លោក ហ៊ុន សែន ព្រមាន​មន្ត្រី​សង្គម​ស៊ីវិល​ដែល​រិះគន់​លោក​មិន​ទទួល​ខុស​ត្រូវ​លើ​ទំនាស់​ដីធ្លី

0:00 / 0:00

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ព្រមាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រិះគន់​រូប​លោក​ថា មិន​ទទួល​ខុស​ត្រូវ ឬ​មិន​បាន​ដឹង​ឮ​លើ​ករណី​ទំនាស់​ដីធ្លី ដែល​ពលរដ្ឋ​រងគ្រោះ​ឡើង​មក​តវ៉ា ឬ​ដាក់​ញត្តិ​ជូន​ស្ថាប័ន​កំពូលៗ និង​ខុទ្ទកាល័យ​របស់​លោក​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន សម្ដែង​ការ​ហួស​ចិត្ត​នៅ​គ្រា​ប្រមុខ​ដឹក​នាំ​បង្ហាញ​អារម្មណ៍​ខឹង​សម្បា​ចំពោះ​កង្វះ​ខាត​ក្នុង​នាម​ជា​ភាព​ដឹក​នាំ​របស់​ខ្លួន​ពេល​នេះ។

សារ​ព្រមាន​ធ្ងន់ៗ​មិន​ចំ​ឈ្មោះ​សំដៅ​ទៅ​លើ​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ម្នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ធ្វើ​ឡើង​ចំពោះ​មុខ​ក្រុម​និស្សិត​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រាប់​រយ​នាក់ ក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ក្នុង​រាជធានី​ភ្នំពេញ។

ប្រមុខ​ដឹក​នាំ​បាន​ចាត់​ទុក​ការ​រិះគន់​រូប​លោក​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី ដែល​ចោទ​ថា រូប​លោក​មិន​បាន​ដឹង​មិន​ឮ​លើ​ករណី​ទំនាស់​ដីធ្លី និង​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កើត​មាន​នៅ​កម្ពុជា ថា​ជា​ការ​ប្រមាថ​ដល់​រូប​លោក​ជា​អ្នក​ដឹក​នាំ ហើយ​ដែល​បាន​រំដោះ​ប្រទេស​ជាតិ​ពី​របប​ខ្មែរ​ក្រហម ឲ្យ​សង្គម​ស៊ីវិល​ដើរ​ធ្វើ​សកម្មភាព​នៅ​ទូទាំង​ប្រទេស។

ក្រៅ​ពី​ព្រមាន​ដល់​មន្ត្រី​សង្គម​ស៊ីវិល ឲ្យ​រៀបចំ​ឥរិយាបថ​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​សមរម្យ លោក ហ៊ុន សែន ក៏​បាន​និយាយ​ដៀមដាម​ដល់​សកម្មភាព​ការងារ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​ចាត់​ទុក​វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​សម្រាប់​បម្រើ​ដល់​ការ​វាយ​ប្រហារ​ទៅ​លើ​រូប​លោក ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល​ថែម​ទៀត៖ «ដល់​ពេល​គេ​និយាយ​ទៅ ថា​គេ​ហ្នឹង​និយាយ​អសុរោះ​ណាស់។ តែ​អ្នក​ដែល​ជេរ ហ៊ុន សែន រាល់​ថ្ងៃ គឺ​ពាក្យ​អសុរោះ​ហ្នឹង​វា​ហួស​នឹង​អសុរោះ ហើយ​សុទ្ធតែ​ក្រុម​លោក​ឯង​ហ្នឹង។ គ្រាន់​តែ​ជា​ការ​សម្ដែង​ល្ខោន​អនាមិក​តែ​ប៉ុណ្ណឹង​ទេ។ ពួក​ក្រយៅ​លោក​ឯង​នេះ​ខ្ញុំ​ស្គាល់​ពេក​ហើយ ហេ! ចុះ​លោក ហ៊ុន សែន ទៅ​ប្រកាន់​អី​ក្មេង? អា​ក្មេង​ពាល ដាក់​វា​ម្តង ពាល​នោះ​មិន​ព្រម​បាត់​ពាល។ អា​នេះ​អាង​ខ្លួន​វា​ធ្វើ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ប្រយ័ត្ន! សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផង»

