ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ នៅថ្ងៃទី២៩ ធ្នូ ផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើឲ្យរដ្ឋសភាកោះប្រជុំវិសាមញ្ញលុបចោលដីសម្បទាននៅតាមបណ្ដោយព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ផ្ដល់ឲ្យក្រុមហ៊ុនវៀតណាម។
ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឫទ្ធី ព្រួយបារម្ភថា ប្រទេសវៀតណាម នឹងច្បាមយកដីប្រទេសកម្ពុជា នៅតាមព្រំដែន បន្ទាប់ពីលោកអានព័ត៌មានដែលចេញផ្សាយនៅពេលថ្មីៗនេះថា ដីរបស់កម្ពុជា ប្រមាណ ៤ម៉ឺនហិកតារ កំពុងត្រូវកងទ័ពវៀតណាម ជួលនៅតាមព្រំដែន ក្រោមស្លាកដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតារ។
នៅក្នុងលិខិតនោះ ប្រធានគណបក្សដែលទើបតែបង្កើតថ្មីនេះ បានស្នើឲ្យព្រះមហាក្សត្រ ស្នើទៅរដ្ឋសភា ដើម្បីលុបចោលនូវដីសម្បទានទាំងប៉ុន្មាននៅជាប់ព្រំដែន ដែលត្រូវផ្តល់ទៅឲ្យក្រុមហ៊ុនវៀតណាម។
លោក ហ៊ាង ឫទ្ធី បញ្ជាក់ថា មន្ត្រីព្រះបរមរាជវាំង បានធ្វើក្រដាសស្នាមបញ្ជាក់ថា បានទទួលលិខិតរបស់លោកហើយ។ លោក ហ៊ាង ឫទ្ធី ជឿជាក់ថា ប្រសិនបើមិនដកដីសម្បទានពីភាគីវៀតណាម នៅតាមព្រំដែនទេ វៀតណាម នឹងឆ្លៀតឱកាសដាក់ទ័ពរបស់ខ្លួនក្នុងប្រទេសកម្ពុជា កាន់តែច្រើន ក្រោមហេតុផលការពារប្រជាពលរដ្ឋដែលមកធ្វើជាកម្មករនៅលើដីសម្បទាន៖ «ចំណុចនេះហើយដែលរដ្ឋាភិបាលផ្តល់ដីសម្បទានតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ វាជាបញ្ហាមានហានិភ័យខ្ពស់ ខូចខាតដល់បូរណភាពទឹកដី។ ថ្វីត្បិតតែយើងមានបង្គោលព្រំដែនហើយក៏ដោយ។ នៅក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ អំពីផ្ទៃក្រឡា ១៨១.០៣៥គីឡូម៉ែត្រការ៉េក៏ដោយ តែរឿងនេះជាហានិភ័យមួយ»។
លិខិតដែលស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រនេះ យោងលើមាត្រាចំនួន៣ នៃរដ្ឋធម្មនុញ្ញ គឺមាត្រា២ មាត្រា៨ និងមាត្រា១៨ ដែលបញ្ជាក់ពីបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ។
ត្រង់មាត្រា២ ចែងថា បូរណភាពរបស់ប្រទេសកម្ពុជា មិនអាចឲ្យរំលោភបានក្នុងព្រំដែនរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ហើយមាត្រា៨ ចែងពីតួនាទីរបស់ព្រះមហាក្សត្រ ដែលទ្រង់ជាអ្នកធានាបូរណភាពទឹកដី និងអធិបតេយ្យភាពនៃប្រទេសកម្ពុជា។ មាត្រា១៨ វិញចែងថា ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយរដ្ឋសភា ដោយព្រះរាជសារ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា មានតែប្រមុខរាជរដ្ឋាភិបាលទេដែលមានសិទ្ធិកោះហៅសមាជិករដ្ឋសភា ដើម្បីបើកប្រជុំវិសាមញ្ញបាន៖ «នេះមិនមែនជានីតិវិធីដែលរដ្ឋសភាធ្លាប់ធ្វើទេ។ ខ្ញុំជឿថា ព្រះមហាក្សត្រប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ។ ក្នុងរដ្ឋធម្មនុញ្ញយើង ព្រះមហាក្សត្រទ្រង់សោយរាជ្យ តែមិនគ្រប់គ្រងប្រទេសទេ ហើយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ»។
ដីខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រមាណ ៤ម៉ឺនហិកតារ ត្រូវគេរកឃើញថា គ្រប់គ្រងដោយទាហានវៀតណាម។
ដំបូងឡើយជាដីសម្បទានសេដ្ឋកិច្ចដីទំហំប្រមាណ ៤ម៉ឺនហិកតារនេះ រដ្ឋាភិបាលកម្ពុជា ចុះកិច្ចសន្យាផ្ដល់ឲ្យក្រុមហ៊ុនឯកជនរបស់វៀតណាម ដើម្បីអភិវឌ្ឍ។ បន្ទាប់មកទៀត ត្រូវគេផ្ទេរសិទ្ធិបន្តគ្នារហូតធ្លាក់ដល់ដៃកងទ័ពវៀតណាម។
ទិន្នន័យរបស់អង្គការលីកាដូ (LICADHO) បង្ហាញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានចំនួនជាង ២លានហិកតារ (២.០៩៩.៣៤៦ហិកតារ) ក្នុងទីតាំង ២៧០កន្លែងផ្សេងគ្នានៅទូទាំងប្រទេសកម្ពុជា ដល់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ ក្នុងចំណោមជាង ២លានហិកតារនេះ ក្រុមហ៊ុនវៀតណាម ទទួលបានជាង ៣៦ម៉ឺនហិកតារ (៣៦៣.៥៦០ហិកតារ) ក្នុងទីតាំងដីសម្បទានចំនួន ៥៦កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
