មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ជាង​៧០​គ្រួសារ

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​ដីធ្លី កំពុង​រក​ឱកាស​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ដើម្បី​លើក​យក​បញ្ហា​របស់​ពលរដ្ឋ​ប្រមាណ ៧៣​គ្រួសារ​ដែល​ចូល​កាន់​កាប់ និង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​សន្ទ្រែ ក្នុង​ស្រុក​ភ្នំក្រវាញ។ អាជ្ញាធរ​បង្ហាញ​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ហាម​ដាច់ខាត​ចំពោះ​ការ​ទន្ទ្រាន​ព្រៃ​កាន់​កាប់​ដី​បន្ថែម។

មន្ត្រី​សិទ្ធិ​មនុស្ស​កំពុង​តាមដាន​ស្ថានភាព​បញ្ហា​ដីធ្លី​រវាង​អាជ្ញាធរ​ជាមួយ​ពលរដ្ឋ​កាន់​កាប់​ដី​នៅ​ចំណុច​ភូមិ​ស្រែពពាយ នៃ​ឃុំ​សន្ទ្រែ ក្រោយ​ពី​តំណាង​អង្គការ​សហប្រជាជាតិ និង​អង្គការ​លីកាដូ ចុះ​អង្កេត​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

ពលរដ្ឋ​ខ្លះ​បាន​ចូល​កាន់​កាប់​ដី​ក្រោយ​ឆ្នាំ​២០១២ និង​ខ្លះ​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​មាន​បង្កាន់ដៃ​កាន់​កាប់​ដី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​រហូត​ស្រុក​ទៀត​ផង។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក ខុន ខូយ មាន​ប្រសាសន៍​ថា វា​ជា​កំហុស​មួយ​របស់​អាជ្ញាធរ​ដែរ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​អ្នក​ភូមិ​ចូល​ទន្ទ្រាន​កាន់​កាប់ ឬ​រស់នៅ​លើ​ដី​នោះ​ដោយ​មិន​បាន​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ពី​ដើម​ទី​មក។ លោក​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ត្រូវ​ចុះ​ស្រង់​ស្ថិតិ ឬ​ស៊ើប​អង្កេត​រក​ពលរដ្ឋ​ដែល​គ្មាន​ដី​រស់នៅ​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ៖ « អ៊ីចឹង​យើង​គិត​ថា បើ​អាជ្ញាធរ​ថា​ដី​ហ្នឹង​ជា​ដី​ខុស​ច្បាប់ ជា​ដី​ព្រៃ ឬ​ជា​ដី​សម្បទាន ចុះ​បាន​ជា​អាជ្ញាធរ​ភូមិ - ឃុំ ហើយ​រហូត​ដល់​ស្រុក​មាន​ការ​ទទួល​ស្គាល់ ( ទទួល​ស្គាល់​លើ​ការ​កាន់​កាប់​ដី​តាម​រយៈ​បញ្ជាក់​លិខិត​កាន់​កាប់​ដី »

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) (ស្ដាំ) ចុះ​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​ដី និង​ផ្ទះ​នៅ​ចំណុច​ភូមិ​ស្រែពពាយ ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ២០១៦។ Photo LICADHO
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) (ស្ដាំ) ចុះ​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​ដី និង​ផ្ទះ​នៅ​ចំណុច​ភូមិ​ស្រែពពាយ ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ២០១៦។ Photo LICADHO (Photo LICADHO)

ពលរដ្ឋ​រស់នៅ​ក្នុង និង​ក្រៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ប្រមាណ ៧៣​គ្រួសារ​ដែល​មាន​ដី​ចម្ការ និង​ផ្ទះ​លើ​ដី​សម្បទាន​សង្គមកិច្ច ឋិត​នៅ​ចំណុច​ស្រែពពាយ នៃ​ឃុំ​សន្ទ្រែ កំពុង​ជ្រួល​ច្របល់​ខ្លាច​អាជ្ញាធរ​ដក​ហូត​ដី ឬ​កម្ទេច​ផ្ទះ និង​ខ្ទម​ពួក​គេ​ដោយ​គ្មាន​ការ​ដោះស្រាយ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៦ ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ និង​ខ្ទម​ចេញ។