ប្រមុខ​ដឹក​នាំ​សង្កត់​ធ្ងន់​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​នៅ​កម្ពុជា លោក​បាន​ខិតខំ​ដោះស្រាយ​មិន​ធ្វេសប្រហែស​ដូច​មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ទាំង​បំពាន​នោះ​ទេ។ ករណី​នេះ រហូត​រូប​លោក​បាន​ដាក់​ចេញ​ជា​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ព្រម​ទាំង​បង្កើត​ក្រុម​និស្សិត​ចុះ​វាស់​ដី​ធ្លី ដើម្បី​បែង​ចែក​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​បាន​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ជា​ប្រចាំ​ថែម​ទៀត៖ «ខ្ញុំ​និយាយ​អា​ដំណាក់​កាល​ចុង​ក្រោយ គ្មាន​នរណា​គេ​រាយការណ៍​ឲ្យ​ខ្ញុំ អា​រឿង​ហ្នឹង។ កុំ​ព្រហើន​ពេក។ អា​នេះ​អាង​មាន​វីអូអេ ហ្វ្រីអេស៊ី (FRA)! អញ​មាន​ទូរទស្សន៍​វើយ វា​ព្រហើន​ពេក»

បើ​ទោះ​ជា​មិន​បាន​លើក​ចំ​ឈ្មោះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ​ក៏​ពិត​មែន ក៏​ករណី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ទំនង​ជា​និយាយ​ដល់ លោក នី ចរិយា មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc)។ លោក នី ចរិយា ធ្លាប់​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ដោយ​បង្ហាញ​ការ​ហួស​ចិត្ត​នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ភ្ញាក់​ផ្អើល​ចំពោះ​ដំណោះស្រាយ​វិបត្តិ​ដីធ្លី​របស់​ក្រុម​ប្រជាពលរដ្ឋ នៅ​ពេល​ប្រជាជន​ឡើង​មក​តវ៉ា ជាពិសេស​នៅ​មុខ​ផ្ទះ​គាត់​ទៀត ហើយ​នៅ​មុខ​ផ្ទះ​គាត់​មាន​កាមេរ៉ា​សុវត្ថិភាព​ថែម​ទៀត ព្រម​ទាំង​ចង់​ដឹង​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​យ៉ាង​ម៉េច​នៅ​ពេល​ដឹង​ពី​បញ្ហា​ដីធ្លី​ទាំង​នោះ?

ឆ្លើយ​តប​ប្រតិកម្ម​របស់​ប្រមុខ​ដឹក​នាំ លោក ចាន់ សុវ៉េត អនុប្រធាន​ស៊ើប​អង្កេត​ដីធ្លី​សមាគម​អាដហុក មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ គួរ​គប្បី​ចេះ​ប្រើប្រាស់​ពាក្យ​សម្ដី​ឲ្យ​បាន​សមរម្យ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​នាយក​រដ្ឋមន្ត្រី​ប្រើ​ពាក្យ​មិន​ពីរោះ​ពិសារ អាច​ជា​គំរូ​អាក្រក់​ដល់​យុវជន​ត្រងត្រាប់​តាម​ទៅ​វិញ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ចាន់ សុវ៉េត ថ្លែង​សាទរ​កាល​បើ​ប្រមុខ​ដឹក​នាំ​បង្ហាញ​ពី​សកម្មភាព​ខិតខំ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កើត​មាន​នៅ​កម្ពុជា។ យោង​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយក​រដ្ឋមន្ត្រី លោក ចាន់ សុវ៉េត រំពឹង​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​រ៉ាំរ៉ៃ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន មាន​ដូច​ជា ទំនាស់​ដីធ្លី​ពលរដ្ឋ​នៅ​ឃុំ​ឡពាង ខេត្ត​កំពង់ឆ្នាំង ទំនាស់​ដីធ្លី​ពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ខេត្ត​កោះកុង និង​តំបន់​បឹងកក់ ជាដើម នឹង​អាច​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ពេល​ដ៏​ឆាប់ៗ​នេះ៖ «ហាក់​បី​ដូច​ជា​មិន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង។ ហើយ​អ្នក​នយោបាយ​ការ​ប្រើ​ពាក្យ​ការ​ប្រើ​សម្ដី ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​អា​នេះ​វា​ជា​បញ្ហា​សង្គម។ អ៊ីចឹង​គប្បី​ត្រូវ​តែ​យ៉ាង​ណា​ជា​គំរូ សម្រាប់​ឲ្យ​សង្គម​ជាតិ​គេ​អាច​យក​ជា​ការ​បាន។ ហើយ​បើ​ពាក្យ​ក្នុង​ការ​ប្រមាថ​កាត​ទាន​ទៅ​លើ​អ្នក​ដែល​ខិតខំ​ប្រឹង​ធ្វើ​ការ ទៅ​លើ​អ្នក​ដែល​បាន​បំពេញ​កាតព្វកិច្ច​ការងារ ពិសេស​ក្រុម​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ហ្នឹង ពួក​គេ​ក៏​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ដែរ។ មិន​មែន​ចេះ​តែ​ស្តី​បន្ទោស ឬ​ចេះ​តែ​ថា​ឲ្យ​នោះ​ទេ»

