GW៖ ក្រុមហ៊ុន​វៀតណាម​រ៉ាប់ប៊ឺ​គ្រូប​នៅ​កម្ពុជា​ប្រកាស​ជំហរ​កែ​ទម្រង់​ពាណិជ្ជកម្ម

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness = GW) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ សីហា ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម ឈ្មោះ រ៉ាប់ប៊ឺ គ្រូប (Rubber Group) បាន​ប្រកាស​អំពី​ការ​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​កែ​ទម្រង់​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​រក​ស៊ី​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក ឲ្យ​ដឹង​ថា ការ​កែ​ទម្រង់​នេះ ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​ខ្លួន និង​សហគមន៍​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម ដ៏​ធំ​មួយ​នេះ គោរព​ច្បាប់​ជាតិ និង​សិទ្ធិ​ពលរដ្ឋ។

ការ​កែ​ទម្រង់​ថ្មី​នេះ គឺ​តម្រូវ​ឲ្យ​សហគមន៍​ដែល​រង​ការ​ប៉ះ​ទង្គិច​ដោយ​ចម្ការ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប អាច​ដាក់​បណ្ដឹង​ជា​ផ្លូវ​ការ​ទៅ​ក្រុមហ៊ុន​នេះ​បាន ដែល​កាល​ពី​មុន​គ្មាន​យន្តការ​ដូច្នេះ​នោះ​ឡើយ។

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan Macinnes) បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា អ្នកស្រី​ស្វាគមន៍​ចំពោះ​ការ​ខិតខំ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ដែល​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ដោយ​ចម្ការ​កៅស៊ូ​នៃ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បន្ត​ថា ក្រុមហ៊ុន​គួរ​តែ​បោះ​ជំហាន​ឲ្យ​បាន​ឆ្ងាយ​ជាង​នេះ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​អ្នក​បាន​បាត់​បង់​ដីធ្លី។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​បញ្ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា រ៉ាប់ប៊ឺ បារ៉ិនស៍ (Rubber Barons) ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។