អតីត​មេ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ និង​ជា​ពលរដ្ឋ​ម្នាក់​បាន​ទិញ​ដី​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច លោកស្រី វ៉ែន សុខុម ថា​រូប​គាត់​បាន​សន្សំ​លុយ​កាក់​ទិញ​ដី​ចំនួន​បី​ប្លង់​ពី​អ្នក​ភូមិ​ពីរ​នាក់​ក្នុង​ឆ្នាំ​២០០៨ ដើម្បី​ទុក​ចែក​ឲ្យ​កូនៗ​ដែល​មាន​ទំហំ​ទទឹង​ប្រហែល ៦០​ម៉ែត្រ និង​បណ្ដោយ ២០០​ម៉ែត្រ។ លោកស្រី​ថា ដី​ទាំង​នេះ​មាន​ពីរ​ប្លង់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ និង​មួយ​ប្លង់​ទៀត​ទទួល​ស្គាល់​ពី​ថ្នាក់​ស្រុក៖ « ដី​សង្គមកិច្ច​ទុក​សម្រាប់​អ្នក​ពិការ ឬ​អ្នក​ពលី​ក៏​យក​ចុះ ! តែ​កុំ​ឲ្យ​យក​ដី​ប្រជាជន​នៅ​តាម​ដង​ផ្លូវ​ដែល​គ្នា​កាន់​កាប់ និង​ខ្លះ​ទិញ​គេ​ដូច​ខ្ញុំ​អី​ទិញ​ឲ្យ​កូន​ថ្លៃៗ​ដែរ ពីរ​ពាន់​ជាង​ទៅ​បី​ពាន់ ( ដុល្លារ ) ក្នុង​មួយ​ប្លង់ ព្រោះ​ខ្ញុំ​អត់​មាន​ដី​ឲ្យ​កូន​នៅ។ កន្លែង​ហ្នឹង​កាល​ខ្ញុំ​នៅ​ធ្វើ​មេ​ឃុំ ខ្ញុំ​ចង់​ឲ្យ​រៀបរយ​តាម​ហ្នឹង ហើយ​អង្គការ​អី​ឲ្យ​ដោះ​មីន​ហើយ សាងសង់​សម្រាប់​អ្នក​រៀប​អាពាហ៍ពិពាហ៍​ថ្មី ចែក​ដី​ចែក​ធ្លី​តាម​ហ្នឹង។ ដល់​ផុត​ពី​ខ្ញុំ​ទៅ ស្ងាត់​រហូត​មក »

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ បញ្ជាក់​ថា អនុក្រឹត្យ​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១០ ហើយ​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​នៅ​ឆ្នាំ​២០១១ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​បាន​ចូល​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ក្រោយ​ការ​កំណត់​នោះ។ លោក​ថា កាល​ពី​ឆ្នាំ​២០០៧ ឬ​ឆ្នាំ​២០០៨ មក​នោះ ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​រស់នៅ ឬ​អាស្រ័យ​ផល​ឡើយ ប៉ុន្តែ​មាន​ករណី​ទិញ​ដូរ​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់៖ « កាល​ណោះ​សុទ្ធ​តែ​ព្រៃ​តើ ! វា​សម្បូរ​ដោយ​ដី​ខ្សាច់ ហើយ​មាន​កូន​ភ្នំ​នៅ​កណ្ដាល មិន​មាន​ពលរដ្ឋ​ទៅ​អាស្រ័យ​ផល​ទេ។ ដី​ត្រង់​ហ្នឹង​គេ​ហៅ​ថា​ដី​មាន​ជីជាតិ​ល្អ​ណា គ្រាន់​តែ​អាច​អាស្រ័យ​ផល​បាន តែ​ពី​ដើម​ឡើយ អត់​ទាន់​មាន​ពី​ណា​ទៅ​យក​ដី​ហ្នឹង​ទេ »