ស្រដៀង​គ្នា​ដែរ សម្រាប់ លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) មិន​ចង់​បរិយាយ​ជុំវិញ​ការ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់ លោក ហ៊ុន សែន ទេ ដោយ​ចាត់​ទុក​ដូច​ជា​ពាក្យ​សម្ដី​ឪពុក​និយាយ​ទៅ​កាន់​កូន​ប្រុស​ស្រី​នៅ​ក្នុង​គ្រួសារ​មួយ។ ប៉ុន្តែ អ្វី​ដែល​កូនៗ​ចង់​បាន​នោះ គឺ​ថា​ចង់​ឲ្យ​ឪពុក​ប្រើ​ពាក្យ​សម្ដី​ឲ្យ​បាន​ទន់ភ្លន់ ដើម្បី​ធ្វើ​ជា​គំរូ ឬ​ឲ្យ​កូនៗ​អនុវត្ត​តាម។ ភ្ជាប់​នឹង​បញ្ហា​នេះ លោក អំ សំអាត មាន​ជំនឿ​ថា ប្រមុខ​ដឹក​នាំ​នឹង​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ដែល​ពលរដ្ឋ​បាន​លើក​គ្នា​មក​តវ៉ា​ដល់​ជិត​ច្រមុះ កន្លែង​ធ្វើ​ការ ឬ​ផ្ទះ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ស្ថាប័ន​កំពូលៗ មិន​ឲ្យ​មាន​វិវាទ​ដីធ្លី​ទៀត​ទេ៖ «ចាប់​ពី​ពេល​នេះ​ទៅ យើង​សង្ឃឹម​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី លោក​នឹង​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ទៅ​លើ​បញ្ហា​ដីធ្លី គឺ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ ឬ​ក៏​លុប​បំបាត់​នូវ​បាតុភាព​នៃ​ការ​តវ៉ា​ដោយសារ​បញ្ហា​ដីធ្លី ពីព្រោះ​ប្រជាពលរដ្ឋ បើ​កាល​ណា​អស់​ដីធ្លី អស់​ដី​ផ្ទះ​សម្បែង​របស់​គាត់ គាត់​ត្រូវ​តែ​ក្រោក​ធ្វើ​ការ​តវ៉ា​ទាមទារ ដើម្បី​ទទួល​បាន​នូវ​ដីធ្លី​បង្កបង្កើនផល និង​លំនៅឋាន​របស់​គាត់​ឡើង​វិញ»

ទាក់ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ និង​ថ្នាក់​ដឹក​នាំ​សាលា​រាជធានី​ភ្នំពេញ ជាដើម ឲ្យ​មក​ចូលរួម​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​សីហា ដើម្បី​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។