្ញុំ​ឃើញ​អាក្រក់​ពេក ហើយ​មេៗ​គាត់​អត់​ហ៊ាន ដល់​អ៊ីចឹង​គាត់​ប្រុង​ឲ្យ​រើ​មែន​ទែន។ បាទ! ដូចជា​បង្គន់​អី​ដែល​កូន​ចៅ​ខំ​កសាង​ហើយ​ហ្នឹង គាត់​ទៅ​បញ្ជា​ឲ្យ​គេ​រើ​ដាច់​ទុយោ​ទឹក​ទុយោ​អី​អ៊ីចឹង មាន​ដំណើរ​ការ​អី​កើត»

ផ្ទៃ​ដី​ដែល​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​អះអាង​ថា អតីត​ស្នងការ​នគរបាល​ខេត្ត​រំលោភ​យក​នោះ ទំហំ​ផ្ទៃដី​ទទឹង​ប្រមាណ ៨០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១១០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ក្បែរ​ច្រក​កោះរកា ព្រំដែន​កម្ពុជា​វៀតណាម។

មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ពាមជរ ដែល​បាន​ចុះ​អង្កេត​រឿង​ដី​នេះ គឺ​លោក ស្រេង ណន មាន​ប្រសាសន៍​ថា ដី​បន្ទាយ​ប៉ូលិស​ការពារ​ព្រំដែន ពិត​ជា​មាន​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ប្រាកដ​មែន។ លោក​បន្ត​ថា អ្នក​ដែល​រំលោភ​យក​ដី​នោះ អាស្រ័យ​អំណាច​ចាស់​ដែល​ធ្លាប់​គ្រប់គ្រង​កូន​ចៅ​ក្រោម​បង្គាប់​កន្លង​មក៖ «មន្ត្រី​មាន​អំណាច​នេះ គឺ​បាន​បណ្ដេញ​គាត់​ចេញ​ពី​កន្លែង​ដី​ដែល​មាន​បញ្ហា ហើយ​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​វិញ។ ហើយ​ម្សិលមិញ​នេះ បាន​ពិនិត្យ​ឃើញ​ជាក់ស្ដែង គឺ​មាន​ការ​ហ៊ុំ​របង និង​គាស់​ដើម​ប្រេង​ខ្យល់​ចេញ និង​មាន​ការ​បណ្ដេញ​ផ្ទះ​គាត់​ចេញ​មែន»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ជំទប់​ទី​១​ឃុំ​កោះរកា លោក លី សុផុន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​បណ្ដឹង​ពី​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន ហើយ​បាន​ទៅ​ត្រួត​ពិនិត្យ​មើល​រក​ឃើញ​ថា ផ្ទៃ​បន្ទាយ​ប៉ូលិស​ដែល​ជា​ទីតាំង​ការពារ​ព្រំដែន អាច​នឹង​បាត់​បង់​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ក្នុង​ពេល​ឆាប់ៗ៖ «បច្ចុប្បន្ន​នេះ គឺ​គេ​ដេញ​សមត្ថកិច្ច ដែល​ជាពិសេស គឺ​កូន​ចៅ អា​៣​ដែល​សង់​ផ្ទះ​នៅ​ក្នុង​បន្ទាយ​ហ្នឹង​តែ​ម្ដង ដេញ​ឲ្យ​រើ​ផ្ទះ​ហ្នឹង​ចេញ ដើម្បី​គេ​រៀបចំ​ឈូស​ឆាយ។ ហើយ​បច្ចុប្បន្ន​នេះ គឺ​យក​អា​អេស្កាម៉ាទ័រ​ហ្នឹង គឺ​គាស់​គល់​ចេញ​អស់​ហើយ។ ហើយ​ឲ្យ​រើ​ផ្ទះ​ហ្នឹង​ចេញ​ទៀត ជាពិសេស គឺ​ដងទង់​ជា​អឺ! កណ្ដាល​បន្ទាយ​ហ្នឹង និង​ត្រៀម​បំផ្លាញ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង គឺ​លោក គឹម ផន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កញ្ញា។

ចំណែក​ឯ​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឃុំ​កោះរកា ដែល​មន្ត្រី​ប៉ូលិស​អះអាង​ថា ជា​មនុស្ស​ជំនិត និង​ជា​អ្នក​បញ្ជា​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​បន្ទាយ​ប៉ូលិស តាម​បញ្ជា​របស់​លោក​អតីត​ស្នងការ​នគរបាល​ខេត្ត គឺ​លោក អ៊ិត សុភាព មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «អត់​មែន​ទេៗ ខ្ញុំ​មិន​មែន​ទេ អ! ចាំ​ទៅ​សួរ​គេ​ហ្នឹង​ទៅ​ខាង​ស្រុក គេ​ហ្នឹង​ខ្ញុំ​ម៉េច​ដឹង ខ្ញុំ​អត់​ដឹង​ផង»

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​បន្ទាយ​របស់​អង្គភាព​កង​ប្រដាប់​អាវុធ ជា​សម្បត្តិ​របស់​រដ្ឋ មិន​អាច​ជន​ណា​ម្នាក់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ៖ «គាត់​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​បាទ! ទាមទារ​ហ្នឹង គឺ​ទាមទារ​មិន​ឲ្យ​លក់ ឬ​ក៏​ទាមទារ​នូវ​អត្ថប្រយោជន៍។ អ៊ីចឹង​ក្នុង​ក្របខ័ណ្ឌ​នេះ ខ្ញុំ​គិត​ពិចារណា​ថា បើ​សិន​ជា​គាត់​ចង់​ប្ដឹង គាត់​អាច​ប្ដឹង​មក​ក្រសួង​សាមី​របស់​ខ្លួន ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា តើ​ដី​ហ្នឹង​ជា​ដី​បុគ្គល​ឯកជន ឬ​ជា​ដី​របស់​ឯកជន​របស់​រដ្ឋ»

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន កំពុង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រក្សា​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ ហើយ​ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​ពុំ​មាន​វិធានការ​ទាន់​ពេល​ទេ អាច​នឹង​បាត់​បង់​ក្នុង​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។