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចង់​ជួប​អាជ្ញាធរ​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ ក្នុង​បំណង​បញ្ចៀស​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ព្រមាន​ថា ការ​ពិត​ពលរដ្ឋ​បាន​ធ្វើ​ខុស​ច្បាប់​រួច​ទៅ​ហើយ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ពួក​គេ​ត្រូវ​រក្សា​ស្ថានភាព​ដើម​ដោយ​ធ្លាប់​កាន់​កាប់​អាស្រ័យ​ផល ឬ​រស់នៅ​លើ​ដី​ទំហំ​ប៉ុណ្ណា ត្រូវ​រក្សា​នៅ​ត្រឹម​នោះ ដោយ​មិន​អាច​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​បន្ថែម​បាន​ទេ។ លោក​ថា ពលរដ្ឋ​មិន​អាច​រស់នៅ ឬ​កាន់​កាប់​ដី​បែប​អនាធិបតេយ្យ​ស្ទើរ​ពេញ​ដី​សម្បទាន​សង្គមកិច្ច​បែប​នេះ​បាន​ឡើយ៖ « តាម​ខ្ញុំ​ដឹង​ធ្លាប់​ធ្វើ​ការងារ​កន្លង​មក វា​ត្រូវ​ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក ត្រូវ​ចុះ​ទៅ​ពិនិត្យ ហើយ​រាយការណ៍​មក​ឧត្ដម​អភិបាល​ខេត្ត ថា​តើ​ត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាង​ម៉េច ? អា​ហ្នឹង​មាន​តែ​ប៉ុណ្ណឹង​ទេ ត្រូវ​ពិភាក្សា​គ្នា​អត់​មាន​ធ្វើ​អី​រញ៉េរញ៉ៃ​ខុស​នីតិវិធី​ទេ។ យើង​មើល​លទ្ធភាព​គាត់ តើ​គាត់​អត់​មែន ឬ​យ៉ាង​ម៉េច ? អា​ហ្នឹង​លៃលក​ទៅ​តាម​បែបបទ​នៃ​លក្ខណៈ​សម្បទាន »

អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​ចុះ​អប់រំ និង​ស្រង់​ស្ថិតិ​ពលរដ្ឋ​បាន​ជាង ៥០​គ្រួសារ ដើម្បី​រក​មធ្យោបាយ​ថា​នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​បន្ត។ ប៉ុន្តែ​លោក​ចោទ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​សម្បទាន​សង្គមកិច្ច​នោះ ថា​ជា​ជន​ខិលខូច​ឆ្លៀត​ឱកាស​កាប់​រុក​រាន​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​កាន់​កាប់ បើ​ទោះ​ជា​មាន​ដី​នៅ​កន្លែង​ផ្សេង​ហើយ​ក្ដី៖ « អ្នក​ខ្លះ​មាន​ដី លក់​ដី​អស់​ហើយ លក់​ដី​អា​កន្លែង​ខ្លួន​ឯង​អស់​ហើយ ចូល​មក​ទន្ទ្រាន​កាន់​កាប់​ដី​សម្បទាន​សង្គមកិច្ច​ទៀត។ អា​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន​ប្អូន​ដែរ​ថា សូម​ឲ្យ​គាត់​ចាកចេញ ហើយ​មាន​ដី​នៅ​កន្លែង​ណា​ឲ្យ​គាត់​ទៅ​រស់នៅ​កន្លែង​ហ្នឹង​វិញ។ ដោយឡែក​ចំពោះ​អ្នក​ដែល​គ្មាន​ដី​ពិត​ប្រាកដ រដ្ឋាភិបាល ឬ​អាជ្ញាធរ​ចេះ​គិត​ដោះស្រាយ​ហើយ ព្រោះ​ប្រជាពលរដ្ឋ​គឺ​ជា​កូន​ចៅ »

បច្ចុប្បន្ន​មាន​ផ្ទះ​ក្បឿង​មួយ​ខ្នង និង​ខ្ទម​ប្រមាណ ២០​ខ្នង​ផ្សេង​ទៀត បាន​សង់​នៅ​លើ​ដី​មាន​ជម្លោះ​នោះ ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថា បាន​សង់​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​រដ្ឋាភិបាល​ទើប​ចេញ​អនុក្រឹត្យ​កំណត់​ដី​ទំហំ ៥៦៩​ហិកតារ នៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។