បញ្ហាជម្លោះដីធ្លីនៅកម្ពុជា គឺជាបញ្ហាចម្បងមួយនៅក្នុងសង្គមកម្ពុជា ដែលកើតមានរ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលករណីខ្លះនៅមិនទាន់ដោះស្រាយបាននៅឡើយ។ បញ្ហាជម្លោះដីធ្លីនេះ ធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាជាច្រើន ដូចជាការបាត់បង់ដីធ្លីសម្រាប់កសិកម្ម បាត់បង់ប្រាក់ចំណូល ប៉ះពាល់ដល់ការសិក្សារបស់កុមារ និងយុវជននៅពេលផ្លាស់ប្ដូរទីលំនៅ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លើកឡើងថា ការចុះបញ្ជីដីធ្លីគឺជាការដោះស្រាយទំនាស់នៅក្នុងប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ មានប្រសាសន៍ថា យុវជនស្ម័គ្រចិត្តបានចុះវាស់វែងដីធ្លី និងចុះបញ្ជីបានជាង ២លានហិកតារនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងបានចែកប័ណ្ណជូនប្រជាពលរដ្ឋជាង ៥៦ម៉ឺនប័ណ្ណ ក្នុងចំណោមក្បាលដីជាង ៧១ម៉ឺនក្បាលដី។
លោកបញ្ជាក់ថា ការចុះបញ្ជីដីនេះជារឿងសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាទំនាស់ដីធ្លី ហើយថា ការចុះបញ្ជីដីធ្លីនឹងអាចបញ្ចប់នៅឆ្នាំ២០២៣៖ «នេះ គឺជាសុឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី អ្វីជារបស់ប្រជាពលរដ្ឋ គឺជារបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្តការដាំដុះរបស់ខ្លួន កាលណាដីរបស់យើងហើយ យើងអាចធ្វើអ្វីក៏បាន កាលណាមានគេទន្ទ្រានយើងដាក់ទៅតុលាការ»។
ការថ្លែងដូច្នេះនៅក្នុងវេទិកាថ្នាក់ជាតិស្ដីពីដីធ្លី និងលំនៅឋាន ក្រោមប្រធានបទស្ដីអំពីលើកកម្ពស់ចំណេះដឹង សីលធម៌ និងការចូលរួមរបស់យុវជនក្នុងការកាត់បន្ថយបញ្ហាដីធ្លី និងលំនៅឋាន ដែលរៀបចំធ្វើឡើងដោយវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅថា អិន.ជី.អូ ហ្វ័រ៉ុម (NGO Forum) នៅថ្ងៃទី២៧ តុលា។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោកបណ្ឌិត តឹក វណ្ណារ៉ា មានប្រសាសន៍ថា ការពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យលើការអនុវត្តរបស់ក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ គម្រោងអភិវឌ្ឍន៍ខ្នាតធំៗឲ្យបានត្រឹមត្រូវ ការពង្រីក និងពន្លឿនការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍តំបន់ ការពារ សហគមន៍អេកូទេសចរណ៍ សហគមន៍នេសាទ ជាពិសេស ការជួបពិភាក្សាត្រង់ទៅត្រង់មករវាងគ្រប់ភាគីជម្លោះ គឺជាការកត្តាចម្បងក្នុងការដោះស្រាយជម្លោះប្រាកដដោយប្រសិទ្ធភាព។
អនុប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីដែលមិនទាន់ដោះស្រាយបញ្ចប់នេះ ដោយសារតែការផ្ដល់សំណងមិនសមស្រប និងមួយទៀត អាជ្ញាធរថ្នាក់ក្រោមរាយការណ៍ខុសមកថ្នាក់លើ៖ «ខ្ញុំគិតថា រដ្ឋាភិបាលគាត់ត្រូវតែមានត្រចៀកពីរ គាត់ត្រូវតែមានត្រចៀកច្រើន ដើម្បីស្ដាប់នូវអ្វីដែលជាតម្រូវការរបស់ប្រជាជន គាត់មិនត្រូវស្ដាប់ត្រចៀកតែមួយទេ ដើម្បីយកមកថ្លឹងថ្លែង ថាតើភ្នាក់ងាររបស់គាត់ (រដ្ឋាភិបាល) ធ្វើបានប៉ុណ្ណា? ហើយរឿងពិតដែលកំពុងតែកើតមានប៉ុណ្ណា? ហើយខ្ញុំក៏កោតសរសើរដែរ សម្រាប់អង្គការសង្គមស៊ីវិលមួយចំនួន បានចុះទៅដល់ទីតាំង ដើម្បីពាំនាំរឿងអស់ទាំងហ្នឹងយកមកជូនរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយ»។
សេចក្ដីជូនដំណឹងរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៤ បញ្ជាក់ថា មកដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៤ លទ្ធផលសម្រេចលើការអនុវត្តបទ បញ្ជាលេខ ០០១ របស់រដ្ឋាភិបាលគឺសកម្មភាពថ្មីលើវិស័យដីធ្លីក្នុងការវាស់វែងដីធ្លី និងចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋមានប្រកាសតំបន់វិនិច្ឆ័យចំនួន ៣៥៧ឃុំ បំពេញសាលាកបត្រ បានជាង ៧១ម៉ឺន វាស់វែងបាន ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបាន ៥៦ម៉ឺនប័ណ្ណ។
របាយការណ៍របស់សមាគមអាដហុក គិតដល់ខែមិនា ឆ្នាំ២០១៤ បញ្ហាជម្លោះដីធ្លីមាន ១០៥ករណី និងប៉ះពាល់ជាង ៤ពាន់គ្រូសារនៅទូទាំងប្រទេស ដែលបញ្ហាជម្លោះនេះនៅមិនទាន់ដោះស្រាយបានបញ្ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។